(ភ្នំពេញ)៖ លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ក្រសួងពាណិជ្ជកម្មនឹងចុះបញ្ជី ម៉ាកសំគាល់ភូមិសាស្ត្រទំនិញ អំបិលកំពត-កែប ក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីសមាគម និងសៀវភៅបន្ទុកម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប ត្រូវបានអនុម័ត និងចុះបញ្ជីអនុញ្ញាត នៅក្រសួងមហាផ្ទៃរួចរាល់។

ការលើកឡើងរបស់លោក អ៊ុក ប្រជា ធ្វើឡើងក្នុងអង្គមហាសន្និបាតកំណើតដំបូង នៃសមាគអ្នកផលិតម៉ាក សម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប រៀបចំឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។

លោក អ៊ុក ប្រជា បានបន្តថា សន្និបាតរបស់សមាគមអ្នកផលិតម៉ាកសំគាល់ភូមិសាស្ត្រទំនិញអំបិល ធ្វើឡើងដើម្បីរៀបចំក្រុមប្រឹក្សា ប្រធានប្រតិបត្តិ អនុប្រធាន និងសវនកររបស់សមាគម ឈានទៅចុះបញ្ជីទទួលស្គាល់ នៅក្រសួងមហាផ្ទៃ បន្ទាប់ពីបានជួបជាមួយក្រុមអ្នកផលិតអំបិលជាច្រើនលើក បន្ទាប់ពីសន្និបាតនេះសមាគមនឹងរៀបចំរចនាសម្ព័ន្ធដឹកនាំ
ហើយចំពោះសៀវភៅបន្ទុក ក៏បានអនុម័តពីក្រុមអ្នកផលិតអំបិលល អាជីវករ ផលិតករ រួចរាល់ផងដែរ។

លោកបានបន្ដថា បន្ទាប់សម្របសម្រួលរួចរាល់ សមាគមត្រូវបានអនុញ្ញាតឲ្យចុះបញ្ជី នៅក្រសួងមាហាផ្ទៃរួចរាល់ ក្រសួងនឹងបន្ដរៀបចំកិច្ចការងារពាក់ព័ន្ធផ្សេងៗទៀត ដើម្បីចុះបញ្ជីសំគាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប ក្នុងពេលឆាប់ៗខាងមុខនេះ។

លោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា លើកឡើងថា គោលបំណងនៃការបង្កើតសមាគម អ្នកផលិតម៉ាកសំគាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប គឺដើម្បីការពារ និងផ្សព្វផ្សាយទេពកោសល្យផលិតករ និងកិត្តិនាមដ៏ល្បីល្បាញ នៃគុណភាពអំបិលកំពត-កែប សម្រាប់ជាប្រយោជន៍ដល់ផលិតករ ឬអ្នកកែច្នៃ ប្រតិបត្តិករ និងអ្នកបរិភោគ។

លោកបានបន្ដថា «យើងរំពឹងថាការចុះបញ្ជីសំគាល់ភូមិសាស្ត្រទំនិញ នឹងជួយឲ្យអំបិលមានទីផ្សារនាំចេញលក់បានថ្លៃជាងមុន អំបិលកំពតទទួលបានភាពល្បីល្បាញ និងបង្ហាញឲ្យអន្តរជាតិស្គាល់ពីសក្ដានុពលខេត្តកំពត និងប្រវត្តិសាស្ត្ររបស់ប្រជាពលរដ្ឋកម្ពុជា នៅលើឆាកអន្តរជាតិផងដែរ»

សូមជម្រាបថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្រ្តទំនិញចំនួន ៤រួមមាន៖ ម្រេចកំពត, ស្ករត្នោតកំពង់ស្ពឺ, ក្រូចថ្លុងកោះទ្រង់ និងទឹកឃ្មុំព្រៃមណ្ឌលគិរី។

បច្ចុប្បន្នក្រសួងបាន និងកំពុងបន្តអនុវត្ត គម្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ៤បន្ថែមទៀតរួមមាន អំបិល និងផ្កាអំបិលកំពតក្នុងខេត្តកំពត និងខេត្តកែប, បង្កងតាកែវក្នុងខេត្តតាកែវ, ទឹកត្រីកំពតក្នុងខេត្តកំពត និងខេត្តកែប ព្រមទាំងក្ដាមថ្មកោះកុង៕