(តូក្យូ)៖ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Mitsubishi Motors Corp គ្រោងនឹងបំពាក់បច្ចេកវិទ្យាអគ្គិសនីទៅកាន់រថយន្តរបស់ខ្លួន ១០០ភាគរយនៅឆ្នាំ២០៣៥ តាមរយៈផលិតកម្មរថយន្តកូនកាត់ និងរថយន្តអគ្គិសនី (EV)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ក្រុមហ៊ុន Mitsubishi គឺជាសមាជិកតូចជាងគេនៅក្នុងសម្ព័ន្ធភាពក្រុមហ៊ុនផលិតរថយន្តបារាំង Renault SA និងក្រុមហ៊ុន Nissan Motor Co ដែលកាលពីខែមុនបានប្រកាសពីកិច្ចព្រមព្រៀងក្នុងការរៀបចំសម្ព័ន្ធភាពរបស់ពួកគេឡើងវិញ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្ដីរាយការណ៍របស់កាសែតប្រចាំថ្ងៃជប៉ុន Yomiuri Shimbun ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រថា ក្រុមហ៊ុន Mitsubishi កន្លងមកធ្លាប់បានឱ្យដឹងថា រថយន្តចំនួន ៥០ភាគរយក្នុងចំណោមរថយន្តទាំងអស់របស់ខ្លួននឹងត្រូវបំពាក់បច្ចេកវិទ្យាថាមពលអគ្គិសនីនៅឆ្នាំ២០៣០។ កាសែត Yomiuri បានរាយការណ៍ថា គោលដៅនេះនឹងមិនផ្លាស់ប្តូរទេ ដោយនឹងបោះជំហានឆ្ពោះទៅមុខជាមួយនឹងការបំពាក់បច្ចេកវិទ្យាអគ្គិសនីក្នុងរយៈពេល ៥ឆ្នាំខាងមុខ។

ក្រុមហ៊ុន Mitsubishi ក៏មានគម្រោងដាក់បង្ហាញរថយន្តអគ្គិសនីនៅអឺរ៉ុបផងដែរ ដោយនិយាយថា ក្រុមហ៊ុននឹងប្រកាសផែនការរបស់ខ្លួនក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕