(ភ្នំពេញ)៖ រយៈពេល២ខែដើមឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិសម្រេចបានជាង ៦.៨ពាន់លានដុល្លារ ថយចុះ ២១.៨%​។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ។

យោងតាមរបាយការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ​រយៈពេល២ខែដើមឆ្នាំនេះ គឺខែមករា ដល់ខែកុម្ភៈ ​កម្ពុជានាំចេញទំនិញ​ក្នុងតម្លៃជាង ៣.២ពាន់លានដុល្លារ ថយចុះ ៨.៦% និងនាំចូលមកវិញក្នុងតម្លៃជាង ៣.៥ពាន់លានដុល្លារ ថយចុះ៣០.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

​ប្រទេស​ដែលសម្រេច បានទំហំពាណិជ្ជកម្មជាមួយកម្ពុជាច្រើនជាងគេ គឺប្រទេសចិន ដែលមានទំហំ ១.៧ពាន់លានដុល្លារ ថយចុះ១៥​% ក្នុងនោះកម្ពុជានាំចេញទៅចិន ក្នុងតម្លៃ១៩៨លានដុល្លារ ថយចុះ៥.៥% និងនាំចូលពីចិន ក្នុងតម្លៃ១.៥ពាន់លានដុល្លារ ថយចុះ១៦.២%។
ចំណែកសហរដ្ឋអាមេរិកដែលស្ថិតក្នុងលេខរៀងទី២ សម្រេចបាននូវទំហំពាណិជ្ជកម្ម ១.១ពាន់លានដុល្លារ ថយចុះ២០.៤% ដោយកម្ពុជានាំចេញទៅប្រទេសនេះ មានតម្លៃជាង១.១ពាន់លានដុល្លារ ថយចុះ២០.២% និងនាំចូលមកវិញក្នុងតម្លៃ៣៩លានដុល្លារ ថយចុះ២៤​.៥%។

ដោយឡែកទំហំពាណិជ្ជកម្មជាមួយវៀតណាម សម្រេចបានជាង១ពាន់លានដុល្លារ កើនឡើង១៤.២%។ ក្នុងនោះកម្ពុជា នាំចេញទៅវៀតណាមក្នុងតម្លៃ ៤៩១លានដុល្លារ កើនឡើង៣៦.១% និងនាំចូលមកវិញក្នុងតម្លៃជាង៥៩៣លានដុល្លារ កើនឡើង ០.៧%។
ចំណែកការធ្វើពាណិជ្ជកម្មជាមួយប្រទេសថៃសម្រេចបាន ៦៥៦លានដុល្លារ ថយចុះ៩.៤% និងប្រទេសជប៉ុនសម្រេចបាន២៩៨លានដុល្លារ ថយចុះ០.៥%។

បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បាន​សម្គាល់ថា ប្រទេសទាំងអស់នៅលើសាកលលោក បានជួបវិបត្តិនូវបញ្ហាសង្វាក់ផ្គត់ផ្គង់ និងតម្រូវការ ដោយសារតែវិបត្តិសេដ្ឋកិច្ច ដែលកំពុងកើតមាននាពេលបច្ចុប្បន្ន បានធ្វើឱ្យអ្នកប្រើប្រាស់​កាត់បន្ថយនូវតម្រូវការ។​ ការកាត់បន្ថយនូវតម្រូវការនេះ អាចបណ្តាលមកពីការឡើងថ្លៃនៃវត្ថុធាតុដើម ការដឹកជញ្ជូនឡើងថ្លៃ ស្របជាមួយនឹងការកើនឡើងនៃអតិផរណា ដែលធ្វើឱ្យអ្នកប្រើប្រាស់កាត់បន្ថយ នូវទំនិញដែលមិនសូវចាំបាច់ ដើម្បីកាត់បន្ថយចំណាយប្រចាំថ្ងៃ។​

លោកកត់សម្គាល់ផងដែរថា កាលពីឆ្នាំ២០២២ ការនាំចេញផលិតផលសម្លៀកបំពាក់របស់កម្ពុជា​ សន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ដែលកត្តានេះនាំឱ្យការនាំចេញនៅដើមឆ្នាំនេះថយចុះ​។

ជាមួយគ្នានេះ បញ្ហាភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិក និងបញ្ហាសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ក៏បានជះឥទ្ធិពលការធ្វើពាណិជ្ជកម្មផងដែរ​ ​​តាមរយៈការបែកចែកប្លុកសេដ្ឋកិច្ច ពោលគឺការធ្វើពាណិជ្ជកម្មរបស់ប្រទេសខ្លះ បានធ្វើឡើងតែជាមួយប្រទេសដែលមាននិន្នាការគាំទ្ររៀងៗខ្លួន។

លោកពន្យល់បន្តថា «និន្នាការបែងចែកប្លុកសេដ្ឋកិច្ច ទៅតាមនយោបាយភូមិសាស្រ្តនេះ ក៏ជាបញ្ហាមួយដែលធ្វើឱ្យសង្វាក់ផ្គត់ផ្គង់មានបញ្ហា ហើយតម្រូវការមួយចំនួនក៏មានការថយចុះ។ ហេតុនេះកម្ពុជា ក៏ទទួលរងឥទ្ធិពលនៃបញ្ហាការកាត់ចម្រៀកនៃនយោបាយភូមិសាស្រ្ត របស់មហាអំណាច ហើយក៏ទទួលរងឥទ្ធិពលនៃសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងបញ្ហាកូវីដ១៩ ដែលបន្តយាយីបន្តដែរ»