(ភ្នំពេញ)៖ ​សមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប ​នឹងគ្រោងនាំចេញអំបិល ដែលជាផលិតផល ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ នៅចុងឆ្នាំ២០២៣នេះ បន្ទាប់ពីកម្ពុជាបានចុះបញ្ជី​ម៉ាកសម្គាល់ភូមិសាស្ត្រ ចំពោះផលិតផលអំបិល កំពត-កែប កាលពីខែមេសាកន្លងទៅ។

លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិល កំពត-កែប បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅចុងឆ្នាំ២០២៣នេះ​ ​សមាគមនឹងសាកល្បងនាំចេញអំបិល ​GI​ ជាលើកដំបូងទៅកាន់ទីផ្សារ​អឺរ៉ុប ក្នុងបរិមាណតិចតួចសិន ក្នុងរង្វង់ប្រមាណពី៥ ទៅ២០តោន ដែលជាប្រភេទអំបិល គ្រួស ផ្កាអំបិល និងអំបិលស្លឹក។

លោកបន្ថែមថា សមាគមបានយកគម្រូអំបិលផ្ញើទៅទីផ្សារ​ប្រទេសក្នុងតំបន់អឺរ៉ុបនេះហើយ ​ហើយគេបានទាក់ទងមកវិញផងដែរ ដោយរង់ចាំការបញ្ជាក់ជាចុងក្រោយសិន។ ជាមួយគ្នានេះ ក្រៅពីទីផ្សារអឺរ៉ុប លោកថែមទាំងបានយកប៉ាន់ ឬគម្រូទៅប្រទេសផ្សេងទៀតផងដែរ ដូចជាសហរដ្ឋអាមេរិកជាដើម។

លោកបន្ថែមថា មុនពេលដែលអំបិលកំពត-កែប ចុះបញ្ជី GI ក៏​ធ្លាប់មានក្រុមហ៊ុនមួយចំនួន បាននាំចេញទៅក្រៅប្រទេសផងដែរ និងទទួលបានគាំទ្រច្រើន។

បើតាមប្រធានសមាគមរូបនេះ បច្ចុប្បន្នអំបិលដែលផលិតត្រូវតាមស្តង់ដារ ​GI​ មានប្រមាណជាង ៥ពាន់តោន ដែលបានផលិតលើផ្ទៃប្រមាណជាង ២០០ហិកតា នៅក្នុងខេត្តកំពត និងខេត្តកែប។

អំបិលកំពតកែបត្រូវបានក្រសួងពាណិជ្ជកម្ម សម្រេចចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ​ រួមគ្នាជាមួយផលិតផលកម្ពុជា ពីរប្រភេទទៀត គឺ ទឹកត្រីកំពតកែប និងបង្កងតាកែវ នៅថ្ងៃទី ២៦ មេសា ឆ្នាំ២០២៣​ ក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោក​។

​បន្ទាប់ពីផលិតផលអំបិល កំពត-កែប បានចុះបញ្ជី​ម៉ាកសម្គាល់ភូមិសាស្ត្រកាលពីខែមេសា លោកកត់សម្គាល់ថា មានតែកសិករប្រមាណ ១០ក្រុមប៉ុណ្ណោះ ដែលមានលទ្ធភាពផលិតតាមស្តង់ដារអំបិល​ GI ​ដោយសារការផលិតអំបិល​ GI ត្រូវការបច្ចេកទេសនៃ​ការផលិតខ្ពស់ជាង​អំបិលធម្មតា ​ខណៈបច្ចុប្បន្ននេះមាន​អ្នកផលិត ៥ក្រុមហើយ ដែលដាក់បានពាក្យចូលជាសមាជិក សមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិល កំពត-កែប។

លោកលើកឡើងថា នៅឆ្នាំក្រោយអាចនឹងមានអ្នកសុំចុះបញ្ជីផលិតអំបិលស្តង់ដារ ​GI​ បន្ថែមទៀត ដោយសមាគមនឹងបន្ថែមការចុះផ្សព្វផ្សាយ ណែនាំ និងបណ្តុះបណ្តាលឱ្យពួកគាត់យល់ពីសៀវភៅបន្ទុក ​នៃការផលិតអំបិលតាមស្តង់ដារលក្ខណៈនៃ​GI​។ ​

លោកន្តថា «ទាមទារឱ្យយើងធ្វើការបណ្តុះបណ្តាលគាត់ ឱ្យគាត់ស្គាល់ពីសៀវភាពបន្ទុក ដែលបង្ហាញពីលក្ខណៈស្តង់ដារ GI ថាត្រូវធ្វើរបៀបណា? នៅស្រែបែបម៉េច? កសិករនៅពេលដែលគាត់ផលិតក្នុងឆ្នាំ ២០២២-២០២៣ នេះ កសិករភាគច្រើនមិនបានត្រៀមទេ យើងមានតែប៉ុន្មាននាក់ទេដែលគាត់យល់ដឹងពី GI និងបានត្រៀមលក្ខណៈ ដើម្បីឈានរកការទទួលស្គាល់ជាប្រភេទអំបិល GI។ នៅឆ្នាំក្រោយ បន្ទាប់ពីយើងធ្វើការផ្សព្វផ្សាយដល់គាត់ អាចនឹងមានអ្នកស្ម័គ្រចិត្តចូលច្រើនទៀត ព្រោះយើងអត់ចង់បង្ខំទេ។ ការចូលជាសមាជិកផលិតអំបិល GI មានអត្ថប្រយោជន៍ច្រើន ដោយសារអំបិលប្រភេទនេះ មានការទទួលស្គាល់ពីថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ ដែលធ្វើឱ្យអំបិលប្រភេទ GI មានតម្លៃថ្លៃជាងអំបិលធម្មតា»

លោកបានឱ្យដឹងផងដែរ សម្រាប់អំបិល GI អាចនឹងតម្លៃលើសពីអំបិលធម្មតា ពី៥០% ទៅ១០០% ពោលគឺប្រសិនបើអំបិលធម្មតាក្នុងមួយបេ (ចំណុះ៥០គីឡូក្រាម) មានតម្លៃ ២០០០០រៀល អំបិល GI នឹងលក់ក្នុងតម្លៃ ចាប់ពី ៣០០០០រៀលទៅ។

សូមជម្រាបថា បច្ចុប្បន្ននេះ អ្នកផលិតអំបិលនៅខេត្តកំពត និងកែប មានប្រមាណ ​១៣៩ក្រុម។ នៅឆ្នាំនេះ ការផលិតអំបិលបាន​ជាង៧ម៉ឺនតោន ដោយសារការផលិតជួបឧបសគ្គមួយចំនួន ​ព្រោះតែភ្លៀងបានចាប់ផ្តើមធ្លាក់តាំងពីខែមេសា ដែលធ្វើឱ្យកសិករខកខានក្នុងការប្រមូលផល។

តែយ៉ាងណាលោកបញ្ជាក់ថា បរិមាណ​អំបិលដែលផលិតបាននេះអាចនឹងល្មមក្នុងការប្រើប្រាស់ នៅក្នុងប្រទេសក្នុងឆ្នាំនេះ ​ព្រោះបច្ចុប្បន្ននេះ ក៏មានការនាំចូលអំបិលក្រៅផ្លូវការតាមច្រករបៀងផ្សេងៗពីប្រទេសជិតខាងផងដែរ។ យ៉ាងនេះក្តី លោកអំពាវពាវដល់អ្នកប្រើប្រាស់ទាំងអស់ សូមគាំទ្រផលិតផលខែ្មរ ព្រោះមានគុណភាពល្អ មិនចាញ់អំបិលដែលនាំចូលនោះទេ៕