(ភ្នំពេញ)៖ ស្វាយចន្ទី គឺដំណាំយុទ្ធសាស្រ្ត ដែលរាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ និងជំរុញការនាំចេញឱ្យបានច្រើនជាងគេនៅលើពិភពលោក ឬអាចនិយាយបានថា «ជាអធិរាជ» នាំចេញគ្រប់ស្វាយចន្ទីនាពេលខាងមុខ ស្របពេលដែលរាជរដ្ឋាភិបាលទើបតែ បានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ​ដែលជាផែនទីចង្អុលផ្លូវ ផ្តោតទៅលើគោលដៅយុទ្ធសាស្ត្រធំៗ ដូចជា​បង្កើនការដាំដុះ ផលិត កែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទី ​ទៅទីផ្សារអន្តរជាតិឱ្យបានកាន់តែច្រើន។

ថ្លែងទៅកាន់បងប្អូនជនរួមជាតិនាពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ នាពេលអនាគត សម្តេចចង់ធ្វើឱ្យកម្ពុជា ក្លាយទៅជាប្រទេសអធិរាជស្វាយចន្ទី ពោលគឺជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក។

សម្តេចតេជោបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំចង់ធ្វើឱ្យប្រទេសកម្ពុជា ក្លាយទៅជាប្រទេសអធិរាជស្វាយចន្ទី ព្រោះឥលូវស្វាយចន្ទីបានផលិតច្រើនជាងគេទាំងអស់ គ្រាន់តែយើងមិនទាន់មានការកែច្នៃ។ ខ្ញុំមើលពិព័រណ៌ទៅកំពង់ធំថ្ងៃមុន ប្រទេសកូតឌីវ័រ មានត្រឹមតែមួយលាន១សែនតោនទេ តែកម្ពុជាយើងមាន ១លាន១សែន៨ម៉ឺនតោន។ នេះមិនទាន់គិតដល់ដំណាំកំពុងលូតលាស់ឡើង ​ដែលមានប្រមាណ៧០ម៉ឺនហិកតា»

យោងតាមទិន្នន័យពីសមាគមស្វាយចន្ទីកម្ពុជាបានបង្ហាញថា កម្ពុជាគឺជាប្រទេសដែលដាំដុះ និងផលិតស្វាយចន្ទីច្រើនជាងគេ នៅក្នុងតំបន់អាស៊ាន និងនៅលើពិភពលោក។ ប៉ុន្តែបញ្ហាប្រឈម គឺកម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅច្រើនជាងគ្រាប់កែច្នៃ ដែលក្នុងមួយឆ្នាំៗ នាំចេញគ្រាប់ឆៅក្នុងរង្វង់ពី ៦០ម៉ឺន ទៅ១លានតោន។ ហេតុដូច្នេះហើយកម្ពុជា ត្រូវការការវិនិយោគលើការកែច្នៃបន្ថែម ដើម្បីនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃបានច្រើន និងកាត់បន្ថយការនាំចេញគ្រាប់ឆៅ ដើម្បីទទួលបានតម្លៃបន្ថែម។

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម និងជាអ្នករៀបចំគោលនយោបាយជាតិស្វាយចន្ទី បានបង្ហាញសុទិដ្ឋិនិយមថា គោលដៅប្រែក្លាយកម្ពុជា ឱ្យទៅជាអធិរាជនាំចេញគ្រាប់ស្វាយចន្ទី នឹងអាចសម្រេចបាន ​ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែមីនានេះ លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអ្នកនាំរៀបចំគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ២០២២-២០២៧ គូសបញ្ជាក់ថា គោលដៅប្រែក្លាយកម្ពុជាឱ្យទៅជា «អធិរាជ» នាំចេញគ្រាប់ស្វាយចន្ទីនឹងអាចទៅរួច ដោយសារក្នុងពេលកន្លងមកតាមទិន្នន័យ ដែលទទួលបានពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២១ ​សង្កេតឃើញថា ផ្ទៃដីដាំដុះស្វាយចន្ទីកម្ពុជា មានការកើនឡើងពី ៩៤ ៣០៨ហិកតា ដល់ ៤០៥ ៩៩១ហិកតា និងផ្ទៃដីប្រមូលផលកើនពី ៧៨ ៥៨៤ហិកតា ដល់ ២៧៥ ៦៧៩ហិកតា និងយោងតាមទិន្នន័យឆ្នាំ២០២១ របស់សមាគមស្វាយចន្ទីកម្ពុជា ទិន្នផលគ្រាប់ស្វាយចន្ទីឆៅរបស់​កម្ពុជាមានទំហំច្រើនជាងគេលើពិភពលោកគឺ ១,១៨០,០០០តោន ដូច្នេះការងារបន្ទាប់ គឺការកែច្នៃសម្រាប់ធ្វើការនាំចេញតែប៉ុណ្ណោះ។

លោកពន្យល់បន្ថែមថា «សម្រាប់រយៈពេលដើម្បីសម្រេចបានគោលដៅខាងលើនេះ ឱ្យបានលឿនប៉ុណ្ណា វាអាស្រ័យលើការខិតខំប្រឹងប្រែងរួមគ្នា ពីគ្រប់ភាគីពាក់ព័ន្ធទាំងស្ថាប័នរដ្ឋ វិស័យឯកជន និងតួអង្គពាក់ព័ន្ធនានា ប៉ុន្តែក្នុងរយៈពេលកន្លងមកទាំងវិស័យរដ្ឋ និងឯកជន ព្រមទាំងដៃគូអភិវឌ្ឍន៍ បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជា។ ខ្ញុំមានជំនឿជាក់ថា យើងនឹងអាចសម្រេចបានគោលដៅនេះ ក្នុងរយៈពេលដ៏ខ្លីខាងមុខ»

លោកបាន​ឱ្យដឹងផងដែរថា ថ្មីៗនេះរាជរដ្ឋាភិបាល​ទើបតែបានដាក់ចេញ នូវគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ២០២២-២០២៧ ដែលជាផែនទីចង្អុលផ្លូវដែលបានផ្តោត ទៅលើគោលដៅយុទ្ធសាស្ត្រធំៗចំនួន៣ គឺយុទ្ធសាស្ត្រនៃការផលិត យុទ្ធសាស្ត្រនៃការកែច្នៃ និងយុទ្ធសាស្ត្រនៃការនាំចេញប្រកបដោយនិរន្តភាព ភាពប្រកួតប្រជែង និងឈានមុខគេលើទីផ្សារ។ គោលនយោបាយនេះ នឹងរួមចំណែកសំខាន់ ក្នុងការសម្រេចបានគោលដៅ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ជាអធិរាជនាំចេញគ្រាប់ស្វាយចន្ទី ទៅកាន់ទីផ្សារអន្តរជាតិ ដោយគោលនយោបាយនេះ បានដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ និងគ្រប់ជ្រុងជ្រោយ ដែលមានក្រសួង ស្ថាប័ន ទទួលបន្ទុក និងពេលវេលាអនុវត្តច្បាស់លាស់។

លោកមានប្រសាសន៍បន្តថា ​ទន្ទឹមនឹងសក្តានុពលវិស័យស្វាយចន្ទី បច្ចុប្បន្នក៏មានបញ្ហាប្រឈមមួយចំនួនផងដែរដូចជា​ បច្ចេកទេសនៃការដាំដុះរបស់ប្រជាកសិកម្មនូវមានកម្រិត, ការប្រែប្រួលអាកាសធាតុធ្វើឱ្យកើត មាននូវសមាសភាពចង្រៃ ធ្វើឱ្យទិន្និផលមិនបានល្អ, តម្លៃមានការប្រែប្រួល, ការនាំចេញភាគច្រើន គឺជាផលិតផលមិនទាន់កែច្នៃដែលធ្វើឱ្យបាត់បង់តម្លៃបន្ថែមជាច្រើន, កង្វះទុនសម្រាប់ទិញផលស្វាយចន្ទី ដែលប្រជាកសិករប្រមូលបាន ព្រមទាំងថ្លៃដើមក្នុងការដាំដុះ និងកែច្នៃ និងដឹកជញ្ជូននៅខ្ពស់នៅឡើយ។

តែយ៉ាងរដ្ឋាភិបាលបាននឹងកំពុងដោះស្រាយ នូវបញ្ហាប្រឈម​ទាំងនេះ តាមរយៈការដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ ដើម្បីឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងនោះជាពិសេសរួមមានក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចូលរួមអនុវត្តនូវគោលដៅយុទ្ធសាស្ត្រ និងផែនការសកម្មភាពធ្វើយ៉ាងណាឱ្យ ការដាំដុះស្វាយចន្ទីទទួលបានទិន្នផលខ្ពស់ ការកែច្នៃប្រកបដោយគុណភាព និងមានស្តង់ដារ កាត់បន្ថយថ្លៃដើមនៃការផលិត ផ្តល់នូវកិច្ចសម្រួលពាណិជ្ជកម្ម ក្នុងការនាំចេញ និងផ្តល់នូវការគាំទ្រផ្នែកឥនទានដល់អ្នកដាំដុះ និងអ្នកកែច្នៃស្វាយចន្ទីសម្រាប់ការនាំចេញ។

លោកបន្ថែមថា ​​ក្រសួងពាណិជ្ជកម្ម​បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ ដោយសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ ​​និងបន្តចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីជាបន្តទៀត មានជាអាទិ៍៖ ជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី តួកគី ស្វីស ជប៉ុន ឥណ្ឌា រុស្ស៊ី ម៉ុងហ្គោលី ដើម្បីពង្រីក និងធ្វើពិពិធកម្មទីផ្សារ ជំរុញការនាំចេញបន្ថែមទៀត ដែលធ្វើឱ្យទីផ្សាររបស់កម្ពុជាកាន់តែធំទូលាយ និងអនុគ្រោះដល់ទំនិញជាច្រើន អាចនាំចេញបានជាពិសេសទំនិញកសិកម្ម ដោយមិនជាប់ពន្ធ ឬពន្ធទាប និងមិនជាប់កូតា។​

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យបណ្តាញព័ត៌មាន Fresh News ដឹងដែរថា ដើម្បីឈនទៅនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃឱ្យបានកាន់តែច្រើន និងកាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទីឆៅ កម្ពុជាត្រូវការរោងចក្រមិនតិចជាង ៣០បន្ថែមទៀត ទើបអាចស្រូបទាញការទិញគ្រាប់ឆៅដែលខ្លួនផលិតបាន។

លោកបន្ថែមថា ប្រសិនបើរាជរដ្ឋាភិបាលចង់ជំរុញឱ្យវិស័យស្វាយចន្ទីដើរបាន កាន់តែលឿន ​រាជរដ្ឋាភិបាល​ត្រូវលើកទឹកចិត្តវិនិយោគិនក្នុងស្រុក ដែលមានទុនច្រើនធ្វើការវិនិយោគលើ​ការកែច្នៃដើម្បីនាំចេញ ជាជាងរង់ចាំវិនិយោគិនបរទេស។

ជាងនេះទៅទៀតលោកសម្លឹងឃើញការងារមួយចំនួនដែលរាជរដ្ឋាភិបាល ត្រូវជួយអន្តរាគមន៍ដើម្បីឈានដល់សម្រេចមហិច្ឆិតា នាំចេញស្វាយចន្ទី រួមមាន៖

១៖ សមាគមស្វាយចន្ទីចង់ឱ្យរាជរដ្ឋាភិបាល ជួយបង្កើតតំបន់សេដ្ឋកិច្ចពិសេស ឬក៏ឧស្យានកសិឧស្សាហកម្ម ដែលមានរោងចក្រកែច្នៃតែដំណាំកសិឧស្សាហកម្ម ដើម្បីជួយកែប្រែកសិករឱ្យក្លាយជាអ្នកកែច្នៃគ្រាប់លក់ទៅឱ្យក្រុមហ៊ុន ឬ រោងចក្រ ក្នុងឧស្យានកសិកម្មតំបន់សេដ្ឋកិច្ចពិសេសនោះ យកទៅកែច្នៃតម្រូវស្តង់ដារនាំចេញ។

២៖ សូមឲ្យមានការការផ្តល់កម្ចីអត្រាការប្រាក់ពិសេស ជូនដល់វិស័យកសិកម្ម ដើម្បីវិស័យកសិកម្ម អាចលូតលាស់បានលឿន។

៣៖ ផ្តល់នូវការលើកលែងពន្ធពិសេស គ្រប់យ៉ាងដល់រោងចក្រសហគ្រាស ឬសិប្បកម្ម ដែលធ្វើការកែច្នៃគ្រាប់ស្វាយចន្ទី និងដំណាំកសិឧស្សាហកម្មនានា ក៏ជាការចាំបាច់ផងដែរ»។

៤៖ សូមឱ្យអាជ្ញាធរកសិកម្ម ជាពិសេសក្រសួងកសិកម្ម ផ្តល់សេវាកម្មប្រឹក្សាបច្ចេកទេសដល់កសិករ ក្នុងមូលដ្ឋាន ដើម្បីឱ្យកសិករគាត់អាចចំណាយតិច និងជួយឱ្យគាត់ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។

៥៖ ចង់ឱ្យរដ្ឋាភិបាលជួយសម្រាលកាត់បន្ថយថ្លៃដើមផលិត ដល់សហគ្រាសរោងចក្រទាំងឡាយ ដូចជាថ្លៃទឹកភ្លើង ​ការដឹក​ជញ្ជូន និងបង្កើតហេដ្ឋារចនាសម្ព័ន្ធដូចជា ឃ្លាំងសហគមន៍ពហុបំណង (Logistics Center) នៅគ្រប់គោលដៅសក្តានុពល។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលបម្រើដល់គោលនយោបាយកសិកម្មរបស់រាជរដ្ឋាភិបាល ក៏បានអនុម័តលើគោលការណ៍ និងនីតិវិធីឥណទាន ក្នុងគោលដៅអន្តរាគមន៍លើការប្រមូលទិញ ការសាងសង់ឃ្លំាងស្តុក ការកែច្នៃ និងការនំាចេញផលិតផលស្វាយចន្ទី ដើម្បីជំរុញវិស័យស្វាយចន្ទី ឱ្យកាន់តែប្រសើរឡើងថែមទៀត ​និងកៀរគររកមូលនិធិបន្ថែម សម្រាប់វិស័យនេះ។

លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ARDB បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា «គោលដៅរបស់យើង [ARDB] គឺយើងរុញ​វិស័យស្វាយចន្ទី ដោយសារយើងមានគោលនយោបាយស្វាយចន្ទីហើយ ហើយរដ្ឋាភិបាលបានអនុម័តហើយ ដូច្នេះហើយបានយើងធ្វើកិច្ចការងារនេះជាបន្តបន្ទាប់ ដើម្បីគាំទ្រទៅដល់ការដាក់ចេញរបស់រាជរដ្ឋាភិបាល»

យោងតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា បច្ចុប្បន្នផ្ទៃដីដុះស្វាយចន្ទីនៅកម្ពុជា មានប្រមាណជាង៧០ម៉ឺនហិកតា​។ នៅក្នុងឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិចំនួន ៦៧ម៉ឺនតោន គិតជាទឹកប្រាក់ ១ពាន់ ៧៧លានដុល្លាអាមេរិក ក្នុងនោះប្រទេសដែលនាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជា មាន​ដូចជា ប្រទេសវៀតណាម ជប៉ុន និងចិន ខណៈប្រទេសផ្សេងៗទៀត ក៏កំពុងតែសម្លឹងមើលឱកាសក្នុងការនាំចូលគ្រាប់ស្វាយចន្ទីកម្ពុជា ទៅកាន់ទីផ្សារប្រទេសខ្លួនផងដែរ។

សមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងផងដែរថា ក្នុងឆ្នាំ២០២១ ផលិតកម្មគ្រាប់ស្វាយចន្ទីឆៅ នៅលើពិភពលោកមានប្រមាណ៥លានតោន ក្នុងនោះកម្ពុជាផលិតបាន ១ ១៨០ ០០០ តោន ​ស្មើនឹង២៤នៃការផលិតសរុប, ប្រទេសកូតឌីវ័រផលិតបាន១ ១០០ ០០០តោន ​ស្មើនឹង ២២%នៃការផលិតសរុប ,ប្រទេសឥណ្ឌាផលិតបាន ៨០០ ០០០តោន ​ស្មើនឹង១៦%នៃការផលិតសរុប, ប្រទេសវៀតណាម ផលិតបានប្រមាណ ៣៩៩ ០០០តោន​ស្មើនឹង៨%នៃការផលិតសរុប រួមនឹងប្រទេសផ្សេងៗទៀត មានប្រមាណ១ ៥២៣ ២២២តោន។

សមាគមនេះបានឱ្យដឹងដែរថា នៅលើពិភពលោកប្រទេសដែល​ដាំ និងផលិតស្វាយចន្ទី រួមមាន ប្រេស៊ីល សេណេហ្កាល់ ហ្គប៊ី ហ្គីណេ ហ្កាណា ហ្គីណេប៊ីស្ស៊ី កូតឌីវ័រ បេណាំង បួគីណាហ្វាសូ តង់សានី នីហ្សេរីយ៉ា កម្ពុជា ឥណ្ឌា វៀតណាម ឥណ្ឌនេស៊ី និងហ្វីលីពីន៕