(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវដល់សហគ្រាសជាប់ពន្ធ សូមគោរពឲ្យបានល្អនូវវិធានវិក្កយបត្រ ក្រោយកម្មវិធី «វិក្កយបត្រនាំសំណាង» រកឃើញភាពមិនប្រក្រតីជាច្រើន។

លោក គង់ វិបុល បានឲ្យដឹងទៀតថា កម្មវិធី «វិក្កយបត្រនាំសំណាង» បានរកឃើញភាពមិនប្រក្រតីជាច្រើនដូចជា៖ វិក្កយបត្របានចេញមិនមានលេខអត្តសញ្ញាណអ្នកទិញ, មិនរំលេចអាករដែលបានប្រមូលលើវិក្កយបត្រ និងមានចំណុចខ្វះខាតជាច្រើនផ្សេងទៀត។

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក គង វិបុល ចូលរួមក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេសស្តីពី ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានការផ្សាយផ្ទាល់តាមរយៈ Facebook Page ផ្លូវការ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

លោក គង់ វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា «វិធានវិក្កយបត្រពិតជាសំខាន់ណាស់ សម្រាប់យកមកធ្វើប្រតិបត្តិការផ្សេងៗជាច្រើន សម្រាប់អ្នកលក់ និងអ្នកទិញ ក្នុងការកាត់កងចំណាយផ្នែកពន្ធដារនេះ ដូច្នេះខ្ញុំសូមអំពាវនាវ ដល់អ្នកដែលមិនមានវិក្កយបត្រច្បាស់លាស់ត្រឹមត្រូវ តាមវិធាននានាសូមកែប្រែឡើងវិញ»។

បន្ថែមពីនោះទៀត លោក គង់ វិបុល បានគូសបញ្ជាក់ថា តាមរយៈការទទួលបានការអាប់ឡោត វិក្កយបត្រនាំសំណាង ពីសំណាក់បងប្អូនប្រជាពលរដ្ឋឃើញថា វិក្កយបត្រខ្លះចេញមកមិនគ្រប់គ្រាន់ ត្រឹមត្រូវតាមច្បាប់ដូចជា ការចេញវិក្កយបត្រមិនមានលេខអត្តសញ្ញាណជាដើម តាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងអគ្គនាយកដ្ឋានពន្ធដារ។

លោក គង់ វិបុល បានឲ្យដឹងថា តាមរយៈវិក្កយបត្រនាំសំណាង បានរកឃើញមួយចំនួនឃើញថា ក្រុមហ៊ុន ឬសហគ្រាសខ្លះ បានចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារ ប៉ុន្ដែចំពោះការចេញវិក្កយបត្រ បែរជាមិនត្រឹមត្រូវដូចជា វិក្កយបត្រដែលបានចេញមិនមានលេខអត្តសញ្ញាណអ្នកទិញ, មិនរំលេចអាករដែលបានប្រមូលលើវិក្កយបត្រ និងមានចំណុចខ្វះខាតជាច្រើនផ្សេងទៀត។

ផ្អែកលើចំណុចខ្វះខាតទាំងនេះ អគ្គនាយកដ្ឋានពន្ធដារ ស្នើឲ្យគ្រប់ក្រុមហ៊ុនកែលម្អរឡើងវិញ នៅចំណុចខ្វះខាតទាំងលើវិក្កបត្រនេះ ប្រសិនបើមិនមានការកែប្រែឡើងវិញនោះទេ ពន្ធដារនឹងចាត់វិធានការ លើអ្នកដែលមិនធ្វើវិក្កយបត្រត្រឹមត្រូវនេះ ឲ្យមកធ្វើត្រឹមត្រូវតាមវិធានវិក្កយបត្រ ដែលចេញដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងការណែនាំរបស់អគ្គនាយកដ្ឋានពន្ធដារ។

លោក គង់ វិបុល បានបញ្ជាក់ថា បើនៅតែបន្ដការចេញវិក្កយបត្រមិនត្រឹមត្រូវបន្ដទៀត អគ្គនាយកដ្ឋានពន្ធដារ នឹងចេញការផាកពិន័យចំនួន២លានរៀល ចំពោះអ្នកចេញវិក្កយបត្រខុស ព្រោះថា កន្លងមកអគ្គនាយកដ្ឋានពន្ធដារ បានអនុវត្តន៍វិធានការទន់ភ្លន់ អប់រំ និងកែសម្រួលជូនដល់សាធារណៈជន ដូច្នេះសូមឲ្យអ្នកទាំងអស់គ្នាធ្វើការពង្រឹង និងកែលម្អរឡើងវិញ។

លោក គង់ វិបុល ក៏សូមជម្រាប និងអំពាវនាវដល់បងប្អូន ដែលម្ចាស់ក្រុមហ៊ុនសហគ្រាសទាំងអស់ កុំធ្វើការលក់ទំនិញ ដោយមិនចេញវិក្កយបត្រឲ្យអតិថិជនព្រោះថា អគ្គនាយកដ្ឋានពន្ធដារ នៅតែពិនិត្យ និងរកឃើញដដែល មិនអាចគេចផុតនោះឡើយ។

សូមជម្រាបថា កម្មវិធី «វិក្កយបត្រនាំសំណាង GDT Lucky Draw App» អាចធ្វើការដោនឡូត (Download) តាមរយៈ App Store ឬ Play Store បានដោយឥតគិតថ្លៃ ក្នុងនោះ ការចាប់ឆ្នោតផ្សងសំណាង នឹងត្រូវធ្វើឡើងចំនួន២លើក ក្នុង១ឆ្នាំ ដែលរួមមានរង្វាន់ដូចជា រថយន្តសេរីទំនើបចំនួន២រង្វាន់ ម៉ូតូសេរីថ្មីចំនួន ១០រង្វាន់ ទូរស័ព្ទដៃ ១០រង្វាន់ ទូរទស្សន៍ ២០រង្វាន់ និងរង្វាន់ផ្សេងៗជាច្រើនទៀត។

ការបញ្ចូលវិក្កយបត្រ ក្នុងកម្មវិធី «វិក្កយបត្រនាំសំណាង GDT Lucky Draw» គឺជារួមចំណែកមួយ ក្នុងការពង្រឹងការប្រមូលចំណូលពន្ធដារ ពង្រឹងកាតព្វកិច្ចសារពើពន្ធឲ្យបានត្រឹមត្រូវ តម្លាភាព អនុលោមភាពសារពើពន្ធ កាត់បន្ថយការគេចវេសពន្ធ តាមរយៈការចេញវិក្កយបត្រ ធានាថា ការចេញវិក្កយបត្រទាំងអស់ របស់អ្នកផ្គត់ផ្គង់ទំនិញ ឬសេវា បានបំពេញកាតព្វកិច្ចពន្ធត្រឹមត្រូវតាមច្បាប់៕