(ភ្នំពេញ)៖ ដោយសារគោលនយោបាយច្បាស់លាស់រាជរដ្ឋាភិបាល និងការងើបឡើងវិញ នៃសេដ្ឋកិច្ចជាតិ អ្នកជំនាញ ជឿជាក់លើវិស័យអចលនទ្រព្យ នឹងបន្ដភាពរីកចម្រើនដូចគ្នា ពិសេសវិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុ នៅតែមានភាពទាក់ទាញ សម្រាប់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស ។

នេះបើតាមការលើកឡើងរបស់លោក សៅ ហុក បន្ទាប់ពីលោកបានចុះហត្ថលេខាបើកសាខា KW ខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ក្រោមវត្តមានលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក និងប្រធានក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីរបស់អាមេរិកនៅកម្ពុជា KW Cambodia ។

អ្នកជំនាញអចលនទ្រព្យរូបនេះ បន្ដថា «ខ្ញុំជឿជាក់លើប្រទេសកម្ពុជា ដែលមានស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចរីកចម្រើន ក្រោមគោលនយោបាយច្បាស់លាស់របស់កម្ពុជា ។ ជារួម ខ្ញុំជឿជាក់លើវិស័យអចលនទ្រព្យយើង ពិសេសខេត្តព្រះសីហនុ ជាខេត្តមួយមានសក្ដានុពល ដែលយើងមានឱកាសអភិវឌ្ឍន៍នៅក្នុងស្ថានភាពនេះ»

ពាក់ព័ន្ធវិបត្តិសេដ្ឋកិច្ចពិភពលោក លោកថា កុំគិត រឿងប្រទេសគេផ្សេង តែកម្ពុជាផ្សេង ព្រោះកម្ពុជា មានកំណើនប្រជាជនជាបន្ដបន្ទាប់ រួមទាំងការអភិវឌ្ឍ ទាំងវិស័យសាធារណៈជាដើម សុទ្ធតែមានតម្រូវការអចលនទ្រព្យ ។ ដូច្នេះលោកបានសង្កត់ធ្ងន់ថា «ខ្ញុំជឿជាក់ វិស័យអចលនទ្រព្យខេត្តព្រះសីហនុ ទៅថ្ងៃអនាគត គឺកាន់តែរីកចម្រើន និងមានភាពទាក់ទាញសម្រាប់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស»

ដោយឡែកលោកបណ្ឌិត គីម ហ៊ាង បានគូសបញ្ជាក់ថា ខេត្តព្រះសីហនុ គឺមានលក្ខណៈសម្បត្តិល្អប្រសើរស្រាប់ ខណៈបន្ទាប់ពីមានក្រុមហ៊ុនអចលនទ្រព្យពិភពលោកពង្រីកសាខានៅទីនោះមួយទៀត នឹងជំរុញការផ្សព្វផ្សាយពីសក្ដានុពលខេត្តនេះកាន់តែខ្លាំង ដើម្បីទាក់ទាញវិនិយោគិនជុំវិញពិភពលោក តាមរយៈបណ្ដាញ Network របស់ KW ដែលមានសមាជិក ៥៥ប្រទេស ស្មើនឹងជិត ២០ម៉ឺននាក់ ។

លោកថា «ក្រោយបើក KW ព្រះសីហនុ យើងរំពឹងថា ទីក្រុងព្រះសីហនុ នឹងក្លាយទៅជាក្រុងមួយ ដែលមានការផ្សព្វផ្សាយច្រើន ពីព្រោះ KW គឺជាក្រុមហ៊ុនបច្ចេកទេសផ្នែកអចលនទ្រព្យ ។ អ៊ីចឹងពេលយើងមានសាខានៅខេត្តមានសក្ដានុពលនេះ គាត់នឹងបង្កើនការផ្សព្វផ្សាយពីវិស័យអចលនទ្រព្យហើយយើងអាចទាក់ទាញបរទេសលើពិភពលោក តាមរយៈ Network របស់ KW មកវិនិយោគនៅខេត្តព្រះសីហនុ ទាំងការសាងសង់ ទិញ-លក់ ធ្វើអាជីវកម្មផ្សេងៗ»