(ភ្នំពេញ)៖ អង្គការមិនមែនរដ្ឋាភិបាល នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ បានប្រកាសគាំទ្រសេចក្ដីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះបារីនាំចូល ដោយតម្រូវឱ្យម្ចាស់សហគ្រាសដែលប្រកបអាជីវកម្មនាំចូលបារី ឬចែកចាយបន្តបារីនាំចូលទាំងអស់ អនុវត្តលើតម្លៃបន្ថែម និងបានស្នើសុំឱ្យមានការយកពន្ធបន្ថែម ៥០០រៀល ក្នុងបារីមួយកញ្ចប់បន្ថែមទៀតដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ដោយសារការជក់បារីនៅកម្ពុជា។

យោងតាមការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក បានបង្ហាញថា ប្រសិនបើកម្ពុជា យកពន្ធបន្ថែម ៥០០រៀល ក្នុងបារីមួយកញ្ចប់ នោះនឹងនាំឱ្យតម្លៃបារីកើនឡើង១៥% , កាត់បន្ថយអ្នកជក់បារី ៣០ ០០០នាក់ នៅឆ្នាំបន្ទាប់, បង្ការអ្នកស្លាប់ ១០ ០០០នាក់ ក្នុង រយៈពេល ១០ទៅ ១៥ឆ្នាំបន្ទាប់, កើនប្រាក់ចំណូលពន្ធរដ្ឋ ជាង ៥៣លានដុល្លារសហរដ្ឋក្នុង១ឆ្នាំ។

តាមរបាយការណ៍ស្រាវជ្រាវ Seatca Tobacco Tax Index 2021 បានបង្ហាញថា កម្ពុជាមានអត្រាពន្ធលើផលិតផលថ្នាំជក់នៅកំរិតទាបនៅឡើយ ដោយយកពន្ធត្រឹម ២៥% សម្រាប់បារីក្នុងស្រុក និង ៣១,១០សម្រាប់បារីនាំចូល ធៀបនឹងតម្លៃលក់រាយ ខណៈប្រទេសថៃយកពន្ធរហូតដល់ ៧៨,៦% និងប្រទេសហ្វីលិពីនយកពន្ធ ៧១,៣២%។ សូមបញ្ជាក់ថាការដំឡើងពន្ធថ្នាំជក់ នឹងជួយឱ្យរដ្ឋទទួលបានប្រាក់ចំណូលពន្ធបន្ថែម ហើយការដំឡើងពន្ធនេះនឹងជួយឱ្យអត្រាអ្នកជក់បារីថយចុះ និងបង្ការអ្នកស្លាប់ដោយសារការប្រើប្រាស់ថ្នាំជក់។

នៅកម្ពុជាប្រជាពលរដ្ឋ ១៥ ០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំបណ្តាលមកពីការជំងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់ ហើយ ៣៣%នៃអ្នកស្លាប់ទាំងអស់ កើតឡើងចំពោះប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបបំផុត។

សូមបញ្ជាក់ដែរថា ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ បានចេញសេចក្ដីណែនាំស្ដីពី ការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះបារីនាំចូល ជាមួយគ្នានោះ ក្នុងគោលដៅពង្រឹងការអនុវត្តអាករលើតម្លៃបន្ថែម ឲ្យមានតម្លាភាព និងសង្គតិភាព ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ណែនាំដល់គ្រប់ម្ចាស់សហគ្រាស ដែលប្រកបអាជីវកម្មនាំចូលបារី ឬចែកចាយបន្តបារីនាំចូលទាំងអស់ អំពីនីតិវិធីនៃការអនុវត្តអាករលើតម្លៃបន្ថែម (អតប) ដូចខាងក្រោម៖

១៖ ចំពោះបារីដែលនាំចូលសម្រាប់គោលដៅលក់ក្នុងស្រុក សហគ្រាសត្រូវអនុវត្តអាករលើតម្លៃបន្ថែម ដូចទំនិញនាំចូលជាប់អាករដទៃទៀតដែរ ដោយត្រូវប្រមូលអាករលើតម្លៃបន្ថែម តាមអត្រា ១០ (ដប់) ​ភាគរយ រាល់ការផ្គត់ផ្គង់បារី នៅក្នុងប្រទេសកម្ពុជា។ អាករលើតម្លៃបន្ថែម ដែលបានបង់នៅពេលនាំចូល ឬទិញក្នុងស្រុក ត្រូវបានអនុញ្ញាតជាឥណទានអាករលើធាតុចូលសម្រាប់កាត់កងជាមួយ អាករលើធាតុចេញ។

២៖ ចំពោះបារីដែលនាំចូលសម្រាប់គោលដៅនាំចេញ សហគ្រាសត្រូវបានបន្តអនុញ្ញាតឲ្យបង់ អាករលើតម្លៃបន្ថែម តែម្ដងគត់នៅពេលនាំចូលជាការស្រេច ដូចដែលបានអនុវត្តនាពេលកន្លងមក។

៣៖ សហគ្រាសត្រូវដាក់លិខិតប្រកាស និងបង់ប្រាក់អាករស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ សេចក្តីណែនាំនេះមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣តទៅ៕