(ហ្សឺណែវ)៖ ជប៉ុនបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ខ្លួនបានចូលរួមក្នុងយន្តការដោះស្រាយជម្លោះពាណិជ្ជកម្មមួយដែលត្រូវបានបង្កើតឡើងបណ្តោះអាសន្នដើម្បីជំនួសស្ថាប័នដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការចូលរួមរបស់ជប៉ុនជាមួយអង្គភាពមជ្ឈត្តកម្មឧទ្ធរណ៍បណ្តោះអាសន្នពហុភាគី (MPIA) នេះត្រូវបានអ្នកសង្កេតការណ៍មើលឃើញថាអាចជំរុញប្រទេសផ្សេងទៀតនាំគ្នាចូលរួមបន្ថែមទៀតផងដែរ។

ស្ថាប័នដោះស្រាយជម្លោះជាន់ខ្ពស់របស់អង្គការ WTO ដែលដោះស្រាយវិវាទពាណិជ្ជកម្ម បានជាប់គាំងមិនដំណើរការអស់រយៈពេលជាងពីរឆ្នាំមកហើយដោយសារការជាប់គាំងលើការតែងតាំងចៅក្រមថ្មីក្នុងអំឡុងរដ្ឋបាលរបស់អតីតប្រធានាធិបតី Donald Trump។ សហរដ្ឋអាមេរិកដែលបន្តជំទាស់ទៅនឹងការអំពាវនាវឱ្យមានការតែងតាំងចៅក្រមឱ្យបានឆាប់រហ័សនោះ ជំនួសមកវិញកំពុងដឹកនាំការពិភាក្សានានាអំពីរបៀបកែប្រែស្ថាប័នដោះស្រាយជម្លោះនេះឡើងវិញ។

ក្រសួងសេដ្ឋកិច្ចជប៉ុនបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្នុងនាមជាវិធានការដោះស្រាយជម្លោះបណ្តោះអាសន្នរហូតទាល់តែស្ថាប័នដោះស្រាយជម្លោះ [របស់អង្គការ WTO] ដំណើរការឡើងវិញ រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តចូលរួមជាមួយ MPIA»។ ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបលោក Valdis Dombrovskis តាមរយៈបណ្តាញសង្គម Twitter បានស្វាគមន៍ចំពោះការចូលរួមរបស់ជប៉ុន ដោយនិយាយថា ច្បាប់ពាណិជ្ជកម្មសកលគឺជា «របងការពារដ៏ល្អបំផុតប្រឆាំងនឹងការបែកបាក់សេដ្ឋកិច្ច»

យោងតាមគេហទំព័ររបស់ MPIA ប្រទេសជប៉ុនដែលជាអ្នកប្រើប្រាស់ជាប្រចាំនូវប្រព័ន្ធដោះស្រាយជម្លោះរបស់អង្គការ WTO រួមទាំងនៅក្នុងករណីថ្មីៗនេះជាមួយប្រទេសកូរ៉េខាងត្បូងផងនោះ គឺជាសមាជិកទី២៦ ដែលចូលរួមក្នុងអង្គភាពមជ្ឈត្តកម្មឧទ្ធរណ៍ MPIA នេះ។ ភាគីផ្សេងទៀតរួមមានទាំងសហភាពអឺរ៉ុប កាណាដា និងប្រេស៊ីលផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕