(ភ្នំពេញ)៖ អ្នកជំនាញនៅក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា បានថ្លែងថា វិស័យធារ៉ាប់រងនៅឆ្នាំ២០២៣នេះ នៅតែរក្សាបាននូវកំណើនវិជ្ជមាន បើទោះបីជាប្រឈមនឹងបញ្ហាភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល ជាពិសេសនៅមុន និងក្រោយការបោះឆ្នោតនៅកម្ពុជា កំណើនបុព្វលាភធានារ៉ាប់រង បានឡើងគួរឱ្យកត់សម្គាស់។

លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា បានលើកឡើងក្នុងពិធីសម្ពោធជាផ្លូវការ នៃផលិតផលធានារ៉ាប់រង «គ្រុបមេដប្រូ» និងគ្រុបមេដប្រូផ្លើស» របស់ក្រុមហ៊ុន ហ្វតតេ ឡាយហ៍ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣នេះ បុព្វលាភធានារ៉ាប់រងដុល សម្រាប់អាជីវកម្មធានារ៉ាប់រងទាំងមូលទទួល១៧៧លានដុល្លារ។

លោកកត់សម្គាល់ថា ទំហំទីផ្សារធានារ៉ាប់រងកម្ពុជា មានការរីកធំធាត់យ៉ាងឆាប់រហ័ស និងមានសក្ដានុពលធំធេងសម្រាប់ការអភិវឌ្ឍនាពេលអនាគត ខណៈក្នុងឆ្នាំ២០២២ បុព្វលាភដុលសរុបកើនឡើងដល់ប្រមាណ ៣៣២លានដុល្លារអាមេរិក កើនឡើងជាង១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

លោក យក់ ចំរើនឬទ្ធិ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ បានឱ្យដឹងថា នៅមុន និងក្រោយការបោះឆ្នោត វិស័យធានារ៉ាប់រងហាក់មិនមានអ្វីប្រែប្រួលខ្លាំងនោះទេ គឺមានកំណើនគួរឱ្យកត់សម្គាល់ ដោយសារប្រជាពលរដ្ឋមានទំនុកចិត្ត លើការរក្សាបាននូវសុខសន្តិភាព ពោលគឺវិស័យធានារ៉ាប់រងនៅកម្ពុជា នៅតែរក្សាកំណើនជាវិជ្ជមាន ខណៈនៅប្រទេសជិតខាងកម្ពុជា គឺប្រទេសថៃ និងវៀតណាម វិស័យធានារ៉ាប់អាយុជីវីតបានធ្លាក់ប្រមាណ៥០%។

លោកបន្ថែមថា សម្រាប់ឆមាសទី១នេះ កំណើនចំនួនបុព្វលាភរបស់ហ្វតតេមានចំនួន៣៥លានដុល្លារ កើនឡើងជាង១០%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែកសំណងធានារ៉ាប់អាយុជីវីតនៅឆមាសទី១ ឆ្នាំ២០២៣នេះ ក្រុមហ៊ុននេះ បានបង់សងដល់ប្រជាពលរដ្ឋប្រមាណ៦០០នាក់ ពោលជាមធ្យមចំនួន៣នាក់ក្នុងមួយថ្ងៃ ដែលសរុបទឹកប្រាក់ប្រមាណ ១៣លានដុល្លារអាមេរិក ដែលស្នើនឹ១៨%នៃប្រាក់សំណង់សរុបនៅក្នុងវិស័យធានារ៉ាប់អាយុជីវីតសរុបនៅកម្ពុជា។

លោកបន្តថា «ធានារ៉ាប់រងអាយុជីវីតរបស់យើងសម្រាប់ក្នុងខែកក្កដា ដែលជាខែរៀបចំដំណើរការបោះឆ្នោត បានកើនឡើងលើសខែមិថុនា ហើយខែសីហានេះ បានកើនឡើងលើសខែកក្កដាទៀត។ ទី១ ដោយសារយើងផ្តោតលើប្រជាពលរដ្ឋ នៅតំបន់ដាច់ស្រយ៉ាល ដោយសារវិស័យកសិកម្មល្អគាត់ មានលទ្ធផលភាពបង់ធានារ៉ាប់ ហើយថ្មីៗនេះយើងបញ្ចេញផលិតផលច្រើនបន្តទៀត ព្រោះផលិតផលថ្មីនឹងជួយដល់កំណើនវិស័យធានារ៉ាប់រង»

លោកលើកឡើងថា វិបត្តិសេដ្ឋកិច្ចសកល និងបញ្ហាអតិផរណា ជាបញ្ហាប្រឈមធំសម្រាប់វិស័យធានារ៉ាប់រងនៅកម្ពុជា តែយ៉ាងណាលោកនៅតែមានសុទិដ្ឋិនិយម ចំពោះវិស័យធានារ៉ាប់រងនៅកម្ពុជា ក្នុងការបន្តរីកចម្រើនថែម តាមរយៈការដាក់ចេញនៅផលិតផលថ្មីៗ។ ជាក់ស្តែងនៅថ្ងៃនេះ លោកទើបតែសម្ពោធផលិតផលថ្មីមួយទៀតគឺផលិតផលធានារ៉ាប់រង «គ្រុបមេដប្រូ» និងគ្រុបមេដប្រូផ្លើស» ដែលលោកជឿជាក់ថា ផលិតផលថ្មីនេះនឹងជំរុញកំណើនវិស័យធានារ៉ាប់រងកាន់តែល្អប្រសើរថែមទៀត។

លោក ជៀប សុភក្រ្ត នាយកប្រតិបត្តិចែកចាយ នៃធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ បានលើកឡើងថា ពលរដ្ឋកម្ពុជាគួរតែមានធានារ៉ាប់ សម្រាប់ការពារហានិភ័យហិរញ្ញវត្ថុរបស់ខ្លួន បើទោះបីជាមាន ប.ស.ស ហើយក៏ដោយ ដើម្បីធ្វើឱ្យការគ្រប់គ្រងការចំណាយ លើការព្យាបាលការមានគ្រប់គ្រាន់ ហើយពេញលក្ខណៈ។ លោកថា ជាទូទៅសម្រាប់ការចំណាយទៅលើធានារ៉ាប់រង គួរតែមានចន្លោះចាប់ពី៥% ទៅ២០%នៃចំណូលប្រចាំខែរបស់ខ្លួន។

លោកបន្តថា «កម្មវិធីធានារ៉ាប់រងសុខភាពរបស់ ប.ស.ស គឺជាកម្មវិធីនយោបាយមួយ ដែលគ្រប់ស្ថាប័នទាំងអស់ត្រូវតែមាន។ អ៊ីចឹងសម្រាប់ស្ថាប័ននានាដែលមានថវិកា ហើយចង់គិតគូរទៅលើការធានាដល់បុគ្គលិកកាន់តែខ្ពស់ជាងមុន ធំជាងមុន ទៅលើពីកម្មវិធីដែលប.ស.ស ផ្តល់ឱ្យ គាត់គួរតែទិញថែម។ បើយើងមានទាំងពីរ គឺល្អ ដែលបានន័យថា ការធានា ការផ្តល់អត្ថប្រយោជន៍គឺពេញលេញ។ អ៊ីចឹងយើងដើរតួនាទីរួមគ្នា ក្នុងការផ្តល់អត្ថប្រយោជន៍ឱ្យទៅបុគ្គលិក និងនិយោជិត ដើម្បីឱ្យទំហំសំណងល្អ និងធំជាងមុន»

បើតាមអគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា បច្ចុប្បន្ននេះក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជា សរុបមានចំនួន ៤០ក្រុមហ៊ុនក្នុងនោះក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិតមានចំនួន ១៤ក្រុមហ៊ុន៕