(ភ្នំពេញ)៖ ទីប្រឹក្សាការវិនិយោគទីផ្សារដែលកំពុងរីកចម្រើន (Emerging Markets Investment Advisers (EMIA)) ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានប្រកាសពីការវិនិយោគដំបូងរបស់ខ្លួននៅកម្ពុជា ដោយការសហការជាមួយក្រុមហ៊ុនអេមរុរ៉ាយស៍ (Amru Rice) តាមរយៈមូលនិធិថ្មីរបស់ខ្លួនគឺមូលនិធិទីផ្សារព្រំដែនអាស៊ាន (ASEAN Frontier Markets Fund (AFMF) ដើម្បីលើកកម្ពស់កម្ពុជា ក្នុងនាមជាអ្នកផលិត និងនាំចេញអង្ករគុណភាពខ្ពស់។

លោកឧកញ៉ា សុង សារ៉ន ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន អេមរុរ៉ាយស៍ បានស្វាគមន៍ EMIA ក្នុងការចូលរួមកិច្ចការងារជាមួយគ្នា ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យស្រូវអង្ករនៅកម្ពុជា។

លោកបន្តថា«វត្តមានដ៏រឹងមាំនិងយូរអង្វែងរបស់ EMIA នៅក្នុងតំបន់ និងប្រកបដោយបណ្តាញទំនាក់ទំនងយ៉ាងទូលំទូលាយ ស្តែងពីតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ពួកយើង ខណៈដែលក្រុមហ៊ុនរបស់យើងបានឆ្លងកាត់នូវដំណាក់កាលបន្ទាប់ នៃដំណើរបំពេញបេសកកម្មរបស់យើង។ យើងពិតជាក្តីសោមនស្សចំពោះការប្តេជ្ញាចិត្តរបស់ EMIA លើដំណើរអភិវឌ្ឍន៍របស់អ្នកវិនិយោគទាំងផ្នែកពាណិជ្ជកម្ម និងការអនុវត្តអភិបាលកិច្ចនិងសង្គម (ESG)»។

លោកមានប្រសាសន៍ទៀតថា ការវិនិយោគរបស់មូលនិធិទីផ្សារព្រំដែនអាស៊ាន (AFMF) ត្រូវបានគេរំពឹងថានឹងមានការកើនឡើងខ្ពស់ និងជាកាតាលីករសម្រាប់ អេមរុរ៉ាយស៍ ក្នុងការពន្លឿនកំណើនអាជីវកម្មរបស់ខ្លួន និងអនុវត្តរបៀបវារៈការអនុវត្តអភិបាលកិច្ចនិងសង្គម (ESG) និងអាកាសធាតុ ដើម្បីផលប្រយោជន៍សំខាន់ៗដល់ភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់”។

លោក ម៉ៅ សាវីន ប្រធាន EMIA Cambodia និងជាអ្នកដឹកនាំនូវកិច្ចព្រមព្រៀងសម្រាប់ អេមរុរ៉ាយស៍ មានប្រសាសន៍ថា «ជាមួយនឹងបេសកកម្មគាំទ្រដល់ក្រុមហ៊ុនដែលមានទស្សនវិជ្ជារួមដូចគ្នាជាមួយ AFMF លើការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ EMIA ជឿជាក់ថាភាពជាដៃគូនេះនឹងគាំទ្រដល់ក្រុមហ៊ុន អេមរុរ៉ាយស៍ ក្នុងការរីកចម្រើន និងពង្រីកអាជីវកម្មបន្ថែមទៀត ដើម្បីបង្កើនចំណែករបស់កម្ពុជានៅក្នុងទីផ្សារអង្ករពិភពលោក ជាពិសេសទីផ្សារអង្ករសរីរាង្គដែលមានតម្លៃខ្ពស់។ ខ្ញុំទន្ទឹងរង់ចាំការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយ អេមរុរ៉ាយស៍ ដើម្បីបង្កើតផលវិជ្ជមានកាន់តែច្រើនលើវិស័យស្រូវអង្ករ អ្នកពាក់ព័ន្ធសំខាន់ៗ និងសហគមន៍ដែល អេមរុរ៉ាយស៍ សហការជាមួយ។»

លោក Joshua Morris នាយកប្រតិបត្តិនៃ EMIA បានលើកឡើងថា ជាមួយនឹងទម្រង់អាជីវកម្មដែលរីកចម្រើនយ៉ាងឆាប់រហ័សរបស់ អេមរុរ៉ាយស៍ និងតួនាទីដ៏ពិសេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាវិធីសាស្រ្តដែលមិនធ្លាប់មានពីមុនមកក្នុងការពង្រឹងសមត្ថភាពសង្គម និងការការពារបរិស្ថាន ពិតជាបានស្តែងឱ្យឃើញពីលក្ខណៈរបស់ក្រុមហ៊ុន ដែលចង់គាំទ្រ។

លោកបន្ថែមថា ៖«ភាពជាដៃគូនេះក៏បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការកសាងអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត តម្លាភាព និងនិរន្តរភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ យើងទន្ទឹងរង់ចាំការពង្រីកបណ្តាញក្រុមហ៊ុនតម្លៃបន្ថែមរបស់យើង ដែលជំរុញដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ច បរិស្ថាន និងសង្គមរបស់ទីផ្សារក្នុងស្រុក»។

ចាប់ផ្តើមក្នុងនាមជាក្រុមហ៊ុនពាណិជ្ជកម្មអង្ករតូចមួយដែលបានបើកដំណើរការក្នុងឆ្នាំ ២០១១ រហូតដល់ការធ្វើសមាហរណកម្មជាអ្នកផលិត និងអ្នកនាំចេញអង្ករនាពេលបច្ចុប្បន្ន អេមរុរ៉ាយស៍ ផ្តោតចម្បងលើសុខុមាលភាពរបស់កសិករដែលជាស្នូលនៃប្រតិបត្តិការរបស់ក្រុមហ៊ុន។ ជាមួយនឹងចក្ខុវិស័យក្នុងការការគាំទ្រដល់កសិករខ្នាតតូចឱ្យរួចផុតពីភាពក្រីក្រ អេមរុរ៉ាយស៍ ធ្វើការជាមួយកសិករក្នុងស្រុកជាង ២ម៉ឺននាក់ ក្នុងនោះស្ត្រីមានរហូតដល់ទៅជាង ៥០% តាមរយៈគំរូកសិកម្មតាមកិច្ចសន្យា ដោយផ្តល់ជូននូវប្រព័ន្ធលើកទឹកចិត្តបប្រកបដោយដោយសមភាព និងកម្មវិធីអភិវឌ្ឍសមត្ថភាព ក្នុងចំណោមកម្មវិធីដទៃទៀតដើម្បីបង្កើតឱ្យមាននិរន្តរភាពនិងបរិយាបន្ននៃខ្សែសង្វាក់ផ្គត់ផ្គង់។

ជាមួយនឹងការបោះជំហានចូលទៅក្នុងភាពប្រកួតប្រជែងខ្ពស់ដើម្បីសហការជាមួយនឹងកសិករ និងចាប់យកនូវការអនុវត្តផលិតកម្មកសិកម្មដ៏ល្អបំផុត ផលិតផលរបស់ អេមរុរ៉ាយស៍ ពិតជាបាននិងកំពុងទទួលបានជំហររឹងមាំនៅក្នុងការប្រកួតប្រជែងជាសកល។ ផលិតផលអង្កររបស់ អេមរុរ៉ាយស៍ ទទួលបានបានគាំទ្រនិងស្វាគមន៍ក្នុងរូបភាពវិជ្ជមានពីសំណាក់អតិថិជននៅទូទាំងសហភាពអឺរ៉ុប អាមេរិកខាងជើង និងបណ្តាប្រទេសអាស៊ី ដែលឆ្លុះបញ្ចាំងពីតួនាទីកាន់តែលេចធ្លោរបស់ អេមរុរ៉ាយស៍ ក្នុងការពង្រឹងវត្តមានអង្ករកម្ពុជានៅលើឆាកអន្តរជាតិ។

ក្នុងនាមជាតួអង្គដ៏សំខាន់ និងមានឥទ្ធិពលក្នុងវិស័យស្រូវអង្កររបស់ប្រទេសកម្ពុជា អេមរុរ៉ាយស៍ ប្ដេជ្ញាចិត្តក្នុងការអភិវឌ្ឍមិនត្រឹមតែទៅលើភាពជោគជ័យនៃអាជីវកម្មប៉ុណ្ណោះទេ ថែមទាំងទៅលើនិរន្តរភាព និងក្រមសីលធម៌នៃអាជីវកម្ម ដោយការអនុវត្តនូវស្តង់ដារបរិស្ថានខ្ពស់បំផុត ការអនុវត្តអភិបាលកិច្ចនិងសង្គម (ESG)៕