(ហាណូយ)៖ ទិន្នន័យរបស់រដ្ឋាភិបាលវៀតណាមបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា ការនាំចេញរបស់វៀតណាមបានធ្លាក់ចុះ ១០ភាគរយក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារការធ្លាក់ចុះតម្រូវការសកលនៅតែបន្តប៉ះពាល់ដល់ការនាំចេញរបស់ប្រទេសនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍ចេញផ្សាយដោយនាយកដ្ឋានគយវៀតណាមថា ការនាំចេញក្នុងអំឡុងខែមករាដល់ខែកុម្ភៈបានធ្លាក់ចុះមកនៅត្រឹម ៤៩,៦៤ពាន់លានដុល្លារអាមេរិកដោយសារការធ្លាក់ចុះការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងគ្រឿងអេឡិចត្រូនិច ដែលប្រទេសនេះផ្គត់ផ្គង់ឱ្យក្រុមហ៊ុនលំដាប់ពិភពលោកធំៗ។

របាយការណ៍ដដែលបានបង្ហាញថា ការនាំចូលក្នុងរយៈពេលពីរខែនេះបានធ្លាក់ចុះ ១៦,៧ភាគរយមកនៅត្រឹម ៤៦,២ពាន់លានដុល្លារ ដែលបង្កើតឱ្យមានអតិរេកពាណិជ្ជកម្មចំនួន ៣,៤៤ពាន់លានដុល្លារ។

ការនាំចេញសម្លៀកបំពាក់សម្រាប់ខែមករាដល់ខែកុម្ភៈបានធ្លាក់ចុះ ១៩,៦ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមកត្រឹម ៤,៥៥ពាន់លានដុល្លារ ខណៈដែលការនាំចេញស្បែកជើងបានធ្លាក់ចុះ ១៦ភាគរយមកនៅត្រឹម ២,៧៦ពាន់លានដុល្លារ។

ប្រទេសវៀតណាមបានរាយការណ៍ពីកំណើនសេដ្ឋកិច្ចខ្ពស់ ៨ភាគរយកាលពីឆ្នាំមុន ប៉ុន្តែសេដ្ឋវិទូបានព្រមានថា ប្រទេសនេះប្រឈមនឹងបញ្ហាជាមួយនឹងការធ្លាក់ចុះតម្រូវការពិភពលោក។

ក្រុមហ៊ុន Pou Chen Corp របស់កោះតៃវ៉ាន់ ដែលជាក្រុមហ៊ុនផលិតស្បែកជើងកីឡាដ៏ធំបំផុតរបស់ពិភពលោក និងជាអ្នកផ្គត់ផ្គង់ធំមួយដល់ក្រុមហ៊ុន Nike និងក្រុមហ៊ុន Adidas គ្រោងនឹងកាត់បន្ថយការងារប្រហែល ៦ពាន់កន្លែងក្នុងប្រទេសវៀតណាមនៅឆ្នាំនេះ ដោយសារតម្រូវការធ្លាក់ចុះ។

របាយការណ៍របស់នាយកដ្ឋានគយដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា នៅក្នុងខែកុម្ភៈ ការនាំចេញសរុបរបស់វៀតណាមបានកើនឡើង ១០,៣ភាគរយធៀបនឹងខែមករាដល់ ២៦,០៥ពាន់លានដុល្លារ ខណៈដែលការនាំចូលកើនឡើង ១,៣ភាគរយស្មើនឹង ២៣,២៥ពាន់លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕