(ភ្នំពេញ)៖ អ្នកជំនាញចំនួនបានលើកឡើងពីគន្លឹះខ្លះៗ ដែលសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (SME) គួរអនុវត្ត ដើម្បីទាក់ទាញបាននូវដៃគូសហការជាមួយវិនិយោគិនជប៉ុន ដែលធ្វើឱ្យដំណើរការអាជីវកម្មរបស់ខ្លួន កាន់តែល្អប្រសើរ។

លោក ឃឹម លាង អនុប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន (CJBI) មានប្រសាសន៍ថា បន្ទាប់ពីជំងឺកូវីដ១៩ បានធូរស្រាល វិនិយោគជប៉ុនជាច្រើនបានមកកម្ពុជា និងបានមកទំនាក់ទំនងជាមួយ CJBI ដើម្បីស្វែងយល់ពីឱកាសវិនិយោគ ដែលនេះគឺជាឱកាសមួយសម្រាប់សហគ្រិន និងម្ចាស់ SME ក្នុងការសហការជាមួយវិនិយោគិនទាំងនោះ ដើម្បីពង្រីកអាជីវកម្ម និងជួយដល់ដំណើរការអាជីវកម្មឱ្យកាន់តែល្អប្រសើរ។

លោកបន្ថែមថា «វិនិយោគិនជប៉ុនមកកម្ពុជា បានកើនឡើងជារៀងរាល់ឆ្នាំ។ ក្រៅតែពីគាត់មកធ្វើអាជីវកម្មផ្ទាល់ខ្លួន ក៏គាត់ត្រូវការដៃគូ ចាប់ដៃគូជាមួយអាជីវករ ឬវិនិយោគិនខ្មែរដែរ។ អីចឹងនេះជាឱកាសដែលខ្មែរ និងជប៉ុនចាប់ដៃគ្នា ក្នុងវិស័យពាណិជ្ជកម្ម។ យើងដឹងហើយផលនៃការចាប់ដៃគ្នា មិនមែនត្រឹមតែមួយបូកមួយស្មើនឹងពីរទេ គឺបានផលច្រើនជាងពីរហ្នឹងទៀត។ ក្រុមហ៊ុនជប៉ុនខ្លះគេនាំបច្ចេកវិទ្យាមកផ្ទេរមកឱ្យភាគីខ្មែរយើង ទន្ទឹមនឹងនេះភាគីជប៉ុន ក៏អាចរៀនសូត្រពីខ្មែរយើងវិញបានដែរ»។

លោកមើលឃើញថា វិនិយោគិនកម្ពុជា ក៏កំពុងស្វែងរកដៃអាជីវកម្មពីជប៉ុនផងដែរ ប៉ុន្តែយ៉ាងណាក្តី ដើម្បីឈានទៅចាប់ដៃគូ ជាមួយវិនិយោគិនជប៉ុន បានទាល់តែសហគ្រិនខ្មែរ ពង្រឹងសមត្ថភាពខ្លួនឯងឱ្យខ្លាំងជាមួយមុនសិន ជាពិសេសទាក់ទងនឹងការគ្រប់គ្រងអាជីវកម្ម តម្លៃភាព គណនេយ្យភាពជាដើម។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា «អ្វីដែលខ្ញុំដឹងកន្លងមកខាងភាគីជប៉ុន ដែលគាត់ទាមទារពីខាងខ្មែរយើងទាក់ទងទៅនឹងសមត្ថភាព ក្នុងការគ្រប់គ្រងអាជីវកម្ម បើនិយាយឱ្យចំទៅ គឺការគ្រប់គ្រងផ្ទៃក្នុង ដូចជាបញ្ជីចំណូល ចំណាយ ផ្នែកហិរញ្ញវត្ថុ បុគ្គលិក ជាពិសេសការគ្រប់គ្រងឯកសារឱ្យមានភាពច្បាស់លាស់»។

លោក តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី «តេជោ» ជំរុញឱ្យSME នៅកម្ពុជា ផ្លាស់ប្តូរពីការធ្វើអាជីវកម្មបែបគ្រួសារ ទៅជាសាជីវកម្ម ដែលមានការចុះបញ្ជីត្រឹមត្រូវ មានលទ្ធភាពក្នុងការប្រើប្រាស់ប្រព័ន្ធបញ្ជីគណនេយ្យ និងការទទួលបានកម្ចី ដើម្បីធ្វើឱ្យអាជីវកម្មរបស់ពួកគេកាន់តែរឹងមាំ និងមានសក្តានុពល ដែលជាចំណុចទាក់ទាញដៃគូវិនិយោគបរទេស។

លោកលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មទាំងអស់ទៅចុះបញ្ជី ប្រសិនបើពួកគេចង់ស្វែងរកដៃគូសហការ ជាពិសេសវិនិយោគិនមកពីជប៉ុន ព្រោះបើពួកគេមិនចុះបញ្ជីអាជីវកម្មឱ្យបានត្រឹមត្រូវស្របច្បាប់នោះទេ វិនិយោគិននឹងមិនពិចារណា ក្នុងការសហការជាមួយឡើយ។

លោកគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងដឹងថាពួកគាត់មិនអាចចុះបញ្ជីភ្លាមទេ ប៉ុន្តែយើងចង់ពង្រឹងនិងព្យាយាមផ្លាស់ប្តូរ ពីអាជីវកម្មបែបគ្រួសារ ទៅជាអាជីវកម្មជាទម្រង់ពាណិជ្ជកម្ម ដែលមានការប្រកួតប្រជែង ប្រើប្រាស់និតិវិធីក្នុងការគ្រប់គ្រងគណនីឱ្យបានត្រឹមត្រូវ ឬការគ្រប់គ្រងបុគ្គលិកទៀតសោត។ វាសំខាន់ណាស់ទី១ ទាក់ទាញវិនិយោគទុន ទៅលើការវិនិយោគរបស់គាត់ និងមានលទ្ធភាពទទួលបានកម្ចីទុនពីធនាគារផ្សេងៗ ដើម្បីពង្រីកអាជីវកម្មរបស់គាត់»

លោកសង្កេតឃើញថា បច្ចុប្បន្ននេះ SME កម្ពុជាមិនទាន់ដល់មានកម្រិត ដែលអាចប្រកួតប្រជែងបានទេ ដោយសារតែមិនទាន់បានធ្វើទំនើបកម្ម លើផលិតកម្ម ទំនិញនៅមានតម្លៃថ្លៃ រួមផ្សំនឹងការវេចខ្ចប់ក៏មិនទាន់បានល្អ។

បើតាមការអង្កេតចុងក្រោយរបស់ក្រសួងផែនការបច្ចុប្បន្ននេះ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាមានប្រមាណ ៧៥ម៉ឺនសហគ្រាស ប៉ុន្តែក្នុងចំណោមនេះមានតែ ១២%ប៉ុណ្ណោះដែលបានចុះបញ្ជី។ នេះបើតាមលើកឡើងរបស់លោក តាំង ងួនលី។

បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្ដិសហគ្រិនខ្មែរ លើកឡើងថា ប្រសិនបើ SME កម្ពុជាអាចសហការជាមួយដៃគូបរទេសបាន គឺជាឱកាសល្អមួយ សម្រាប់ម្ចាស់អាជីវកម្មក្នុងស្រុក ដែលធ្វើឱ្យពួកគេមានលទ្ធភាពកាន់តែច្រើន ក្នុងការនាំចេញទំនិញទៅក្រៅប្រទេស។

លោកបន្ថែមថា SME ដែលអាចទាក់ទាញការសហការជាមួយវិនិយោគិនជប៉ុនបាន គឺម្ចាស់អាជីវកម្មដែលគាត់បានធ្វើការនៅប្រទេសជប៉ុន ហើយត្រឡប់មកស្រុកវិញ ព្រោះពួកគេយល់ដឹងពីតម្រូវការ របស់ប្រជាជនជប៉ុន និងមានបណ្តាញស្រាប់ ដែលអាចផលិតនិងចេញទៅប្រទេសនេះ ឱ្យត្រូវនឹងតម្រូវការ។

លោកបន្តថា ចំពោះការពង្រឹងសមត្ថភាពគ្រប់អាជីវកម្ម ពួកគេអាចទាក់ទងមកស្ថាប័នទាំងបួនរួមមាន មជ្ឈមណ្ឌលសហប្រតិបត្តិកម្ពុជា-ជប៉ុន (CJCC) សមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន (CJBI) សហគ្រិនខ្មែរ (KE) និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» (TSC) ដែលស្ថាប័នទាំង៤នេះ នឹងរួមគ្នាគាំទ្រសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈការពង្រឹងសមត្ថភាព ក្នុងការគ្រប់គ្រងអាជីវកម្ម ក៏ដូចជាផ្តល់ឱកាសដល់ម្ចាស់សហគ្រាស ក្នុងការពង្រីកបណ្តាញទំនាក់ទំនងឱ្យឆ្ពោះទៅរក ការអភិវឌ្ឍអាជីវកម្ម ប្រកបដោយចីរភាព និងលទ្ធភាព និងឱកាសទទួលបានហិរញ្ញវត្ថុកាន់តែប្រសើរឡើង និងការកសាងទំនាក់ទំនងអាជីវកម្មរវាងកម្ពុជា និងក្រុមហ៊ុនជប៉ុន៕