(ក្រុងឡុងដ៍)៖ អង្គការប្រទេសនាំចេញប្រេង (OPEC) កាលពីថ្ងៃអង្គារបានបង្កើនការព្យាកររបស់ខ្លួនសម្រាប់កំណើនតម្រូវការប្រេងរបស់ចិននៅឆ្នាំ២០២៣ ដោយសារការបន្ធូរបន្ថយវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

បើទោះជាដំឡើរការព្យាករពីតម្រូវការប្រេងរបស់ប្រទេសចិនក្តី ក៏អង្គការ OPEC បានរក្សាការព្យាកររបស់ខ្លួនសម្រាប់តម្រូវការប្រេងពិភពលោកនៅដដែលដោយលើកឡើងពីហានិភ័យធ្លាក់ចុះដែលអាចកើតមានលើកំណើនពិភពលោក។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍ប្រចាំខែរបស់អង្គការ OPEC ថា តម្រូវការប្រេងពិភពលោកនៅឆ្នាំ២០២៣ នឹងកើនឡើង ២,៣៤លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ឬ ២,៣ភាគរយ។ ចំនួននេះមិនមានការប្រែប្រួលទេបើធៀបនឹងការព្យាករកាលពីខែមុន។

បើទោះជាតម្រូវការប្រេងរបស់ចិនច្រើនជាងមុនអាចគាំទ្រដល់ទីផ្សារប្រេងក្តី ក៏តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងសប្តាហ៍នេះ ខណៈដែលការដួលរលំរបស់ធនាគារ Silicon Valley បានបង្កឱ្យមានការភ័យខ្លាចអំពីវិបត្តិហិរញ្ញវត្ថុថ្មី។ អង្គការ OPEC បានលើកឡើងពីហានិភ័យធ្លាក់ចុះដែលអាចកើតមានសម្រាប់សេដ្ឋកិច្ចពិភពលោកពីការកើនឡើងអត្រាការប្រាក់។

អង្គការ OPEC បាននិយាយនៅក្នុងរបាយការណ៍ដដែលនេះថា៖ «ការបើកចំហរប្រទេសឡើងវិញរបស់ប្រទេសចិន បន្ទាប់ពីបានដកចេញគោលនយោបាយកូវីដសូន្យដ៏តឹងរឹងនឹងបន្ថែមសន្ទុះខ្លាំងដល់កំណើនសេដ្ឋកិច្ចពិភពលោក»។

អង្គការនេះបានបន្ថែមថា៖ «ការកើនឡើងយ៉ាងឆាប់រហ័សនៃអត្រាការប្រាក់ និងកម្រិតបំណុលសកលអាចបណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំង ហើយអាចជះឥទ្ធិពលអវិជ្ជមានដល់សន្ទុះកំណើនសេដ្ឋកិច្ចសកល»។

អង្គការ OPEC រំពឹងថា តម្រូវការប្រេងរបស់ចិននឹងកើនឡើង ៧១០ ០០០បារ៉ែលក្នុងមួយថ្ងៃ ក្នុងឆ្នាំ២០២៣ ធៀបនឹងការព្យាករកាលពីខែមុនដែលមានចំនួនតែ ៥៩០ ០០០បារ៉ែលក្នុងមួយថ្ងៃ និងធៀបនឹងការធ្លាក់ចុះនៅឆ្នាំ២០២២។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕