(ប៉េកាំង)៖ នាយករដ្ឋមន្ត្រីថ្មីរបស់ចិន គឺលោក លី ឈាង (Li Qiang) កាលពីថ្ងៃចន្ទបានព្យាយាម ផ្តល់ការធានាជាថ្មី ដល់វិស័យឯកជនរបស់ប្រទេសចិន ដោយថ្លែងថា បរិយាកាសសម្រាប់អាជីវកម្មសហគ្រិន នឹងប្រសើរឡើង និងថាការប្រព្រឹត្តិដោយស្មើភាព នឹងផ្តល់ជូនក្រុមហ៊ុនទាំងអស់ ដោយមិនគិតពីប្រភេទកម្មសិទ្ធិ។

កាសែត Channel News Asia បានរាយការណ៍ថា លោក លី ដែលជាអតីតប្រធានបក្សកុម្មុយនិស្ត នៅទីក្រុងសៀងហៃ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ចិន កាលពីថ្ងៃសៅរ៍ក្នុងអំឡុងពេលសម័យប្រជុំប្រចាំឆ្នាំ នៃសភាប្រជាជនចិន ហើយលោកត្រូវបានផ្តល់ភារកិច្ចស្តារសេដ្ឋកិច្ចធំបំផុតទីពីរ របស់ពិភពលោកឡើងវិញ បន្ទាប់ពីរយៈពេលបីឆ្នាំ ស្ថិតក្នុងវិបត្តិជំងឺកូវីដ។

ដោយបង្ហាញខ្លួនជា សាធារណៈលើកដំបូងរបស់លោក នៅក្នុងសន្និសិទដែលគ្របដណ្តប់ ដោយប្រព័ន្ធផ្សព្វផ្សាយដ៏ធំទូលំទូលាយ សម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតី ស៊ី ជីនពីង រូបនេះបាននិយាយថា ប្រទេសចិននឹងចាត់វិធានការ ដើម្បីបង្កើនការងារ និងបានជំរុញឱ្យមន្ត្រីគ្រប់ជាន់ថ្នាក់ «បង្កើតមិត្ត» ជាមួយសហគ្រិន។

លោក លី ដែលមានវ័យ ៦៣ឆ្នាំបានថ្លែងនៅក្នុងវិមាន Great Hall of the People នាទីក្រុងប៉េកាំងបន្ទាប់ពីបិទសម័យប្រជុំសភាថា៖ «ការអភិវឌ្ឍសេដ្ឋកិច្ច គឺជាដំណោះស្រាយជាមូលដ្ឋាន សម្រាប់ការបង្កើតការងារ»

លោក លី ប្រឈមនឹងបញ្ហាមនានា រួមទាំងទំនុកចិត្តទាប ក្នុងចំណោមអ្នកប្រើប្រាស់ និងឧស្សាហកម្មឯកជន តម្រូវការនាំចេញធ្លាក់ចុះ និងទំនាក់ទំនងកាន់តែអាក្រក់ជាមួយសហរដ្ឋអាមេរិក។ នេះបើយោងតាមកាសែត Channel News Asia៕