(វ៉ាស៊ីនតោន)៖ ប្រធានធនាគារពិភពលោក (WB) លោក David Malpass នៅចុងសប្តាហ៍នេះបានដាក់ចេញផែនទីបង្ហាញផ្លូវថ្មីមួយសម្រាប់ការចូលរួមរបស់វិស័យឯកជនក្នុងការផ្តល់ហិរញ្ញប្បទានដល់គម្រោងនានានៅទូទាំងប្រទេសដែលកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍន៍ ខណៈតម្រូវការហិរញ្ញប្បទានប្រចាំឆ្នាំកើនឡើងដល់ទៅ ២,៤ពាន់ពាន់លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីលោក Malpass ខណៈថ្លែងថា ធនាគារពិភពលោកបានប៉ាន់ប្រមាណថា ពិភពលោកត្រូវការហិរញ្ញប្បទានប្រចាំឆ្នាំដ៏ច្រើនដើម្បីអាចដោះស្រាយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ សង្គ្រាម និងជំងឺរាតត្បាត ហើយមូលធនពីវិស័យឯកជនត្រូវការ «ជាចាំបាច់» សម្រាប់បំពេញតម្រូវការទាំងនោះ។

លោកបានបន្ថែមថា កម្មវិធីនេះផ្អែកលើសសរស្តម្ភចំនួនបី ដែលសសរស្តម្ភទីមួយមានគោលបំណងជួយឱ្យមានលំហូរមូលធនកាន់តែប្រសើរឡើង ដោយផ្តល់នូវស្ថិរភាពម៉ាក្រូ និងតម្លាភាព ខណៈពេលដែលកសាងធនាគារទិន្នន័យដែលគាំទ្រដល់ការធ្វើសេចក្តីសម្រេចចិត្ត។

លោក Malpass បានមានប្រសាសន៍នៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិនៅទីក្រុងវ៉ាស៊ីនតោនថា៖ «ផលិតផលនៃការវិភាគទាំងនេះនឹងផ្តោតលើវិធានការនានាដែលប្រទេសនានាត្រូវចាត់ឡើងសម្រាប់បរិយាកាសវិនិយោគដ៏ត្រឹមត្រូវ ទីផ្សារប្រកួតប្រជែង និងតួនាទីដែលមានតុល្យភាពរបស់រដ្ឋនៅក្នុងសេដ្ឋកិច្ច»។

បន្ទាប់មក ផែនទីបង្ហាញផ្លូវនេះងាកទៅរកការដោះស្រាយបញ្ហាសាច់ប្រាក់ងាយស្រួល ខណៈពេលដែលផ្តោតលើឱកាសសម្រាប់សហគ្រាសរដ្ឋក្នុងការទាក់ទាញមូលធនឯកជន។

ជាចុងក្រោយ ផែនទីបង្ហាញផ្លូវនេះមានគោលបំណងបង្កើតទីផ្សារមូលបត្រកម្រិតវិនិយោគដែលនឹងទាក់ទាញវិនិយោគិនជាស្ថាប័ន។

លោក Malpass បានបន្ថែមថា៖ «សេចក្តីប្រាថ្នារបស់យើងក្នុងរយៈពេលនេះ គឺចង់មើលឃើញការបង្កើតចំណាត់ថ្នាក់ទ្រព្យសកម្មដ៏ច្រើនប្រកបដោយថាមពលដែលអាចបណ្តាក់ទុនបានសម្រាប់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដែលលាតសន្ធឹងតាមព្រំដែន និងវិស័យនានានានា ដើម្បីធ្វើពិពិធកម្មហានិភ័យ និងសម្រេចបាននូវការចំណាយហិរញ្ញវត្ថុទាប»

លោកថ្លែងទៀតថា៖ «គំនិតផ្តួចផ្តើមនេះនឹងជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាពដែលរួមបញ្ចូលការកាត់បន្ថយកាបូន បង្កើនលទ្ធភាពទទួលបានថាមពល ការកាត់បន្ថយភាពក្រីក្រ និងសម្រេចបាននូវល្បឿនឌីជីថលភាវូបនីយកម្មសកលដែលត្រូវការ»

លោក Malpass បានប្រកាសលាលែងពីតំណែងពីធនាគារពិភពលោកក្នុងខែកុម្ភៈ ហើយស្ថាប័នផ្តល់ប្រាក់កម្ចីពិភពលោកនេះរំពឹងថានឹងជ្រើសរើសអ្នកជំនួសនៅដើមខែឧសភា៕