(ភ្នំពេញ)៖ រយៈពេល២ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានជាក់ស្តែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ ជាង៥៣៩លានដុល្លារ ស្មើនឹងជាង១៥% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី កិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកុម្ភៈ និងសម្រាប់រយៈពេល ២ខែ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

កិច្ចប្រជុំនេះ បានរៀបចំធ្វើឡើង ក្រោមអធិបតីភាពរបស់លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ។

សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់យ៉ាងដូច្នេះថា «សរុបរយៈពេល២ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន២,១៨៣.៨៩ ប៊ីលានរៀល (ប្រមាណជា ៥៣៩.២៣ លានដុល្លារ) ស្មើនឹង១៥.១០% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣ ប្រៀបធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២២ ឃើញថា កើនឡើងចំនួន ១០៩.៣៣ប៊ីលានរៀល (ប្រមាណជា២៧.០០លានដុល្លារ) ស្មើនឹង៥.២៧%»

ចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបង្ហាញថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន ជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារមានចំនួន ៩៦៦.៣២ ប៊ីលានរៀល (ប្រមាណជា ២៣៨.៦០លានដុល្លារ) ស្មើនឹង៦.៦៨% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែកុម្ភៈ ឆ្នាំ២០២២ ឃើញថា កើនឡើងចំនួន ៥៩.២៩ ប៊ីលានរៀល (ប្រមាណជា១៤.៦៤លានដុល្លារ) ស្មើនឹង៦.៥៤%៕

លោក គង់ វិបុល បានឲ្យដឹងទៀតថា លើសពីនេះ សម្រាប់រយៈពេល ២ខែ ឆ្នាំ២០២៣ ចំណូលពីប្រភេទពន្ធសំខាន់ៗបានរក្សាកំណើនធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះ ពន្ធលើប្រាក់ចំណូល ១៤.៧៩%, អាករលើតម្លៃបន្ថែម ៨.៩៣%, និងពន្ធលើប្រាក់បៀវត្ស ១១.០១%៕