(ហ៊្សូរិច)៖ ធនាគារ UBS របស់ប្រទេសស៊្វីសបានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានបញ្ចប់ការទិញយកធនាគារអតីតគូប្រជែងរបស់ខ្លួនគឺធនាគារ Credit Suisse ដោយត្រួសត្រាយផ្លូវសម្រាប់កិច្ចការប្របាច់បញ្ចូលគ្នានូវធនាគារដ៏សំខាន់បំផុតចំនួនពីររបស់ពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ការច្របាច់បញ្ចូលគ្នានូវធនាគារដ៏ធំបំផុតនៅក្នុងប្រទេសស្វីសទាំងពីរនេះនឹងត្រូវបានឃ្លាំមើលយ៉ាងជិតស្និទ្ធដោយអតិថិជន បុគ្គលិក អ្នកនយោបាយ និងនិយតករ។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារ UBS ថា៖ «ធនាគារ UBS បានបញ្ចប់ការទិញយកធនាគារ Credit Suisse នៅថ្ងៃនេះ ដោយឆ្លងកាត់ដំណាក់កាលដ៏សំខាន់មួយ»។

ធនាគារនេះបានបន្តថា៖ «ក្រុមហ៊ុន Credit Suisse Group AG ត្រូវបានដាក់បញ្ចូលទៅក្នុង ក្រុមហ៊ុន UBS Group AG ហើយអង្គភាពរួមបញ្ចូលគ្នានេះនឹងដំណើរការជាក្រុមហ៊ុនគ្រុបរួមគ្នាតែមួយ»

ធនាគារ UBS ដែលជាធនាគារឈានមុខគេរបស់ប្រទេសស្វីសកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំនេះ ត្រូវបានរៀបចំឱ្យទិញយកធនាគារ Credit Suisse ដែលជាគូប្រជែងក្នុងស្រុករបស់ខ្លួន ដើម្បីបញ្ចៀសការដួលរលំ ដែលនាំឱ្យមានផលវិបាកដ៏មហន្តរាយសម្រាប់ប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។

លោក Colm Kelleher ប្រធានធនាគារ UBS បានថ្លែងថា៖ «ខ្ញុំរីករាយដែលយើងបានបិទបញ្ចប់ប្រតិបត្តិការដ៏សំខាន់នេះដោយជោគជ័យក្នុងរយៈពេលតិចជាង ៣ខែ ដោយនាំមកនូវការរួមបញ្ចូលគ្នានូវធនាគារសំខាន់ជាប្រព័ន្ធលំដាប់សកលចំនួនពីរជាលើកដំបូង»

លោកបន្ថែមថា៖ «ឥឡូវនេះ យើងជាក្រុមហ៊ុនសកលមួយរបស់ប្រទេសស្វីស ហើយរួមគ្នាយើងកាន់តែរឹងមាំ...។ អាទិភាពកំពូលរបស់យើងនៅតែដដែល ពោលគឺដើម្បីបម្រើអតិថិជនរបស់យើងប្រកបដោយឧត្តមភាព»

ការច្របាច់បញ្ចូលគ្នានេះនឹងមានភាពស្មុគ្រស្មាញទាំងផ្នែកបច្ចេកទេស និងផ្នែកនយោបាយ ដែលនាំឱ្យធនាគារដ៏ធំមួយដែលប្រទេសស៊្វីសមិនធ្លាប់មានពីមុនមក ពោលគឺទំហំដ៏ធំមួយដែលមេដឹកនាំនយោបាយព្រួយបារម្ភ។ ការងាររាប់ពាន់កន្លែងអាចបាត់បង់ដោយសារប្រតិបត្តិការត្រួតស៊ីគ្នា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕