(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជីនភីង បានអំពាវនាវឱ្យក្រុមប្រទេសកំពុងមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ខ្លាំង BRICS ពន្លឿនផែនការពង្រីកសមាជិករបស់ខ្លួននៅក្នុងកិច្ចប្រជុំកំពូលនៅប្រទេសអាហ្វ្រិកខាងត្បូង ខណៈប្រទេសចិនដឹកនាំការជំរុញឱ្យក្រុមប្រទេសនេះកាន់តែមានភាពក្លៀវក្លានៅលើឆាកអន្តរជាតិ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

លោក ស៊ី ត្រូវបានដកស្រង់សម្ដីដោយ Bloomberg ខណៈថ្លែងនៅក្នុងសុន្ទរកថាមួយនៅក្នុងកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេសនេះកាលពីថ្ងៃពុធថា៖ «ខ្ញុំរីករាយដែលបានឃើញការកើនឡើងនូវភាពសាទរពីប្រទេសកំពុងអភិវឌ្ឍន៍អំពីការចូលរួមក្នុងក្រុមប្រទេស BRICS»។ លោកបានបន្ថែមថា ប្លុកនេះគួរតែ «ពន្លឿនដំណើរការពង្រីកក្រុមប្រទេស BRICS ដើម្បីនាំប្រទេសជាច្រើនទៀតចូលទៅក្នុងគ្រួសារ BRICS»

មេដឹកនាំចិនរូបនេះបានប្រើប្រាស់កិច្ចប្រជុំប្រចាំឆ្នាំរបស់ប្រទេសកំពុងអភិវឌ្ឍន៍ខ្លាំងនេះដើម្បីអំពាវនាវឱ្យប្រទេសជាច្រើនទៀតចូលរួមជាមួយ BRICS ដែលមានប្រាំប្រទេសនាពេលបច្ចុប្បន្នរួមមានរុស្ស៊ី ឥណ្ឌា ប្រេស៊ីល និងអាហ្រ្វិកខាងត្បូងដែលជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល។

ប្រទេសចំនួន២០ បានដាក់ពាក្យជាផ្លូវការដើម្បីចូលរួមក្នុងក្រុមនេះ ដោយមានសេចក្តីរាយការណ៍ថា រួមមានទាំងប្រទេសអារ៉ាប៊ីសាអូឌីត ឥណ្ឌូនេស៊ី និងអេហ្ស៊ីប៕