(ភ្នំពេញ)៖ ក្រុមការងារចម្រុះ ដើម្បីត្រួតពិនិត្យកាតព្វកិច្ចបិទតែមប្រិ៍អាករប្រភេទថ្មីសម្រាប់បារី (ក្រុមការងារចម្រុះតែមប្រិ៍) របស់អគ្គនាយកដ្ឋានពន្ធដារ (អពដ) និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) នៅថ្ងៃទី១៣ ខែមីនា​ ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយការអនុវត្តកាតព្វកិច្ចបិទតែមប្រិ៍អាករប្រភេទថ្មីសម្រាប់បារី។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់លោកបណ្ឌិត ម៉ិញ បានកុសល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ និងជាសហប្រធានក្រុមការងារចម្រុះតែមប្រិ៍។

លោកបណ្ឌិត ម៉ិញ បានកុសល បានគូសបញ្ជាក់ថា កន្លងមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញនូវប្រកាស និងបទប្បញ្ញត្តិមួយចំនួន ពាក់ព័ន្ធនឹងការអនុវត្តកាតព្វកិច្ចបិទតែមប្រិ៍អាករសម្រាប់បារី ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ ស្របតាមស្ថានភាពនៃការប្រកបអាជីវកម្ម និងការវិវឌ្ឍនៃសេដ្ឋកិច្ចជាតិ។

លោកបណ្ឌិត ក៏បានស្នើដល់សហគ្រាសប្រកបអាជីវកម្មលើផលិតផលបារីទាំងអស់ ឲ្យចូលរួមប្រកាសបង់ពន្ធលើប្រាក់ចំណូល ឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ចៀសវាងរងនូវការកំណត់ពន្ធឡើងវិញ ដោយការធ្វើសវនកម្ម ឬការស៊ើបអង្កេតបទល្មើសពន្ធដារដែលត្រូវទទួលរងនូវការពិន័យ ឬទោសទណ្ឌផ្សេងៗយ៉ាងធ្ងន់ធ្ងរ។ លើសពីនោះទៀត ព្រមទាំងអាចឈានដល់ចោទប្រកាន់ពីបទល្មើសលាងលុយ ដែលត្រូវទទួលរងនូវទោសព្រហ្មទណ្ឌថែមទៀតផង។

សូមជម្រាបថា សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការអនុវត្តកាតព្វកិច្ចបិទតែមប្រិ៍អាករប្រភេទថ្មីសម្រាប់បារី» ផ្តោតសំខាន់លើប្រធានបទ សំខាន់ៗចំនួន ៣ រួមមាន៖

ទី១៖ ច្បាប់ និងបទប្បញ្ញាតិ្តពាក់ព័ន្ធនឹងកាតព្វកិច្ចបិទតែមប្រិ៍អាករប្រភេទថ្មីសម្រាប់បារី ព្រមទាំងវិធាននៃការត្រួតពិនិត្យការអនុវត្តកាតព្វកិច្ចតែមប្រិ៍អាករប្រភេទថ្មីសម្រាប់បារី ដោយលោក ម៉ឹង សុខឡៅ អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃ អគ្គនាយកដ្ឋានពន្ធដារ និងជាអនុប្រធានក្រុមការងារ

ទី២៖ បទប្បញ្ញាតិ្តពាក់ព័ន្ធនឹងការនាំចូលបារី ដោយលោក ហោ ស៊ីណាត ជំនួយការនាយកដ្ឋានរដ្ឋាករ នៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

ទី៣៖ ការបោះពុម្ភផ្សាយសារព្រមានសុខភាពលើកញ្ចប់ផលិតផលថ្នាំជក់ ដោយលោកស្រីវេជ្ជបណ្ឌិត រ៉ាយ រ៉ានី ប្រធានផ្នែកថ្នាំជក់ ឬសុខភាព នៃមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព តំណាងក្រសួងសុខាភិបាល៕