(ភ្នំពេញ)៖ កម្ពុជា-ចិន បានឯកភាពប្ដេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យកើនឡើងលើស ១២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣នេះ តាមរយៈគោលនយោបាយរដ្ឋាភិបាលនៃប្រទេសទាំង២ បានធ្វើកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍រួមគ្នាលើវិស័យសំខាន់ៗជាច្រើន។

នេះជាការលើកឡើងរបស់លោក ឈួន ដារ៉ា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងឱកាសលោកអញ្ជើញចូលរួម ក្នុងកម្មវិធីបើកវេទិកាផ្សព្វផ្សាយពិព័រណ៍ចិន-អាស៊ាន លើកទី២០ ដែលរៀបចំឡើងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ។

លោក ឈួន ដារ៉ា បានថ្លែងឲ្យដឹងថា កម្ពុជា និងចិនបានបង្កើតទំនាក់ទំនងការទូតជាមួយគ្នា អស់រយៈពេល៦៥ឆ្នាំមកហើយ តាមរយៈទំនាក់ទំនងការទូតនេះភាគីទាំង២ កម្ពុជា-ចិនបានបង្កើនចំណងមិត្តភាពទ្វេភាគីកាន់តែរឹងមាំ និងស៊ីជម្រៅពីមួយឆ្នាំទៅមួយឆ្នាំ និងបានក្លាយទៅជាមិត្តភាពដែកថែប មិនអាចកាត់ផ្តាច់បានក្នុងការរួមគ្នាកសាង វឌ្ឍនភាព វិបុលភាព និងការយល់ចិត្តថ្លើមគ្នា។

កម្ពុជា-ចិន បានក្លាយជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ចាប់តាំងពីឆ្នាំ២០១០ កន្លងមក ហើយចំណងមិត្តភាពនេះ ចាប់ផ្តើមមានអានុភាពខ្លាំងឡើងទ្វេដង និងទទួលបានផលប្រយោជន៍ទាំងសងខាង។

លោកបានបន្ដថា «ចក្ខុវិស័យរបស់រដ្ឋាភិបាលនៃប្រទេសទាំង២ កម្ពុជា-ចិន ក្នុងក្របខណ្ឌគោលនយោបាយវិថីសូត្រ ខ្សែក្រវាត់សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវត្សទី២១ បានប្តេជ្ញាខិតខំរួមគ្នា ជំរុញការកសាងសហគមន៍ជោគវាសនាតែមួយកម្ពុជា-ចិន និងប្ដេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងលើស ១២ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣នេះ»

តាមរយៈគោលនយោបាយនេះ រដ្ឋាភិបាលនៃប្រទេសទាំង២ បានធ្វើកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍រួមគ្នាលើវិស័យសំខាន់ៗ វិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ការកសាងសមត្ថភាព តំបន់សេដ្ឋកិច្ចពិសេស វប្បធម៌ និងទេសចរណ៍ ហិរញ្ញវត្ថុ និងការការពារអេកូបរិស្ថាន ហើយថ្មីៗនេះកម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដែលធ្វើឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ កាន់តែរីកចម្រើនមួយកម្រិតទៀត ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មសរុបកម្ពុជា-ចិន សម្រេចបានជាង ១១ ៦៨៦លានដុល្លារ កើនឡើងប្រមាណ៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

លោកបានបញ្ជាក់ ផលិតផលសក្ដានុពលរបស់កម្ពុជា ក្នុងការនាំចេញទៅកាន់ប្រទេសចិនមានដូចជា អង្ករ, ស្វាយចន្ទី, ចេក, ស្វាយ និងផលិតផលសក្ដានុពលជាច្រើនទៀត។

លោក ឈួន ដារ៉ា បានបញ្ជាក់ពីវេទិកាផ្សព្វផ្សាយពិព័រណ៍ចិន-អាស៊ាន លើកទី២០ ឆ្នាំ២០២៣ ក្នុងនោះក្រសួងពាណិជ្ជកម្ម នឹងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រៀបចំវេទិកាធុរកិច្ច វិនិយោគ និងទេសចរណ៍ក្នុងអំឡុងពេលពិព័រណ៍ ដោយស្នើសុំភាគីចិន ផ្តល់កិច្ចសហការរៀបចំដើម្បីធានាបានលទ្ធផលល្អប្រសើរ។

លោក អ៊ូ គួកឈាន ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម អមស្ថានទូតចិន ប្រចាំកម្ពុជា បានលើកឡើងថា ពិព័រណ៍ចិន-អាស៊ាន គឺជាវេទិកាដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការបើកចំហរ រវាងប្រទេសចិន និងអាស៊ាន។

ជារៀងរាល់ឆ្នាំពិព័រណ៍ចិន-អាស៊ាន បានអញ្ជើញថា្នក់ដឹកនាំប្រទេសចិន និងបណ្តាប្រទេសអាស៊ាន រដ្ឋមន្ត្រីជាភ្ញៀវកិត្តិយស និងអ្នកដឹកនាំធុរកិច្ច ឱ្យចូលរួមជាមួយគ្នា ដើម្បីបង្កើតការឯកភាពគ្នា បង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅ។

លោកបានបន្ដថា ពិព័រណ៍ចិន-អាស៊ានលើកទី២០ នឹងបង្កើតឱកាសអាជីវកម្មកាន់តែច្រើន សម្រាប់សហគ្រាសកម្ពុជា៕