(ញូវដែលី)៖ មន្ត្រីមួយរូបនៃស្ថាប័ននាំចេញឥណ្ឌាបានឱ្យដឹងកាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌាបានជំរុញឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាពន្លឿនដំណើរការទូទាត់ពាណិជ្ជកម្មដោយប្រើប្រាស់រូបិយប័ណ្ណរបស់ប្រទេសទាំងពីរ ជាយន្តការមួយដែលបានព្រមព្រៀងគ្នាកន្លងមក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ក្រុមគណៈប្រតិភូនៃក្រុមប្រឹក្សាជំរុញការនាំចេញវិស្វកម្ម (EEPC) របស់ឥណ្ឌាបានជួបរដ្ឋមន្ត្រីពាណិជ្ជកម្មមីយ៉ាន់ម៉ាលោក យូអោង ណៃអូU.Aung Naign Oo ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងកុលកាតា (Kolkata) ភាគខាងកើតប្រទេសឥណ្ឌា ហើយបានលើកឡើងពីបញ្ហានេះ។

លោក P.K. Shah អតីតប្រធានក្រុមប្រឹក្សា EEPC បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័របន្ទាប់ពីកិច្ចប្រជុំថា៖ «រដ្ឋមន្ត្រីរបស់មីយ៉ាន់ម៉ាបានធានាថា យន្តការថ្មីនេះនឹងត្រូវបានដាក់ដំណើរការក្នុងពេលឆាប់ៗនេះ»

ប្រទេសមីយ៉ាន់ម៉ាដែលកំពុងប្រឈមនឹងកង្វះខាតប្រាក់បម្រុងរូបិយប័ណ្ណបរទេសបានប្រកាសកាលពីឆ្នាំមុនថា ខ្លួននឹងចាប់ផ្តើមទទួលយកប្រាក់រូពីឥណ្ឌាក្នុងពេលឆាប់ៗនេះ រួមជាមួយនឹងប្រាក់បាតថៃ និងប្រាក់យន់របស់ចិនធ្វើជារូបិយប័ណ្ណទូទាត់ផ្លូវការសម្រាប់ពាណិជ្ជកម្មដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក។

ក្រុមប្រឹក្សា EEPC បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះនឹងជួយដល់ការនាំចេញឱសថ និងទំនិញផលិកម្មពីប្រទេសឥណ្ឌា ព្រមទាំងការនាំចូលកាន់តែច្រើននូវទំនិញនានាដូចជា គ្រាប់ធញ្ញជាតិ ឈើ និងផលិតផលផ្សេងទៀតពីប្រទេសមីយ៉ាន់ម៉ា។

លោក Shah បានថ្លែងថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងកើនឡើងគួរឱ្យកត់សម្គាល់ពីកម្រិតបច្ចុប្បន្ន ១,៨ពាន់លានដុល្លារ នៅពេលដែលយន្តការពាណិជ្ជកម្មថ្មីដែលប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកដំណើរការ។

ធនាគារកណ្តាលឥណ្ឌា កន្លងមកបានអនុញ្ញាតឱ្យធនាគារជាតិប្រចាំរដ្ឋប៉ុនចាប (Punjab) បើកគណនីប្រាក់រូពីពិសេស (SRVA) សម្រាប់ការទូទាត់ពាណិជ្ជកម្មបរទេសជាមួយប្រទេសមីយ៉ាន់ម៉ា។

ក្រុមប្រឹក្សា EEPC បាននិយាយថា នៅក្រោមយន្តការនេះ ប្រទេសមីយ៉ាន់ម៉ានឹងទទួលយកការទូទាត់សម្រាប់ការនាំចេញទាំងអស់របស់ខ្លួនទៅកាន់ប្រទេសឥណ្ឌាជាប្រាក់រូពីឥណ្ឌា ហើយប្រាក់ចំណូលពីការនាំចេញដូចគ្នានេះអាចត្រូវបានប្រើប្រាស់ដើម្បីទូទាត់ថ្លៃទំនិញ និងសេវាកម្មដែលនាំចូលពីប្រទេសឥណ្ឌា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕