(ភ្នំពេញ)៖ រយៈពេល៥ខែដើមឆ្នាំ២០២៣នេះ កម្ពុជានាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើងមានតម្លៃ ជាង៣.៣ពាន់លានដុល្លារ ធ្លាក់ជាង ១ពាន់លានដុល្លារ ស្មើនឹង២៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ដែលមានតម្លៃជាង ៤.៣ពាន់លានដុល្លារ។​ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ទិន្នន័យដដែលនេះបានបង្ហាញថា ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ ការនាំចេញ​សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់ចាក់ដោយម្ជុលពីរ ឬមួយ មានតម្លៃ ១.៨ពាន់លានដុល្លារធ្លាក់ចុះ ២៦.១% និង​ការនាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំនៃសម្លៀកបំពាក់មិនធ្វើឡើងពីការចាក់ដោយម្ជុលពីរ ឬមួយមានតម្លៃ ៩៣៨លានដុល្លារ ធ្លាក់ចុះ១៧% ខណៈនាំចេញស្បែកជើងក្នុងរយៈពេល៥ខែនេះ ក្នុងទំហំទឹកប្រាក់ ៥៥៨លានដុល្លារ ធ្លាក់ចុះ២០.៤%។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាសមាគមផលិតស្បែកជើងកម្ពុជា មានប្រសាសន៍ថា ការនាំចេញផលិតផលទាំងនេះធ្លាក់ចុះ ដោយសារក្រោយវិបត្តិជំងឺកូវីដ១៩ សេដ្ឋកិច្ចធ្លាក់ចុះ ដែលធ្វើឱ្យចំណូលរបស់អ្នកប្រើប្រាស់ថមថយ ។ កត្តានេះនាំឱ្យការចំណាយ មានការសន្សំសំចៃជាងមុន។

លោកបានឱ្យដឹងផងដែរថា នៅសមាសទី១ ឆ្នាំ២០២៣នេះ​ ការបញ្ជាទិញផលិតផលស្បែកជើងបានធ្លាក់ចុះប្រមាណពី២០% ទៅ២៣%។

យ៉ាងនេះក្តីលោកមានប្រសាសន៍ថា បើទោះបីជាការបញ្ជាទិញ និងការនាំចេញធ្លាក់ចុះ ក្នុងអំឡុងឆមាសទី១ ឆ្នាំ២០២៣នេះ ប៉ុន្តែមិនបង្កផលនប៉ះពាល់ខ្លាំងនោះទេ ដោយសាររោងចក្រភាគច្រើន កាត់បន្ថយការផលិត និងមិនសូវធ្វើការបន្ថែមម៉ោងដូចមុន។

អ្នកឧកញ៉ា លី ឃុនថៃបន្តថា «ខ្ញុំសង្ឃឹមថា រយៈពេលប៉ុន្មានខែទៅមុខទៀត ការនាំចេញនឹងអាចកើនឡើងជាងមុន»

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម​បានថ្លែងថា ការនាំចេញរបស់កម្ពុជា ធ្លាក់ចុះក្នុងអំឡុងពេលដើមឆ្នាំនេះ ដោយសារសេដ្ឋកិច្ចពិភពលោករងផលប៉ះពាល់ ដែលបង្កមកពីបញ្ហាភូមិសាស្រ្តនយោបាយ ក៏ដូចជាជំងឺកូវីដ១៩៕