(ភ្នំពេញ)៖ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា ​បានឱ្យដឹងថា ​វិស័យដឹកជញ្ជូននៅកម្ពុជា នៅមិនទាន់មានភាពល្អប្រសើរឡើងវិញនោះទេ ខណៈប្រមាណ៧ខែ ឆ្នាំ២០២៣នេះ ការដឹកជញ្ជូនបានធ្លាក់ចុះប្រមាណពី ២០% ទៅ៣០% បើធៀបនឹងឆ្នាំមុន ដោយសារទំនិញនាំចេញធ្លាក់ចុះ និងការបញ្ជាទិញទំនិញពីក្រៅប្រទេសធ្លាក់ចុះ។​

លោកបន្តថា ​កត្តាដែលធ្វើឱ្យវិស័យដឹកជញ្ជូន បន្តរងផលប៉ះផលនេះ ដោយសារ​វិបត្តិសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗ ​និងការកើនឡើងនូវអតិផរណា ​​ធ្វើឱ្យការបញ្ជាទិញទំនិញ ពីទីផ្សារខាងក្រៅមានការធ្លាក់ចុះ ​ដែលនាំឱ្យមានការកាត់បន្ថយ នូវសកម្មភាពនាំចេញ និងនាំចូលទំនិញផ្សេងៗ​ ស្របពេលដែលវិស័យនេះទើបតែរងគ្រោះ ដោយសារវិបត្តិជំងឺកូវីដ១៩%។

​លោកលើកឡើងបន្តថា ការដឹកជញ្ជូនតាមផ្លូវអាកាស ហាក់រងផលប៉ះពាល់ខ្លាំងជាងគេ ដោយបានធ្លាក់ចុះជាង ៦០% ចំណែកការដឹកជញ្ជូនតាមផ្លូវទឹកវិញធ្លាក់ចុះប្រមាណ ២០%។

លោកបានគូសបញ្ជាក់ថា​ បើទោះបីជាការដឹកជញ្ជូនធ្លាក់ ហើយតម្លៃប្រេងឥន្ធនៈ​កើនឡើង​ជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែក្រុមហ៊ុនដឹកជញ្ជូនភាគច្រើន មិនបានដំឡើងថ្លៃនោះទេ ដើម្បីជួយដល់សេដ្ឋកិច្ចកម្ពុជា។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ៧ខែឆ្នាំ២០២៣នេះ ​ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ មានតម្លៃជាង ២៧ពាន់លានដុល្លារ ធ្លាក់ចុះ ១៥.៦% ក្នុងនោះកម្ពុជានាំចេញក្នុងតម្លៃជាង ១៣ពាន់លានដុល្លារ ធ្លាក់ចុះ ១.៨% និងនាំចូលមកវិញជាង ១៤ពាន់លានដុល្លារ ធ្លាក់ចុះ ២៥.៦%៕