(យ៉ាំងហ្គោន)៖ មន្ត្រីមួយរូបក្នុងស្ថាប័នឧស្សាហកម្មអង្ករបានឱ្យដឹងនៅថ្ងៃសុក្រថា មីយ៉ាន់ម៉ាគ្រោងរឹតបន្តឹងការនាំចេញអង្ករជាបណ្ដោះអាសន្នដើម្បីគ្រប់គ្រងការកើនឡើងតម្លៃស្បៀងក្នុងស្រុក ដោយចូលរួមជាមួយឥណ្ឌាដែលជាប្រទេសនាំចេញអង្ករធំបំផុតក្នុងពិភពលោកក្នុងគ្រាដែលមានការរឹតបន្តឹងការផ្គត់ផ្គង់ពិភពលោក។

សមាជិកជាន់ខ្ពស់នៃសហព័ន្ធស្រូវអង្ករមីយ៉ាន់ម៉ាបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «យើងនឹងដាក់កម្រិតដល់ការនាំចេញអង្ករជាបណ្ដោះអាសន្នរយៈពេលប្រហែល ៤៥ថ្ងៃចាប់ពីចុងខែនេះទៅ»។ មន្ត្រីរូបនេះបានបន្ថែមថា ការកើនឡើងតម្លៃស្បៀងក្នុងស្រុកកំពុងជំរុញឱ្យអាជ្ញាធរដាក់កម្រិតដល់ការនាំចេញ។

មីយ៉ាន់ម៉ាគឺជាប្រទេសនាំចេញអង្ករធំជាងគេទី៥ ក្នុងពិភពលោកដោយលក់បានជាង ២ លានតោនក្នុងមួយឆ្នាំ នេះបើយោងតាមទិន្នន័យរបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក។

កាលពីខែមុន ប្រទេសឥណ្ឌាបានហាមឃាត់ការនាំចេញអង្ករសមិនមែនប្រភេទអង្ករក្រអូបបាសម៉ាទី ដោយកាត់បន្ថយការផ្គត់ផ្គង់នៅលើទីផ្សារពិភពលោកប្រហែល ១០លានតោន ឬ ២០%។

ឈ្មួញលក់អង្ករមួយរូបនៅទីក្រុងបុមបៃមកពីក្រុមហ៊ុនពាណិជ្ជកម្មអង្ករលំដាប់ពិភពលោកបានប្រាប់រ៉យទ័រថា៖ «មីយ៉ាន់ម៉ាមិនមែនអ្នកនាំចេញធំមួយនៅក្នុងទីផ្សារអង្ករដូចប្រទេសឥណ្ឌា ឬប្រទេសថៃទេ ប៉ុន្តែការរឹតបន្តឹងកំពុងកើតមាននៅពេលការផ្គត់ផ្គង់កំពុងតានតឹង»

ឈ្មួយរូបនេះបានបន្ថែមថា៖ «ការណ៍នេះនឹងបញ្ជូនសញ្ញាឡើងថ្លៃទៅកាន់ទីផ្សារ និងបង្កើនការព្រួយបារម្ភចំពោះអ្នកទិញ»

តម្លៃអង្ករសកលដែលលក់ចេញដោយប្រទេសនាំចេញធំៗ រួមទាំងប្រទេសថៃ និងវៀតណាមបានឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ១៥ឆ្នាំចាប់តាំងពីឥណ្ឌាសម្រេចចិត្តទប់ស្កាត់ការផ្គត់ផ្គង់។

អង្ករប្រភេទបាក់ ៥ភាគរយរបស់វៀតណាមត្រូវបានស្រង់តម្លៃពី ៦៥០ ទៅ ៦៦០ ដុល្លារក្នុងមួយតោនធៀបនឹង ៦៦០ ដុល្លារកាលពីមួយសប្តាហ៍មុន។ តម្លៃនាំចេញអង្ករប្រភេទបាក់ ៥%របស់ថៃបានឡើងថ្លៃដល់ ៦៣០ដុល្លារក្នុងមួយតោនពី ៦១៥ដុល្លារទៅ ៦២០ដុល្លារកាលពីសប្តាហ៍មុន។

ប្រទេសនាំចូលអង្ករនានា រួមទាំងហ្វីលីពីន និងឥណ្ឌូនេស៊ី កំពុងប្រញាប់ប្រញាល់បង្កើនការទិញអង្ករ ខណៈដែលបាតុភូតអាកាសធាតុក្តៅខ្លាំងអ៊ែលនីណូត្រូវបានរំពឹងថានឹងកាត់បន្ថយផលិតកម្ម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕