(ញូវដែលី)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបានឱ្យដឹងថា សហរដ្ឋអាមេរិក និងប្រទេសឥណ្ឌានឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយស្តីពីឧបករណ៍អេឡិចត្រូនិចស៊ីមីកុងដាក់ទ័រ (semiconductors) ខណៈដែលប្រទេសទាំងពីរពិភាក្សាអំពីការសម្របសម្រួលការវិនិយោគ និងបន្តការសន្ទនាជុំវិញគោលនយោបាយនានា ដើម្បីជំរុញការវិនិយោគឯកជន។

លោក Gina Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌារយៈពេលបួនថ្ងៃ ត្រូវបានអមដំណើរដោយនាយកប្រតិបត្តិក្រុមហ៊ុនអាមេរិកចំនួន១០ ហើយគ្រោងនឹងជួបជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌានៅថ្ងៃសុក្រ។

លោក Raimondo ត្រូវបានស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ប្រទេសទាំងពីរនឹងធ្វើផែនទីខ្សែសង្វាក់ផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិចស៊ីមីកុងដាក់ទ័ររួមគ្នា និងកំណត់ឱកាសសម្រាប់ការបណ្តាក់ទុនរួមគ្នា និងដៃគូបច្ចេកវិទ្យា។

ប្រទេសឥណ្ឌាបាននិងកំពុងស្វែងរកការទាក់ទាញការវិនិយោគធំៗបន្ថែមទៀត ក្រោមផែនការលើកទឹកចិត្តដែលមានទឹកប្រាក់ ១០ពាន់លានដុល្លារសម្រាប់ការផលិតបន្ទះឈីប និងអេក្រង់ ដែលមានបំណងក្លាយជាប្រទេសដ៏សំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។

កាលពីឆ្នាំមុន ប្រទេសស្ថិតនៅក្នុងតំបន់អាស៊ីខាងត្បូងមួយនេះបានបង្កើនការគាំទ្រផ្នែកសារពើពន្ធសម្រាប់រោងចក្រផលិតគ្រឿងអេឡិចត្រូនិកស៊ីមីកុងដាក់ទ័រក្នុងស្រុកថ្មីៗ ដើម្បីរ៉ាប់រង ៥០ភាគរយនៃតម្លៃគម្រោង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕