(​ភ្នំពេញ)៖ មន្រ្តី និងអ្នកកែច្នៃផលិតផលកសិកម្ម ជំរុញនិងលើកទឹកចិត្ត ដល់សិប្បករ និងអាជីករទាំងអស់ ដែលបាននឹងកំពុងផលិតផលិតផលម្ហូបអាហារ គួរងាកមករកការផលិតម្ហូបអាហារ គោរពតាមស្តង់ដារសុវត្ថិភាព ​ដើម្បីធ្វើ​ឱ្យអាជីវកម្មរបស់ខ្លួន​កាន់តែរីកចម្រើន ​មានទីផ្សារកាន់តែធំជាងមុន និងមាននិរន្តភាព តាមរយៈការទទួលបានទំនុកចិត្តពីអ្នកប្រើប្រាស់។

លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ​កត់សម្គាល់ឃើញថា បច្ចុប្បន្ននេះនិន្នាការនៃការឈានទៅរកការផលិតម្ហូបអាហារ គោរពតាមស្តង់ដារសុវត្ថិភាព មានទំនោរកើនឡើងដ៏ល្អគួរឱ្យកត់សម្គាល់ ពោលគឺសិប្បករ ពាណិជ្ជករ និងអ្នកផលិតមានការយល់ដឹងច្រើន ដែលនាំឱ្យពួកគេអាចបំពេញបាននូវលក្ខខណ្ឌស្តង់ដារ អនាម័យ។

លោកបន្តថា «ប្រសិនបើគាត់ផលិតបានតាមស្តង់ដារជាតិ និងអន្តរជាតិ ខ្ញុំជឿថាពួកគាត់នឹងកសាងបាននូវទំនុកចិត្តពីអ្នកប្រើប្រាស់ ព្រមទាំងរក្សាបាននូវកេរ្តិ៍ឈ្មោះល្អ មានន័យថា ជាផលិតករ ពាណិជ្ជករ សិប្បករដែលផលិតមក ជាប្រភេទម្ហូបអាហារដែលមានសុវត្ថិភាព​ ​នឹងរក្សាបាននូវកេរ្តិ៍របស់គាត់។ នៅក្នុងការធ្វើអាជីវកម្ម បើយើងផលិតបានល្អ អ្នកទុកចិត្ត នឹងកាន់តែទុកចិត្ត បងប្អូនដែលជាអ្នកប្រើប្រាស់ នឹងកាន់តែទិញ ហើយគាត់នឹងមិនប្រឈម ចំពោះការអនុវត្តច្បាប់ណាមួយ ដែលនាំឱ្យគាត់រងការខូចខាតផលប្រយោជន៍ច្រើនឡើយ»

ជាមួយគ្នានេះ លោកលើកឡើងថា សម្រាប់ប្រជាពលរដ្ឋដែលចង់ស្វែងរកប្រភេទចំណីអាហារ ដែលមានស្តង់ដារសុវត្ថិភាព គឺអាចរកទិញបាននូវប្រភេទម្ហូបអាហារ ដែលមានការបិទស្លាកសញ្ញាត្រឹមត្រូវ។ ​ប៉ុន្តែប្រសិនបើម្ហូបអាហារណា ដែលមិនមានស្លាកសញ្ញា មិនមានការវេចខ្ចប់បានត្រឹមត្រូវអនុលោមតាមស្តង់ដារនោះទេ ​អាចជាម្ហូបដែលផ្តល់គ្រោះថ្នាក់ដល់​សុខភាព ព្រោះម្ហូបអាហារដែលគ្មានស្លាកសញ្ញាត្រឹមត្រូវ អ្នកផលិតខ្លះអាចនឹងប្រើប្រាស់សារធាតុហាមឃាត់ ឬការផលិតនោះប្រើសារធាតុគីមីលើសកម្រិតកំណត់។

លោក យឹម សំណាង ម្ចាស់សិប្បកម្មសំណាង សុធា នៅខេត្តសៀមរាប ដែលបានចាប់អាជីពជាអ្នកកែច្នៃផលិតផលជលផលដូចជា ត្រីងៀត ប្រហុក ម៉ាំ ផ្អក អស់រយៈពេល២០ឆ្នាំ បានឱ្យដឹងថា លោកបានចាប់ផ្តើមកែច្នៃផលិតផលជលផលនេះ តាំងពីឆ្នាំ២០០៣ ដោយផ្តើមដំបូងផលិតបែបលក្ខណៈគ្រួសារខ្នាតតូច ដោយមិនមានការវេចខ្ចប់បានត្រឹមត្រូវ​ និងនៅមានភាពខ្វះខាតច្រើនទាក់ទងនឹងការផលិតបែបស្តង់ដារសុវត្ថិភាព​។ ​ចាប់ពីឆ្នាំ២០០៩ ដោយមានការជួយគាំទ្រពីអង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នរដ្ឋពាក់ព័ន្ធ លោកបានចាប់អភិវឌ្ឍន៍អាជីវកម្មពីបែបលក្ខណៈប្រពៃណី មកផលិតគោរពតាមស្តង់ដារអនាម័យ និងមានការវេចខ្ចប់ឱ្យត្រឹមត្រូវវិញ។

លោកបានឱ្យបន្តថា បន្ទាប់ពីលោកបានអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន ជាបន្តបន្ទាប់ អាជីវកម្មរបស់លោកកាន់តែរីកចម្រើនជាងមុន ពោលគឺការផលិត និងទីផ្សារមានទំហំធំជាងមុន ដែលកើនឡើងប្រមាណ៥០%។ ​កាលពីមុន ក្នុងមួយថ្ងៃលោកផលិតត្រឹមតែ១០គីឡូ ប៉ុន្តែបច្ចុប្បន្ននេះ ការផលិតរបស់លោកបានកើនឡើងដល់ ៣០០គីឡូក្នុងមួយថ្ងៃ។ ដោយឡែកទីផ្សាវិញ កាលពីមុនមានត្រឹមតែខេត្តសៀមរាបប៉ុណ្ណោះ តែឥលូវនេះ លោកបានពង្រីកការចែកចាយមកដល់រាជធានីភ្នំពេញនៅផ្សារបោះដុំ ផ្សារទំនើប និងតាមផ្សារនៅខេត្តមួយចំនួនទៀត រួមទាំងតាមអនឡាញផងដែរ។

លោកបន្ថែមថា បច្ចុប្បន្នលោកទទួលបានការបញ្ជាក់ស្តង់ដារប្រភេទ CUS ហើយ និងឈានទៅបំពេញលក្ខខណ្ឌ ដើម្បីទទួលបានស្តង់ដារ HACCP ដើម្បីឈានទៅនាំចេញទៅផ្សារក្រៅប្រទេសផងដែរ។

លោកបន្តថា «ខ្ញុំចង់ឱ្យអ្នកផលិត កែច្នៃ គិតពីសុវត្ថិភាពចំណីអាហារឱ្យខ្លាំង និងពង្រឹងទីតាំងកែច្នៃឱ្យកាន់តែប្រសើរជាងមុន។ យើងដឹងថា យើងធ្លាប់កែច្នៃពីបុរាណ​យើងអត់អាចចោលបានទេ ប៉ុន្តែយើងអាចវិវត្តឱ្យល្អប្រសើរជាងមុន ដើម្បីឱ្យគេទទួលស្គាល់ ព្រោះបច្ចុប្បន្ននេះ គេត្រូវការសុវត្ថិភាពចំណីអាហារខ្លាំង។ អីចឹងមិនថាសិប្បកម្ម ឬសហគ្រាសទេ ត្រូវគិតចំណុចនេះ។ ហើយក៏សុំផ្តាំផ្ញើទៅអតិថិជនផងដែរ ត្រូវគិតគូរពីសុវត្ថិភាពរបស់ខ្លួន ​ខ្ញុំជឿជាក់ថាតម្លៃវាអាចខ្ពស់ជាងទីផ្សារ ប៉ុន្តែយើងត្រូវគិតពីសុវត្ថិភាព​»

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានថ្លែងថា ស្របពេលដែលកម្ពុជា មានសន្តិសុខស្បៀងគ្រប់គ្រាន់ គឺជាពេលដែលកម្ពុជា ត្រូវគិតគូរពីសុវត្ថិភាព​ម្ហូបអាហារ ដើម្បីសុខុមាលភាពអ្នកប្រើប្រាស់។

លោកលើកឡើងថា បច្ចុប្បន្ននេះ​ផលិតករកម្ពុជា ក្នុងវិស័យកសិកម្ម និងវិស័យផ្សេងទៀត បានចាប់ផ្តើមពង្រឹងផលិតកម្មមករកភាពល្អប្រសើរបណ្តើរៗហើយ និងមានការយល់ដឹងពីអនាម័យ ​មានការវេចខ្ចប់ត្រឹមត្រូវ ព្រមទាំងទទួលបានការបញ្ជាក់ពីក្រសួងពាក់ព័ន្ធអំពីស្តង់ដារនៃការផលិតទៀតផង។

លោកបន្តជំរុញដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវខិតខំជំរុញគោលនយោបាយរបស់ខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការជួយអូសទាញពីការផលិតដែលមិនទាន់ត្រឹមត្រូវ មករកការផលិតត្រឹមត្រូវ ដើម្បីសុខភាពអ្នកប្រើប្រាស់ក្នុងស្រុក និងសម្រាប់នាំចេញ។

បើតាមរដ្ឋមន្រ្តីក្រសួងកសិកម្ម មនុស្សប្រមាណ ៦០០លាននាក់ ​ឬស្ទើតែ១ភាគ១០នៃចំនួនមនុស្សនៅលើពិភពលោកបានធ្លាក់ខ្លួនឈឺ ដែលបណ្តាលមកពី​បញ្ហាម្ហូបអាហារ ដោយសារមានជាតិពុល និងជីវជាតិមិនល្អ ​និងត្រូវបាត់បង់ថវិកាប្រមាណ ១១០ពាន់លានដុល្លារ​សម្រាប់ចំណាយទៅលើការព្យាបាល៕