(បាងកក)៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Traisuree Taisaranakul បានឱ្យដឹងនៅថ្ងៃពុធថា ប្រទេសថៃបានកត់ត្រាចំនួនភ្ញៀវទេសចរបរទេសចំនួន ៥,៥៧លាននាក់ក្នុងរយៈពេលចាប់ពីខែមករាដល់ថ្ងៃទី១៨ ខែមីនាឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ក្រុមអ្នកវិភាគបានឱ្យដឹងថា វិស័យទេសចរណ៍ដ៏សំខាន់និងកំពុងស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សបន្តជួយគាំទ្រដល់សេដ្ឋកិច្ចរបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ខណៈដែលការនាំចេញកំពុងធ្លាក់ចុះ ស្របពេលដែលតម្រូវការពិភពលោកថយចុះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Arkhom Termpittayapaisith ដែលបានថ្លែងក្នុងសិក្ខាសាលាធុរកិច្ចមួយកាលពីថ្ងៃពុធថា សេដ្ឋកិច្ចថៃត្រូវបានពឹងថានឹងកើនឡើងពី ៣% ទៅ ៤% នៅឆ្នាំនេះ ហើយគោលនយោបាយរូបិយវត្ថុ និងសារពើពន្ធត្រូវតែធ្វើការរួមគ្នា ដើម្បីធានាបាននូវកំណើន និងស្ថិរភាព។

លោកបានថ្លែងថា ចំនួននៃការមកដល់របស់ភ្ញៀវទេសចរបរទេសអាចកើនឡើងដល់ ២៧លាននាក់នៅឆ្នាំនេះ ធៀបនឹងចំនួន ១១,១៥លាននាក់ក្នុងឆ្នាំ២០២២។ លោករដ្ឋមន្ត្រីបានបន្ថែមថា ដោយសារអតិផរណាកំពុងថយចុះនៅក្នុងស្រុក មិនចាំបាច់មានគោលនយោបាយរូបិយវត្ថុ និងការដំឡើងអត្រាការប្រាក់នៅក្នុងប្រទេសថៃឡើយ។

តួលេខរបស់ក្រសួងពាណិជ្ជកម្មថៃបានបង្ហាញថា អតិផរណាតម្លៃទំនិញប្រើប្រាស់ក្នុងខែកុម្ភៈបានធ្លាក់ចុះមកត្រឹម ៣,៨% នៃអត្រាប្រចាំឆ្នាំ ពី ៥,១%កាលពីខែមករា។ នេះយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕