​(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ​នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ ​បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទូទាត់តាម QR Code ឆ្លងដែន នៅក្នុងប្រទេសឡាវ ដំណាក់កាលទី១ ​«កម្ពុជាស្កេនឡាវ QR Code» ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល សម្រាប់ការទូទាត់នៅក្នុងតំបន់អាស៊ាន និងបរិយាប័ន្នហិរញ្ញវត្ថុ ស្របតាមសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាន នាយក ប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា បន្ទាប់ពីភាពជោគជ័យតាមរយៈប្រព័ន្ធបាគងដែលធនាគារ អេស៊ីលីដា ជាសមាជិក និងត្រូវបានចាត់តាំងដោយធនាគារជាតិនៃកម្ពុជា (NBC) ជាធនាគារទំនាក់ទំនង ធនាគារ អេស៊ីលីដា នៅតែបន្តបេសកកម្មបន្ថែមទៀតជាមួយនឹងការពង្រីកការទូទាត់តាមរយៈ ការស្កេន QR ឆ្លងដែន នៅសាធារណៈរដ្ឋប្រជាធិបតេយ្យឡាវ បន្ទាប់ពីបានដំណើរការទូទាត់ QR ឆ្លងដែនដោយជោគជ័យ នៅក្នុងប្រទេសថៃ និងវៀតណាម។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ អេស៊ីលីដា ឡាវ លីមីតធីត ត្រូវបានជ្រើសរើសជាធនាគារទូទាត់ សម្រាប់ការទូទាត់ឆ្លងដែនរវាងកម្ពុជា និងឡាវ សម្រាប់ប្រតិបត្តិការទទួលយកការទូទាត់ជារូបិយប័ណ្ណក្នុងស្រុក (ប្រាក់រៀល និងឡាវគីប)។

លោកបណ្ឌិត បានបន្ថែមថា ការទូទាត់ឆ្លងដែននេះ មានគោលបំណងលើកកម្ពស់ការទូទាត់រវាងប្រទេសទាំងពីរ និងក្នុងតំបន់ ដើម្បីគាំទ្រដល់បរិយាប័ន្នហិរញ្ញវត្ថុ និងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។ ការទូទាត់ឆ្លងដែនតាមរយៈ QR Code អនុញ្ញាតឱ្យអតិថិជន និងសាធារណជន អាចទិញទំនិញ និងធ្វើការទូទាត់ថ្លៃទំនិញនៅពេលធ្វើដំណើរទៅកាន់ប្រទេសជិតខាងដោយគ្រាន់តែស្កេន QR Code បានកាន់តែមានភាពងាយស្រួល និងមានសុវត្ថិភាព។ ប្រព័ន្ធទូទាត់ឌីជីថលនេះនឹងធ្វើឱ្យការទូទាត់កាន់តែប្រសើរឡើង សម្រាប់ភ្ញៀវទេសចរ និងក្រុមហ៊ុន ក៏ដូចជាពង្រឹងរូបិយប័ណ្ណក្នុងស្រុកនៃប្រទេសទាំងពីរ ព្រមទាំងសម្រួលដល់ប្រតិបត្តិការទូទាត់ និងកាត់បន្ថយចំណាយប្រតិបត្តិការ។

ជាងនេះទៅទៀត សម្រាប់ជំហានបន្ទាប់ អតិថិជននៃសមាជិកបាគងទាំងអស់នឹងអាចធ្វើការទូទាត់ជាប្រាក់រៀល ពីគណនីធនាគារ តាមទូរស័ព្ទរបស់ពួកគាត់នៅក្នុងប្រទេសឡាវ ហើយប្រជាជនឡាវក៏អាចធ្វើប្រតិបត្តិការស្កេន KHQR នៅកម្ពុជា បានយ៉ាងងាយស្រួល នាពេលខាងមុខនេះផងដែរ។

​គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៣ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៩,៣៣ប៊ីលានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៦,៤០ប៊ីលានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៦,៧៨ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៣,៨៦លាននាក់។ ធនាគារ អេស៊ីលីដា មានចំនួនអ្នកប្រើប្រាស់ អេស៊ីលីដាម៉ូបាល ច្រើនជាង ២,៩៦លាននាក់ និងមានដៃគូអាជីវកម្ម ច្រើនជាង ០,២៧ លានដៃគូ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៣​៕