(សិង្ហបុរី)៖ អាជ្ញាធរហិរញ្ញវត្ថុក្នុងប្រទេសសិង្ហបុរី និងទីក្រុងហុងកុងបានផ្តល់ការធានាថា ធនាគារ Credit Suisse Group AG នឹងនៅតែបើកដំណើរការអាជីវកម្ម ហើយការដួលរលំរបស់ធនាគារនេះនឹងមិនប៉ះពាល់ដល់ទីផ្សាររបស់ពួកគេទេ បន្ទាប់ពីធនាគារ UBS Group AG បានយល់ព្រមទិញធនាគារស្វីសដែលមានបញ្ហាមួយនេះនៅក្នុងកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) កាលពីថ្ងៃច័ន្ទថា ក្រុមហ៊ុន Credit Suisse នឹងបន្តប្រតិបត្តិការនៅក្នុងប្រទេសសិង្ហបុរីដោយមិនមានការរំខាន ឬការរឹតបន្តឹងនោះទេ។ MAS បានបន្តថា អតិថិជននឹងបន្តមានសិទ្ធិចូលប្រើប្រាស់គណនីរបស់ពួកគេពេញលេញ ហើយកិច្ចសន្យារបស់ក្រុមហ៊ុនជាមួយសមភាគីនានានឹងនៅតែជាធរមាន។

ភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍បន្ថែមថា នៅក្នុងសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះកាលពីថ្ងៃចន្ទ អាជ្ញាធររូបិយវត្ថុរបស់ទីក្រុងហុងកុងបានឱ្យដឹងថា ប្រតិបត្តិការរបស់ធនាគារ Credit Suisse នៅក្នុងទីក្រុងមួយនេះនឹងនៅតែបើកដំណើរការដដែល។

ការធានាពីនិយ័តករនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីធំទាំងពីរនេះជួបលុបបំបាត់ភាពមិនច្បាស់លាស់ដែលអតិថិជន បុគ្គលិក និងអ្នកពាក់ព័ន្ធផ្សេងទៀតរបស់ធនាគារ Credit Suisse កំពុងប្រឈមបន្ទាប់ពីការប្រកាសភ្លាមៗអំពីការចូលកាន់កាប់ពីសំណាក់ធនាការ UBS ក្នុងគោលបំណងទប់ទល់នឹងវិបត្តិទំនុកចិត្ត។

អាជ្ញាធរ MAS របស់សិង្ហបុរីបានសង្កត់ធ្ងន់ថា ការកាន់កាប់នេះមិនរំពឹងថានឹងប៉ះពាល់ដល់ស្ថិរភាពប្រព័ន្ធធនាគាររបស់ប្រទេសសិង្ហបុរីនោះទេ ខណៈដែលអាជ្ញាធរ HKMA របស់ក្រុងហុងកុងបាននិយាយថា វិស័យធនាគារក្នុងស្រុកនិងផលប៉ះពាល់ទីផ្សារទៅនឹងធនាគារ Credit Suisse មិនមានខ្លាំងនោះទេ។

និយ័តកររបស់សិង្ហបុរីបាននិយាយថា ខ្លួននឹងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយសមភាគីស្វីស និងដោះស្រាយផលប៉ះពាល់ណាមួយដែលកើតមានចំពោះបុគ្គលិក។ និយ័តករនេះបានបន្តថា ខ្លួនត្រៀមខ្លួនជាស្រេចក្នុងការផ្តល់សាច់ប្រាក់ងាយស្រួលដើម្បីធានាថា ប្រព័ន្ធហិរញ្ញវត្ថុរបស់រដ្ឋនៅតែមានស្ថិរភាព។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕