(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីក្រសួងរតនាគារលោកស្រី Janet Yellen បានថ្លែងក្នុងសន្និសីទធនាគារមួយកាលពីថ្ងៃអង្គារថា វិស័យធនាគាររបស់សហរដ្ឋអាមេរិកកំពុង «មានស្ថិរភាព» បន្ទាប់ពីការក្ស័យធននាពេលថ្មីៗនេះរបស់ធនាគារ Silicon Valley Bank (SVB) និងធនាគារ Signature Bank បានធ្វើឱ្យរង្គោះរង្គើរឧស្សាហកម្មនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ការដួលរលំទាំងនេះបានបណ្តាលឱ្យមានវិបត្តិទំនុកចិត្ត ដោយអតិថិជនជាច្រើនរបស់ធនាគារដែលមានទំហំប្រហាក់ប្រហែលគ្នានេះបានដកប្រាក់របស់ពួកគេ ហើយយកទៅផ្ញើនៅធនាគារធំជាងនេះ។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោកស្រី Yellen ខណៈថ្លែងក្នុងសុន្ទរកថាទៅកាន់សន្និសីទសមាគមធនាគារអាមេរិក (ABA) នៅទីក្រុងវ៉ាស៊ីនតោនថា «លំហូរចេញពីធនាគារក្នុងតំបន់មានស្ថិរភាព» បន្ទាប់ពីមានចំណាត់ការពីអាជ្ញាធរនានាដើម្បីបង្កើនទំនុកចិត្ត និងទប់ស្កាត់ការរីករាលដាល។

លោកស្រីបានបន្ថែមថា៖ «អន្តរាគមន៍របស់យើងគឺចាំបាច់ដើម្បីការពារប្រព័ន្ធធនាគាររបស់សហរដ្ឋអាមេរិកដ៏ទូលំទូលាយ»។

លោកស្រីបានលើកឡើងថា សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេចដើម្បីធ្វើអន្តរាគមន៍បន្ថែមទៀតប្រសិនបើចាំបាច់ ដោយលោកស្រីបានធ្វើការកត់សម្គាល់ថា៖ «វិធានការស្រដៀងគ្នាអាចត្រូវបានធ្វើឡើង ប្រសិនបើធនាគារតូចៗទទួលរងនូវការសម្រុកដកប្រាក់បញ្ញើដែលបង្កឱ្យមានហានិភ័យនៃការរីករាលដាល»។

លោក Rob Nichols នាយកប្រតិបត្តិរបស់សមាគមនធនាគារ ABA បានថ្លែងនៅក្នុងព្រឹត្តិការណ៍នេះថា សម្រាប់ពេលនេះ ឧស្សាហកម្មធនាគារនៅតែមានភាពធន់ បើទោះបីជាមានចលាចលក៏ដោយ។

លោកមានប្រសាសន៍ថា៖ «ឧស្សាហកម្មធនាគារជារួមនៅតែរឹងមាំ មានភាពធន់ មានមូលធនគ្រប់គ្រាន់ មានសាច់ងាយស្រួល និងបម្រើអតិថិជននិងសហគមន៍បានយ៉ាងល្អ»។

បន្ទាប់ពីការដួលរលំធនាគារ SVB ក្រសួងរតនាគារ ធនាគារកណ្តាលអាមេរិក (Federal Reserve) និងសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធ (Federal Deposit Insurance Corporation) អាមេរិកក បានដាក់ចេញផែនការនានាដើម្បីធានាថា អតិថិជនរបស់ធនាគារ SVB នឹងអាចទទួលបានប្រាក់បញ្ញើរបស់ពួកគេដដែល។ វិធានការស្រដៀងគ្នានេះក៏ត្រូវបានប្រកាសសម្រាប់ធនាគារ Signature Bank ផងដែរ។

ធនាគារកណ្តាលអាមេរិកក៏បានដាក់ដំណើរការឧបករណ៍ផ្តល់ប្រាក់កម្ចីថ្មីៗសម្រាប់ធនាគារនានាក្នុងកិច្ចប្រឹងប្រែងដើម្បីការពារការដួលរលំជាថ្មីនៃធនាគារ SVB ហើយចាប់តាំងពីពេលនោះមកបានដាក់ចេញវិធានការជំរុញមួយជាមួយធនាគារកណ្តាលធំៗផ្សេងទៀត ដើម្បីកែលម្អលទ្ធភាពទទួលបានសាច់ប្រាក់ងាយស្រួលរបស់ធនាគារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕