(បាងកក)៖ ក្រុមហ៊ុនប្រេងដ៏ធំរបស់អាមេរិក Chevron Corp បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃច័ន្ទថា ផលិតកម្មប្រេងនៅអណ្តូងប្រេង Benchamas ក្នុងឈូងសមុទ្រថៃត្រូវបានផ្អាកភ្លាមៗបន្ទាប់ពីមានឧបទ្ទវហេតុកើតមានឡើង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីមានឧបទ្ទវហេតុមួយកាលពីសប្តាហ៍មុននៅឯកប៉ាល់ផ្ទុកប្រេងដែលបានបណ្តាលឱ្យទឹកសមុទ្រលេចធ្លាយចូលទៅក្នុងនាវាដែលបានសម្លាប់សមាជិកនាវិកម្នាក់។

អ្នកនាំពាក្យក្រុមហ៊ុន Chevron បានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រខណៈដែលបានឱ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា៖ «យើងបានស្រង់សាកសពមិត្តរួមការងាររបស់យើងដែលបានស្លាប់ដោយសាររងរបួសយ៉ាងធ្ងន់ធ្ងរនៅថ្ងៃទី១៣ ខែមីនា»។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា ការរៀបចំនានាកំពុងធ្វើឡើងដើម្បីប្រគល់សាកសពទៅឱ្យគ្រួសារជនរងគ្រោះ។

ក្រុមហ៊ុន Chevron បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ដដែលថា មិនមានផលប៉ះពាល់ដល់បរិស្ថានពីឧបទ្ទវហេតុនេះទេ។

ក្រុមហ៊ុនបន្តថា៖ «ការផ្តោតការយកចិត្តទុកដាក់នាពេលបច្ចុប្បន្នរបស់យើងគឺទៅលើការឆ្លើយតបទៅនឹងឧបទ្ទវហេតុនេះ មិនមែនចាប់ផ្តើមផលិតកម្មឡើងវិញទេ»។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលថៃបានឱ្យដឹងថា អណ្តូងប្រេង Benchamas ផលិតប្រេងបានប្រហែល ១៣ ០០០បារ៉ែលក្នុងមួយថ្ងៃ និងឧស្ម័នធម្មជាតិបានប្រហែល ៤៥លានហ្វីតគូប។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕