(ហ្សាការតា)៖ ធនាគារកណ្តាលវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃសុក្រដើម្បីក្លាយជាផ្នែកនៃគំនិតផ្តួចផ្តើមមួយដែលបង្កើតឡើងដោយប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ចំនួន៥ ផ្សេងទៀតសំដៅបង្កើតយន្តការទូទាត់ឆ្លងព្រំដែនរវាងប្រទេសទាំងនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា វៀតណាមនឹងចូលរួមជាមួយឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ ហ្វីលីពីន និងសិង្ហបុរី ក្នុងការងារតភ្ជាប់ប្រព័ន្ធទូទាត់នីមួយៗរបស់ពួកគេ រួមទាំងការប្រើប្រាស់ប្រព័ន្ធកូដ QR (មានន័យថា quick response ឬឆ្លើយតបរហ័ស) សម្រាប់ប្រតិបត្តិការលក់រាយ។

កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានសមាជិកទាំង ១០ នៅទីក្រុងហ្សាកាតា។

លើសពីនេះ ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃបានព្រមព្រៀងគ្នាលើការងារសម្របសម្រួលនាពេលក្រោយលើប្រតិបត្តិការឆ្លងព្រំដែនសម្រាប់ទ្រព្យសម្បត្តិហិរញ្ញវត្ថុដូចជាភាគហ៊ុន និងសញ្ញាប័ណ្ណឬហៅថាមូលបត្របំណុលរបស់រដ្ឋាភិបាលជារូបិយប័ណ្ណក្នុងស្រុក។

លោក Perry Warjiyo ទេសាភិបាលធនាគារកណ្តាលឥណ្ឌូនេស៊ីត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រខណៈថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា៖ «យើងមិនត្រឹមតែជួយសម្រួលដល់ពាណិជ្ជកម្ម និងការវិនិយោគប៉ុណ្ណោះទេ ថែមទាំងភាពធន់របស់យើងចំពោះភាពមិនច្បាស់លាស់សកលលោកនៃអត្រាប្តូរប្រាក់របស់ធនាគារកណ្តាលអាមេរិកផងដែរ»

ប្រទេសឥណ្ឌូណេស៊ីបានភ្ជាប់ប្រព័ន្ធទូទាត់របស់ខ្លួនដោយប្រើលេខកូដ QR ជាមួយប្រទេសថៃ និងម៉ាឡេស៊ីរួចហើយ ហើយមានបំណងភ្ជាប់ជាមួយសិង្ហបុរីនៅចុងឆ្នាំនេះ។

អាស៊ាន ដែលជាប្លុកដែលមានប្រជាជនជាង ៦០០លាននាក់ បានប្រឈមការពន្យារពេលជាច្រើនឆ្នាំក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចដែលមានតម្លៃសរុប ២,៣ពាន់ពាន់លានដុល្លារតាមរយៈពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់ទីផ្សារ និងស្តង់ដារសុខដុមរមនា និងនីតិវិធីគយ៕