(ភ្នំពេញ)៖ អ្នកជំនួញស្រ្តីឈ្មោះ លោកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងជាម្ចាស់អាជីវកម្មផលិតនំស្រួយលីលី បានលើកឡើងថា សហគ្រាសធុនតូច និងមធ្យម (SME) បើចង់ឱ្យអាជីវកម្មរបស់ខ្លួនរីកចម្រើនទៅមុខកាន់តែលឿន ត្រូវតែចាប់យកការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់គ្រប់គ្រងអាជីវកម្ម និងការលក់របស់ខ្លួន។

លោកស្រីមានប្រសាសន៍ថា បច្ចុប្បន្ននេះ គឺជាយុគនៃបច្ចេកវិទ្យា ដូច្នេះរាល់ការប្រកបអាជីវកម្ម ដែលមិនប្រើប្រាស់បច្ចេកវិទ្យានឹងរងផលប៉ះពាល់ច្រើន។ ជាក់ស្តែងក្នុងអំឡុងពេលបរិបទ ការរីករាលដាលជំងឺកូវីដ១៩ អាជីវកម្មមួយចំនួន ដែលមិនប្រើប្រាស់បច្ចេកវិទ្យា បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

លោកស្រីបន្ថែមថា ស្របពេលដែលបច្ចេកវិទ្យាកំពុងរីកចម្រើន គឺជាឱកាសសម្រាប់សហគ្រាសធុនតូច និងមធ្យម ចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យា ឱ្យបានកាន់តែធំទូលាយ ដើម្បីជំរុញឱ្យអាជីវកម្មរបស់ខ្លួន មានការរីកចម្រើនឱ្យបានកាន់តែលឿន។ មិនតែប៉ុណ្ណោះ ផលិតផលរបស់យើងមិនមែនតែប្រជាជនកម្ពុជាទេ ដែលបានស្គាល់ ប្រទេសដទៃក៏បានស្គាល់ផងដែរ។

លោកស្រីថ្លែងបន្តថា «អាជីវកម្មដែលបានប្រើប្រាស់បច្ចេកវិទ្យា សម្រាប់គ្រប់គ្រងការលក់ដូររបស់គាត់ យើងឃើញថាផលប៉ះពាល់ អាចទប់ទល់នូវស្ថានភាពដែលកើតឡើងបាន និងមានការរីកចម្រើនលឿនមែន។ អ៊ីចឹងយុគ្គសម័យនេះ គឺជាយុគសម័យត្រូវការបច្ចេកវិទ្យា ធ្វើអ្វីក៏ដោយបើយើងមិនមានការប្រើប្រាស់បច្ចេកវិទ្យា នឹងមិនអាចជួយយើងឱ្យមានការរីកចម្រើនបានទេ»

លោកស្រីគូសបញ្ជាក់ទៀតថា ជាក់ស្តែងប្រទេសចិន ដែលប្រើប្រាស់បច្ចេកវិទ្យា តាមរយៈការដាក់លក់ផលិតផល នៅលើ App ឬ Website ល្បីៗ គឺលក់បាននៅទូទាំងពិភពលោក មិនមែនលក់តែនៅក្នុងប្រទេសចិនទេ ហើយប្រជាជនខ្មែរក៏ចាប់អារម្មណ៍ ក្នុងការទិញទំនិញតាមអនឡាញពីចិនផងដែរ៕