(វៀតណាម)៖ កម្ពុជា-វៀតណាមឯកភាព បានឯកភាពពិនិត្យលទ្ធភាពពន្លឿននីតិវិធីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទំនិញឆ្លងកាត់រវាងកម្ពុជា-វៀតណាម ដើម្បីបញ្ចូលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ​(ព្រៃវែង)-តឺនណាម(តៃនិញ) ​ដែលជាការសម្រួលដល់ការនាំចេញ និងនាំចូលទំនិញរវាងប្រទេសទាំងពីរ។

​ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Tran Quoc Khanh អនុរដ្ឋមន្រ្តីក្រសួងឧស្សហកម្ម និងពាណិជ្ជកម្មវៀតណាម លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ​បានលើកឡើងពីការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ដើម្បីជំរុញវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោកបានស្នើសុំភាគីវៀតណាម ពិនិត្យលទ្ធភាពពន្លឿននីតិវិធីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទំនិញឆ្លងកាត់រវាងកម្ពុជា-វៀតណាម ដើម្បីបញ្ចូលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ​(ព្រៃវែង)-តឺនណាម(តៃនិញ) ដោយនាពេលបច្ចុប្បន្ន គូភាគីនៅរង់ចាំតែ ពិធីសម្ភោធជាផ្លូវការនៃច្រកអន្តរជាតិនេះ ដោយប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ប៉ុណ្ណោះ។

ជុំវិញសំណើរនេះ លោក Tran Quoc Khanh អនុរដ្ឋមន្រ្តីក្រសួងឧស្សហកម្ម និងពាណិជ្ជកម្មវៀតណាម បានលើកឡើងថា ភាគីវៀតណាម ​កំពុងឆ្លងនីតិវិធីផ្ទៃក្នុង​ ដោយបានបញ្ជូនអត្ថបទកិច្ចព្រមព្រៀងជូនរដ្ឋាភិបាលវៀតណាមពិនិត្យរួចរាល់ហើយ និងបានរំពឹងថាភាគីទាំងពីរ នឹងអាចបញ្ចប់នីតិវិធីផ្ទៃក្នុងរៀងៗខ្លួន នាពេលដ៏ខ្លីខាងមុខ។

ទន្ទឹមនឹងនេះ ​លោកបានឯកភាពនឹងពន្លឿននីតិវិធីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទំនិញឆ្លងកាត់រវាងកម្ពុជា-វៀតណាម ដើម្បីបញ្ចូលច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ(ព្រៃវែង)-តឺនណាម(តៃនិញ) តាមដែលអាចធ្វើបាន ស្របពេលដែលថ្នាក់ដឹកនាំកំពូលទាំងពីរគ្រោងនឹងសម្ភោធច្រកទ្វារអន្តរជាតិនេះ នាពេលដ៏ខ្លីខាងមុខ។

ក្នុងកិច្ចជំនួបពិភាក្សា​នេះដែរ ភាគីទាំងពីរ ថែមទាំងបានពិភាក្សា​ ​អំពីនីតិវិធី និងយន្តការនានា សម្រាប់ជួយសម្រួលដល់ការនាំចេញស្ករសកម្ពុជាចូលទៅទីផ្សារវៀតណាម ដើម្បីចៀសវាងការបង់ពន្ធក្រោមវិធានការប្រឆាំងនឹងការបង្វែរទិសដៅទំនិញ។

​កម្ពុជា-វៀតណាម បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើរ និងបន្តអនុវត្តការងារតាមការណែនាំរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ សំដៅជំរុញវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដែលបម្រើដល់ឧត្តមផលប្រយោជន៍សេដ្ឋកិច្ច ​ និងប្រជាជននៃប្រទេសទាំងពីរ​។

យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមមានតម្លៃជាង៦ពាន់លានដុល្លារ កើនឡើង១៩.៦% ក្នុងនោះកម្ពុជា​ នាំចេញទៅវៀតណាមក្នុងតម្លៃជាង២ពាន់លានដុល្លារ កើនឡើង៩.២%​ និងនាំទំនិញពីវៀតណាមមកវិញក្នុងតម្លៃ ជិត៤ពាន់លានដុល្លារ កើនឡើង២៦.២%៕