(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានកំពុងជួយជ្រោងកំណើនសេដ្ឋកិច្ច តាមរយៈការបន្តរក្សាស្ថិរភាពថ្លៃ និងស្ថិរភាពហិរញ្ញវត្ថុ អភិវឌ្ឍប្រព័ន្ធធនាគារ និងប្រព័ន្ធទូទាត់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យនានា ឱ្យប្រព្រឹត្តទៅដោយរលូន ក្នុងបរិការណ៍សេដ្ឋកិច្ចកម្ពុជា កំពុងទទួលរងឥទ្ធិពលពីការថមថយ នៃសកម្មភាពសេដ្ឋកិច្ចពិភពលោក។

នេះបើតាមការឲ្យដឹងពីលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅក្នុងឱកាសបើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា រៀបចំឡើងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។

លោក ជា ចាន់តូ​ បានថ្លែងបញ្ជាក់ថា «ជុំវិញរូបិយវត្ថុការរក្សាស្ថិរភាពថ្លៃនយោបាយរូបិយវត្ថុ និងអត្រាប្តូរប្រាក់ធនាគារជាតិនៃកម្ពុជា ត្រូវបានអនុវត្តប្រកបដោយភាពបត់បែន និងប្រុងប្រយ័ត្នខ្ពស់ ជាក់ស្តែងសន្ទនីយភាព ត្រូវបានបញេ្ចញទៅក្នុងទីផ្សារ និងស្រូបយកមកវិញ តាមរយៈឧបករណ៍នយោបាយរូបិយវត្ថុនានា ផ្អែកលើការប្រែប្រួលនៃតម្រូវការជាក់ស្តែង ក្នុងគោលដៅធានាឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានសន្ទនីយភាពគ្រប់គ្រាន់ សម្រាប់ផ្តល់ឥណទាន ក្នុងអត្រាការប្រាក់មួយសមរម្យ និងបញ្ចៀសសម្ពាធទៅលើអត្រាប្តូរប្រាក់ផងដែរ»។

ទន្ទឹមនឹងនេះក្នុងស្ថានភាព ដែលតម្លៃប្រាក់ដុល្លារអាមេរិកលើទីផ្សារអន្តរជាតិ មាននិន្នាការកើនឡើង ប្រាក់រៀលត្រូវបានរក្សាឱ្យមានស្ថិរភាព ក្នុងកម្រិតជាមធ្យម ៤.០៩៤ រៀលក្នុង១ដុល្លារអាមេរិក ប្រហាក់ប្រហែលនឹងគ្រាដូចគ្នាឆ្នាំមុន សំដៅការពារអំណាចទិញរបស់ប្រាក់រៀល ក៏ដូច
ជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋងាយរងគ្រោះ។

លោកទេសាភិបាលបានបញ្ជាក់ទៀតថា ដោយសារបញ្ហាដុល្លារូបនីយកម្មការប្រែប្រួល អត្រាប្តូរប្រាក់មានឥទ្ធិពលដោយផ្ទាល់ និងឆាប់រហ័ស មកលើអត្រាអតិផរណានៅកម្ពុជា ព្រោះកាលណាតម្លៃប្រាក់រៀធ្លាក់ចុះ ថ្លៃទំនិញ និងសេវានានានឹងអាចកើនឡើងភ្លាម។ ដូចនេះក្រៅពីការធ្លាក់ថ្លៃប្រេងឥន្ធនៈ និងការថមថយកំណើនថ្លៃក្រុមម្ហូបអាហារ ការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់រៀល បានរួមចំណែកយ៉ាងសំខាន់ ក្នុងការបន្ថយអត្រាអតិផរណាផងដែរ។

ជាមួយគ្នានេះការពង្រឹងការប្រើប្រាស់ប្រាក់រៀល ឱ្យកាន់តែទូលំទូលាយនៅតែជាការងារចាំបាច់ ដើម្បីកាត់បន្ថយឥទ្ធិពលពីកត្តាខាងក្រៅ មកលើកម្រិតថ្លៃនៅកម្ពុជា និងពង្រឹងប្រសិទ្ធភាពនយោបាយរូបិយវត្ថុ ក្នុងការគ្រប់គ្រងស្ថិរភាពថ្លៃ និងជំរុញកំណើនសេដ្ឋកិច្ច ឱ្យកាន់មានប្រសិទ្ធភាព។ ការប្រើប្រាស់ប្រាក់រៀលក្នុងសេដ្ឋកិច្ចច្រើន ក៏អាចជួយគរពូនទុនបម្រុងអន្តរជាតិ ឱ្យកាន់តែខ្ពស់ជាងកម្រិតបច្ចុប្បន្នថែមទៀត ដែលនឹងពង្រឹងជំនឿទុកចិត្តរបស់វិនិយោគិន និងសាធារណជន មកលើស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាឱ្យកាន់តែរឹងមាំ។

លោក ជា ចាន់តូ បានលើកឡើងថា ប្រព័ន្ធធនាគារកម្ពុជាត្រូវបានបន្តអភិវឌ្ឍឱ្យកាន់តែរឹងមាំ ហើយស្ថិរភាពនៃប្រព័ន្ធធនាគារ បានដើរតួនាទីយ៉ាង
សកម្មក្នុងការលើកស្ទួយសកម្មភាពសេដ្ឋកិច្ច និងរក្សាស្ថិរភាពហិរញ្ញវត្ថុ ជាក់ស្តែងទោះបីជាលក្ខខណ្ឌហិរញ្ញវត្ថុសកល កំពុងស្ថិតក្នុងស្ថានភាពរឹតត្បិត ហើយធនាគារនៅសហរដ្ឋអាមេរិកចំនួន៣បានដួលរលំកាលពីដើមឆ្នាំ២០២៣ ដែលបានបង្កការព្រួយ បារម្ភនៅលើទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ក៏ប្រព័ន្ធធនាគារកម្ពុជានៅតែរក្សាបានភាពធន់ និងរឹងមាំ៕