(សិង្ហបុរី)៖ អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បានឱ្យដឹងនៅថ្ងៃចន្ទថា ប្រព័ន្ធធនាគារសិង្ហបុរីមាន «ការប៉ះពាល់តិចតួច» ទៅនឹងធនាគារ Silicon Valley (SVB) និងធនាគារ Signature Bank ដែលបានដួលរលំក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ នេះបើយោងតាមកាសែត Channel News Asia។

កាសែត Channel News Asia បានរាយការណ៍ដោយដកស្រង់ សេចក្តីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយដោយអាជ្ញាធរ MAS ថា «ធនាគារនៅក្នុងប្រទេសសិង្ហបុរី មានមូលធនគ្រប់គ្រាន់ និងអនុវត្តការតេស្តសុខភាពហិរញ្ញវត្ថុ (stress tests) ជាទៀងទាត់ធៀបនឹងអត្រាការប្រាក់ និងហានិភ័យផ្សេងទៀត»

សេចក្តីប្រកាសព័ត៌មានដដែលនេះបានឱ្យដឹងថា «ស្ថានភាពសាច់ប្រាក់ងាយស្រួល របស់ពួកគេមានសុខភាពល្អ គាំទ្រដោយមូលដ្ឋានមូលនិធិដែលមានស្ថិរភាព និងចម្រុះ»

អាជ្ញាធររូបិយវត្ថុ MAS បានបន្ថែមថា កត្តាទាំងនេះនឹងអនុញ្ញាតឱ្យធនាគារទាំងនោះទប់ទល់ នឹងភាពតានតឹងដែលអាចកើតមាន ពីការវឌ្ឍហិរញ្ញវត្ថុសកលនានា។

កាលពីថ្ងៃសុក្រ និយតករអាមេរិកបានបិទធនាគារ Silicon Valley ដែលជាការក្ស័យធនក្នុងវិស័យធនាគារដ៏ធំបំផុត របស់ប្រទេសនេះ ចាប់តាំងពីកើតមានវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨មក។

ធនាគារ Silicon Valley ដែលមានឯកទេស ក្នុងការផ្តល់ហិរញ្ញប្បទាន ដល់ក្រុមហ៊ុនអាជីវកម្មទើបបង្កើតថ្មី មានទ្រព្យសកម្មចំនួន ២០៩ពាន់លានដុល្លារ និងប្រាក់បញ្ញើប្រមាណ ១៧៥,៤ពាន់លានដុល្លារអាមេរិក គិតត្រឹមដំណាច់ឆ្នាំ២០២២។ អាជ្ញាធរអាមេរិកបានរឹបអូសទ្រព្យសម្បត្តិ របស់ធនាគារនេះ បន្ទាប់ពីប្រាក់បញ្ញើលែងអាចឱ្យធនាគារនេះដំណើរការបាន ដោយខ្លួនឯងទៀតបាន។

ស្រដៀងគ្នានេះដែរ ធនាគារ Signature Bank ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក ត្រូវបានបិទដោយនិយតកររដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ដោយធ្វើឱ្យទីផ្សារពិភពលោកជ្រួលច្របល់ និងបានធ្វើឱ្យប្រាក់បញ្ញើរាប់ពាន់លានដុល្លាររបស់ក្រុមហ៊ុន និងវិនិយោគិន ដែលជាអតិថិជនរបស់ធនាគារជាប់គាំង។

នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន អាជ្ញាធរ MAS បាននិយាយថា ប្រព័ន្ធធនាគាររបស់ប្រទេសសិង្ហបុរីនៅតែ «រឹងមាំ និងមានភាពធន់» ក្នុងគ្រាដែលមានការប្រែប្រួលកាន់តែខ្លាំង នៅក្នុងទីផ្សារហិរញ្ញវត្ថុពិភពលោក បន្ទាប់ពីមានការបិទធនាគារទាំងពីរនេះ។ នេះបើយោងតាមកាសែត Channel News Asia៕