(ម៉ារ៉ុក)៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលម៉ារ៉ុក បានចុះកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូន តាមផ្លូវអាកាសរួចរាល់ហើយ ដើម្បីជំរុញអភិវឌ្ឍវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និងវិស័យផ្សេងៗទៀតរវាងប្រទេសទាំងពីរ។

ពិធីចុះហត្ថលេខានេះធ្វើឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រះរាជាណាចក្រម៉ារ៉ុក ពីថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០២៣។

ការចុះកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូន តាមផ្លូវអាកាស ភាគីកម្ពុជាតំណាងដោយបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងភាគីម៉ារ៉ុក តំណាងដោយ លោក Nasser BOURITA រដ្ឋមន្ត្រីក្រសួងការបរទេស។

លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកពាក្យអាកាសចរស៊ីវិលបានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែមីនានេះថា តាមរយៈកិច្ចព្រមព្រៀងនេះ នឹងនាំមកនូវផលប្រយោជន៍ដល់ប្រទេសទាំង២ តាមរយៈ៖

* បង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធលើវិស័យអាកាសចរស៊ីវិល
* សហការពង្រឹងសន្តិសុខ និងសុវត្ថិភាពអ្នកដំណើរអន្តរជាតិតាមផ្លូវអាកាស
* បង្កើតឱ្យមានការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវអាកាស ទាំងអ្នកដំណើរ និងទំនិញ
* ធ្វើឱ្យប្រសើរឡើង នូវលំហូរចូលនៃអ្នកដំណើរ តាមរយៈការដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីអភិវឌ្ឍវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និងវិស័យផ្សេងៗទៀត រវាងប្រទេសទាំងពីរ
* ផ្តល់លទ្ធភាពជូនក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសទាំងពីរ សហការជើងហោះហើរជាលក្ខណៈ Code-sharing Flights និងសិក្សាលទ្ធភាពបើកជើងហោះហើរដោយផ្ទាល់ (Direct Flights) ឬការហោះហើរចុះចតប្រមូលភ្ញៀវច្រើនកន្លែង (5th Freedom Traffic Rights) ជាដើម។

លោកបន្តថា គិតរហូតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូន តាមផ្លូវអាកាស និងអនុស្សរណៈយោគយល់ជាមួយបណ្តាប្រទេសនានា នៅលើពិភពលោកបានចំនួន ៤៨ ប្រទេសហើយ៕