(ភ្នំពេញ)៖ លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា ជំរុញឱ្យក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីនៅវៀតណាម ទិញស្វាយចន្ទីដោយផ្ទាល់ពីកសិករ ឬសហគមន៍ ដោយមិនចាំបាច់ឆ្លងកាត់ឈ្មួញកណ្តាល​ ដើម្បីឱ្យកសិករទទួលបានតម្លៃបន្ថែម។

លោក អាន តារា ជំរុញបែបនេះដោយសារតែបច្ចុប្បន្ននេះ ​​ប្រហែល ៨៥% ទៅ ៩០% ការលក់ស្វាយចន្ទីទៅឱ្យអ្នកកែច្នៃនៅប្រទេសវៀតណាម ធ្វើឡើងតាមរយៈឈ្មួញកណ្តាល​ ខណៈដែលវៀតណាម គឺប្រទេសដែលទិញគ្រាប់ស្វាយចន្ទីឆៅពីកម្ពុជាច្រើនជាងរហូតជាង ៩៥% ហើយប្រទេសទាំងពីរ ក៏ជាប្រទេសជាប់របងគ្នា ដែលភាពងាយស្រួលដល់ការដឹកជញ្ជូន។ ​

​ការជំរុញរបស់លោក អាន តារា ធ្វើឡើងក្នុងឱកាសដែលលោកបានជួបប្រជុំជាមួយប្រធានសមាគមស្វាយចន្ទីវៀតណាម កាលពីថ្ងៃចុងសប្តាហ៍នេះ នៅទីស្នាក់សមាគមស្វាយចន្ទីកម្ពុជា ស្ថិតនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

លោកបានលើកឡើងថា សហព័ន្ធស្វាយចន្ទីចង់ឱ្យក្រុមហ៊ុនធំៗ ដែលមានស្តង់ដារនៅប្រទេសវៀតណាម ​ទទួលគ្រាប់ស្វាយចន្ទីឆៅពីកម្ពុជា ដោយសារបច្ចុប្បន្ននេះ ការកែច្នៃផលិតផលស្វាយចន្ទីនៅកម្ពុជា នៅកម្រិតទាបនៅឡើយ ពោលគឺប្រមាណតែ ៥%ប៉ុណ្ណោះ ខណៈដែលកម្ពុជាស្ថិតក្នុងប្រទេស ដែលផលិតបានច្រើនជាងគេនៅលើពិភពលោក។ ហេតុនេះហើយកម្ពុជា ត្រូវការវៀតណាម ដើម្បីទិញគ្រាប់ស្វាយចន្ទីឆៅ​យកទៅកែច្នៃ។

លោកបន្ថែម ការទទួលទិញពីកសិករដោយផ្ទាល់ អាចធ្វើឡើងតាមរយៈការសហការជាមួយសហព័ន្ធស្វាយចន្ទីកម្ពុជា ហើយសហព័ន្ធស្វាយចន្ទីកម្ពុជា នឹងខិតខំជួយដល់កសិករ​ ដើម្បីឱ្យការប្រមូលផល និងហាលគ្រាប់ស្វាយចន្ទី ឱ្យបានត្រឹមតាមស្តង់ដារ ​។

លោកបន្តថា «សហព័ន្ធឃើញថា ការដែលកសិករមិនទាន់ចេះពីវិធីក្នុងការប្រមូលផលឱ្យបានត្រឹមត្រូវ ​បានធ្វើឱ្យគាត់បាត់បង់ផលប្រយោជន៍ច្រើន។ ​ធ្វើយ៉ាងណាឱ្យកសិករចេះទុកដាក់ឱ្យបានត្រឹមត្រូវ ទោះបីជាចន្ទីសើម ហើយបើគាត់ចង់លក់ចន្ទីស្ងួតគាត់ ត្រូវតែហាលឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត​ និងជ្រើសរើសគ្រាប់ស្អុយបែបម៉េចឱ្យមានស្តង់ដារ ដើម្បីលក់ចេញទៅទទួលបានតម្លៃបន្ថែម។នេះគឺជាអ្វីដែលសហព័ន្ធ​ខំប្រឹងធ្វើការយ៉ាងណា ដើម្បីសហគមន៍នីមួយៗ ទទួលបានតម្លៃបន្ថែមពីទិន្នផលស្វាយចន្ទីរបស់គាត់ ជាពិសេសអ្នកដែលយកចិត្តទុកដាក់ទៅលើគុណភាពស្វាយចន្ទី»

បើតាមលោក អាន តារា ក្នុងកិច្ចប្រជុំរវាងសហព័ន្ធស្វាយចន្ទីកម្ពុជា និងសមាគមស្វាយចន្ទីវៀតណាម ក៏បានធ្វើឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធស្វាយចន្ទីជាមួយសមាគមស្វាយចន្ទីវៀតណាមផងដែរ ដោយសារតែកម្ពុជា គឺជាប្រទេសមួយដែលផលិតស្វាយចន្ទីច្រើនជាងគេ និងមានគុណភាពល្អជាងគេនៅលើពិភពលោក ខណៈដែលវៀតណាម គឺជាប្រទេសដែលនាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជាស្ទើរ៩៥% និងបានកែច្នៃ នាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិច្រើនជាងគេនៅលើពិភពលោក។ ដូច្នេះហើយទើបកម្ពុជា ចង់សហការជាមួយវៀតណាម ឱ្យបានស្និតរមួតដើម្បីជំរុញឱ្យវិស័យស្វាយចន្ទី របស់ប្រទេសទាំងពីរកាន់តែរីកចម្រើន។

​ជាមួយគ្នានេះ ភាគីទាំងចង់ស្វែងរកការគាំទ្រគ្នាទៅវិញទៅមក ​​ក្នុងគោលបំណងឱ្យវៀតណាម ចែករំលែកបទពិសោធន៍​ និងជួយជំរុញការកែច្នៃនៅ​កម្ពុជា​ឱ្យបានច្រើន ដោយសារប្រទេសវៀតណាម មានបទពិសោធលើការកែច្នៃផលិតផលស្វាយចន្ទីជិត ២០ឆ្នាំមកហើយ។

ស្របពេលកម្ពុជាត្រៀមរៀបចំសន្និសីទស្វាយចន្ទីពិភពលោក លោកបានអញ្ជើញសមាគមស្វាយចន្ទីវៀតណាមមកចូលរួម និងចែករំលែកបទពិសោធនៃការរៀបចំវេទិកានេះ​។ បន្ថែមពីនេះ ក៏ចង់ឱ្យក្រុមហ៊ុនកែច្នៃរបស់វៀតណាម មកតាំងបង្ហាញពីរបៀបនៃការកែច្នៃផលិតផលស្វាយចន្ទីរបស់វៀតណាម នៅក្នុងវេទិកានេះផងដែរ ​ដើម្បីជំរុញការកែច្នៃ​ឱ្យអស់លទ្ធភាព ទាំងសាច់ និងសំបកស្វាយចន្ទីនៅកម្ពុជា។

លោកលើកឡើងទៀតថា «អ្វីដែលសហព័ន្ធស្វាយចន្ទីប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីជួយការកែច្នៃវិស័យស្វាយចន្ទីរបស់ខ្មែរ ឱ្យស្របទៅតាមគោលនយោបាយជាតិ ស្តីពីស្វាយចន្ទីដែលគម្រោងនៅឆ្នាំ២០២៧កែច្នៃបាន២៥% និងនៅឆ្នាំ២០៣២ កែច្នៃបាន៥០%»