(ភ្នំពេញ)៖ កំណើនសេដ្ឋកិច្ច និងស្ថិរភាពនយោបាយជាកត្តាចម្បង នាំមកនូវកំណើននៃការវិនិយោគ ដើម្បីផលិតទំនិញប្រើប្រាស់ក្នុងប្រទេស និងការនាំចេញ។ គ្មានប្រទេសណាមួយ ដែលរីកចម្រើនដោយគ្មានការវិនិយោគ និងទំនាក់ទំនងរវាងប្រទេសនៅខាងក្រៅនោះដែរ។

ជាក់ស្ដែងប្រទេសកម្ពុជា ទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ ដោយសារតែការវិនិយោគ និងពាណិជ្ជកម្ម ហើយផ្នែកមួយធំ បានមកពីស្ថិរភាពនយោបាយ នៅក្នុងប្រទេសកន្លងមក។

នៅក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ការនាំចេញរបស់កម្ពុជាមានកំណើនជាបន្តរបន្ទាប់ ដែលមានចំណែករហូតដល់ ៤៥%នៃទំហំសេដ្ឋកិច្ច កាលពីឆ្នាំ២០១៥ ហើយមានកំណើនដល់ជាង៧០% នៃទំហំសេដ្ឋកិច្ចជាតិនៅក្នុងឆ្នាំ២០២២ ។

ទីផ្សារសំខាន់របស់កម្ពុជាភាគច្រើន នៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក្នុងនោះអឺរ៉ុបជាទីផ្សារសំខាន់របស់កម្ពុជា ដែលមានចំណែករហូតដល់ ២៥%នៃការនាំចេញសរុបរបស់កម្ពុជា។

ប៉ុន្តែរឿងកិច្ចព្រមព្រៀងពាណិជ្ជកម្មអឺរ៉ុប និងកម្ពុជានេះ ជាប្រធានបទមួយ ដែលជជែកមិនចេះដាច់រវាងអ្នកនយោបាយនៅប្រទេសកម្ពុជា។ ជួនកាលអ្នកនយោបាយប្រឆាំង ចង់ឱ្យអឺរ៉ុបឈប់ផ្ដល់ការអនុវគ្រោះពន្ធគយ សម្រាប់ទំនិញកម្ពុជាទៀតផង។

តើអ្វីជាការពិតរវាងកិច្ចព្រមព្រៀងនេះ? តើរាជរដ្ឋាភិបាលបានធ្វើអ្វីខ្លះ ចំពោះការរក្សាកិច្ចព្រៀងនេះ?

បើយើងមើលក្រឡេកមើល នៅក្នុងគោលនយោបាយពាណិជ្ជកម្ម របស់សហភាពអឺរ៉ុប គឺចង់ជួយប្រទេសក្រីក្រចំនួន ៤៨រួមទាំងកម្ពុជាផង ឱ្យមានការអភិវឌ្ឍផ្នែកពាណិជ្ជកម្ម តាមរយៈការអភិវឌ្ឍឧស្សាហកម្មមួយ ដោយមានការធានានូវលក្ខខ័ណ្ឌការងារកម្មករ សិទ្ធិសេរីភាព និងការគោរពលិទ្ធិប្រជាធិបតេយ្យ។ ភាពប្រសើរឡើងចំណុចទាំងនេះ ទើបអឺរ៉ុបព្រមទិញទំនិញ ពីប្រទេសនោះ ដោយឈរលើគោលការណ៍អនុគ្រោះពន្ធគយ។

ចាប់តាំងពីប្រទេសកម្ពុជា ទទួលបានកិច្ចព្រមព្រៀងនេះ កាលពីឆ្នាំ ២០០១មក ការនាំចេញរបស់កម្ពុជា បានកើនឡើងជាបន្តបន្ទាប់ដោយសារតែប្រទេសកម្ពុជា ធ្វើបានប្រសើរឡើង ផ្នែកដែលសហភាពអឺរ៉ុបចង់បាន បើទោះជា អឺរ៉ុបបានផ្ដល់ឱ្យទំនិញកម្ពុជា ៨០% ចូលនៅក្នុងទីផ្សារអឺរ៉ុប ដែលបានអនុវត្តន៍ចាប់ពីឆ្នាំ២០២០មក។

ជាក់ស្ដែងការនាំចេញរបស់កម្ពុជាទៅអឺរ៉ុប នៅឆ្នាំ២០២២ មានចំនួន ៤ពាន់លានដុល្លារអាមេរិក ដែលកើនឡើងលើសឆ្នាំ២០២១ ដែលមានតម្លៃ ៣២០០លានដុល្លារអាមេរិក ហើយកម្ពុជានាំចេញច្រើនបំផុត បណ្ដាប្រទេសនៅអឺរ៉ុបមាន អាល្លឺម៉ង់ មែលហ្ស៊ិក និងហូឡង់។

ការនាំចេញនេះ បានបង្កើតការងារដល់កម្មករផ្ទាល់ ប្រមាណ ៨០ម៉ឺននាក់ និងប្រមាណ ១.២លាននាក់ទៀតទទួលបាន អត្ថប្រយោជន៍ដោយប្រយោល តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជាអឺរ៉ុប (EBA)។ អត្ថប្រយោជន៍ទាំងអស់នេះហើយ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកខ្ពស់ លើចំណុចសំខាន់ពីទីមួយ គឺការពង្រឹងភាពប្រកួតប្រជែងរបស់សហគ្រាស និងទីពីរ ការគាំទ្រដល់លក្ខខ័ណ្ឌការងាររបស់កម្មករ ដែលស្ថិតនៅក្រោមរូបភាព នៃការទទួលបាន ការអនុគ្រោះពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប។

បច្ចុប្បន្នរដ្ឋាភិបាលកម្ពុជា កំពុងអនុវត្តន៍គោលនយោបាយដំឡើងប្រាក់ខែគោល សម្រាប់កម្មករបជាបន្តបន្ទាប់ ដើម្បីធានាបាននូវ លក្ខខ័ណ្ឌរស់នៅសមរម្យ។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសថា ត្រូវតែមានការយកចិត្តទុកដាក់ខ្ពស់ ជាក់ស្ដែងកាលពីឆ្នាំ ២០២២កន្លងទៅ ប្រាក់ខែគោលរបស់កម្មករមានចំនួន ១៩៤ដុល្លារអាមេរិក ដែលកើនលើសឆ្នាំ២០២១ ដែលមានចំនួន ១៩២ដុល្លារអាមេរិកក្នុងមួយខែ។

បន្ថែមលើនេះ តាមការប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងជួបកម្មករយ៉ាងហោចណាស់ ២សែននាក់ នៅក្រោយការបោះឆ្នោត ជាក់ស្ដែង នាយករដ្ឋមន្រ្តីដែលដឹកនាំដោយ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានជួបកម្មករជិត២ម៉ឺននាក់ នៅថ្ងៃទី២៩ សីហា ឆ្នាំ២០២៣ និងជិត២ម៉ឺននាក់ទៀត នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។

ក្រសួងការងារក៏បានផ្ដល់ប្រាក់ឧត្ដមដល់កម្មករ ក្នុងនៅចំណោមរោងចក្រដែលបិទ និងផ្អាកដោយប្រការណាមួយ។ ហេតុផលទាំងអស់នេះ ដែលរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់ដល់ក្រុមកម្មករ ដែលជាវិស័យមួយ ទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ ពីគោលនយោបាយពាណិជ្ជកម្មកម្ពុជា-អឺរ៉ុបកន្លងមក។ វិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង បានចូលរួមទំហំសេដ្ឋកិច្ចប្រមាណ ៣៥% ដែលមានតម្លៃជាង ១២ពាន់លានដុល្លារកាលពីឆ្នាំ២០២២ ក្នុងនោះ អឺរ៉ុបទិញពីកម្ពុជា ប្រមាណ ៤ពាន់លានដុល្លារអាមេរិក។

ម៉្យាងវិញទៀត ការស្វែងរកទីផ្សារបន្ថែម គឺជាយន្តការរបស់រាជរដ្ឋាភិបាល ដើម្បីធានាការងារដល់កម្មករគ្រប់គ្រាន់ និងចូលរួមកាន់តែខ្លាំង ដល់កំណើនសេដ្ឋកិច្ចជាតិ ក្នុងនោះទីផ្សារដែលប្រកបដោយសក្ដានុពលនោះ មានប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង ដែលជាប្រទេសមានតម្រូវការខ្ពស់ លើផ្នែកវាយនភ័ណ្ឌ។

បច្ចុប្បន្នច្រកសំខាន់លើការនាំចេញទំនិញរបស់កម្ពុជា ទៅសហភាពអឺរ៉ុបមានពីរសំខាន់ទីមួយ៖ ប្រព័ន្ធអនុគ្រោះពន្ធគ្រប់យ៉ាងលើកលែងតែអាវុធ ៨០% (EBA) ដែលចាប់អនុវត្តន៍ឆ្នាំ២០២០ និងទីពីរ កម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ ផ្ដល់ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលកម្ពុជាបានក្លាយជាសមាជិកកាលពីឆ្នាំ២០០៤។ សហភាពអឺរ៉ុប ជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា លេខរៀងទី៤ និងជាទីផ្សាររបស់កម្ពុជា លេខរៀងទី២៕

ដោយ៖ អាន ស៊ីថាវ