(ភ្នំពេញ)៖ លោកបណ្ឌិតស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានស្នើសុំកុំឲ្យប្រជាជនកម្ពុជាភ័យព្រួយ ចំពោះបញ្ហានៃការដួលរលំធនាគារចំនួន២របស់អាមេរិក គឺធនាគារ Silicon Valley Bank (SVB) និងធនាគារ Signature Bank ព្រោះថា ធនាគារទាំងនោះ មិនមានទំនាក់ទំនងអ្វីទាល់តែសោះជាមួយធនាគារនៅកម្ពុជា។

លោកស្រី ជា សិរី បានលើកឡើងថា បញ្ហានៃការដួលរំលំធនាគារចំនួនពីរ នៅសហរដ្ឋអាមេរិក ផ្ដើមឡើងដោយភាពជ្រួលច្របល់ របស់ប្រជាជនសម្រុកទៅដកប្រាក់យ៉ាងច្រើន រហូតធ្វើឲ្យធនាគារមិនមានសាច់ប្រាក់ផ្ដល់ជូន និងបានដួលរលំ។

លោកស្រីពន្យល់ថា ជាធម្មតាធនាគារទទួលប្រាក់បញ្ញើពីអតិថិជនម្នាក់ តែបានផ្ដល់កម្ចីទៅអតិថិជនម្នាក់ទៀត ដើម្បីទទួលបានការប្រាក់ពីអតិថិជនដែលបានកម្ចី ហើយយកការប្រាក់ដែលទទួលបាននេះ ផ្ដល់ជូនអតិថិជនដែលបានដាក់ប្រាក់បញ្ញើ ប៉ុន្ដែនៅពេលអតិថិជនដែលបានដាក់ប្រាក់បញ្ញើ នាំគ្នាសម្រុកមកដកប្រាក់ភ្លាមៗ ធ្វើឲ្យធនាគារមិនមានសាច់ប្រាក់ ផ្ដល់ជូនអតិថិជនភ្លាមៗនោះទេ ព្រោះថាធនាគារមិនអាចទៅទារប្រាក់បានភ្លាមៗ ពីអតិថិជនដែលបានខ្ចីប្រាក់នោះឡើយ កត្តាទាំងនេះហើយ ដែលបង្កភាពជ្រួលច្របល់ រហូតឈានដល់ការបិទធនាគារ។

លោកស្រី ជា សិរី បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា សូមកុំឲ្យមានភាពជ្រួលច្របល់ ស្ថានភាពនៅក្នុងប្រទេសកម្ពុជា នៅរក្សាបានភាពល្អប្រសើរ ចំពោះធនាគារមានការត្រួតពិនិត្យតឹងរឹង ជាក់ស្ដែងសូម្បីតែស្ថិតក្នុងស្ថានភាពនៃជំងឺកូវីដ១៩ កម្ពុជានៅតែទប់ស្កាត់មិនឲ្យមានបញ្ហាណាមួយកើតឡើងនោះឡើយ។

លោកស្រីបានបញ្ជាក់ទៀតថា «ខ្ញុំសង្ឃឹមថា ប្រជាជនកម្ពុជានឹងរក្សាភាពស្ងប់ស្ងាត់ កុំជ្រួលច្របល់ ចំពោះធនាគារដែលមានបញ្ហានៅសហរដ្ឋអាមេរិកនេះ មិនមានទំនាក់ទំនងទាល់តែសោះជាមួយធនាគារនៅកម្ពុជា។ ខ្ញុំគិតថា បញ្ហាទាំងនេះមិនបង្កឲ្យយើងភ័យព្រួយ ឬចលាចរនោះទេ។ ទោះជាយ៉ាងនេះក្ដី ក្នុងនាមយើងជាអាជ្ញាធរ យើងនៅតែបន្ដតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះឥទ្ធិពលនៃការដួលរលំធនាគារ នៅសហរដ្ឋអាមេរិកនេះ ដើម្បីបង្ការ និងការពារ»

លោកស្រីក៏បានបញ្ជាក់ថា បច្ចុប្បន្ននៅកម្ពុជាមានធនាគារចំនួន ៥៩ធនាគារ ហើយធនាគារទាំងអស់ ស្ថិតក្រោម ការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ដោយមានបទបញ្ញាត្តិប្រុងប្រយ័ត្នយ៉ាងតឹងរឹង។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលថ្មីៗនេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានដាក់ប្រាក់បញ្ញើតាមប្រព័ន្ធធនាគារនៅកម្ពុជា កុំមានការភ័យស្លន់ស្លោ រឿងធនាគារពាណិជ្ជចំនួន២ របស់អាមេរិកដួលរលំ ព្រោះមិនប៉ះពាល់ប្រព័ន្ធធនាគារកម្ពុជាទេ។ ការភ័យស្លន់ស្លោរត់ទៅដក ប្រាក់ចេញពីប្រព័ន្ធធនាគារមុនកាលកំណត់ គឺជាការខាងបង់ប្រយោជន៍ របស់បងប្អូនទៅវិញ ព្រោះតែខាតបង់ការប្រាក់ ដែលព្រមព្រៀងជាមួយធនាគារ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជឿទុកចិត្តសមត្ថភាពគ្រប់គ្រងរបស់រាជរដ្ឋាភិបាល លើវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា មានភាពរឹងមាំ មិនមានផលប៉ះពាល់អ្វីនោះឡើយ៕