(ភ្នំពេញ)៖ ការផ្លាស់ប្តូរនៃសេដ្ឋកិច្ចពិភពលោក ទាមទារឱ្យកម្ពុជា បន្តផ្តល់ការយកចិត្តទុកដាក់លើវិស័យសំខាន់ៗ ជាពិសេសពាក់ព័ន្ធនឹងការអភិវឌ្ឍសហគ្រិនភាព ដែលដើរតួនាទីជាកាតាលីករ សម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ។

សហគ្រិនភាព មានសមត្ថភាពបង្កើនភាពប្រកួតប្រជែង របស់ប្រទេសកម្ពុជា នៅក្នុងទីផ្សារពិភពលោក តាមរយៈការបង្កើតអាជីវកម្មថ្មី ឱកាសការងារ ប្រកបដោយកាលានុវត្តភាព និងនវានុវត្តន៍។

ដើម្បីចូលរួមដោះស្រាយបញ្ហានានា នៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជា, នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣, ក្រុមប្រឹក្សាបរធនបាលមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំលើកទី១៤ ក្រោមអធិបតីភាពលោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នៅទីស្ដីការសហគ្រិនខ្មែរ។

កិច្ចប្រជុំនេះ ដោយមានការចូលរួមពីលោក ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាបរធនបាល, បណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ", អ្នកឧកញ៉ា សៀ ឬទ្ធី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប, លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន អាយឌីខាប់ភីថល, លោក Michael Tan ស្ថាបនិក និងជាអគ្គនាយក AQUARII SG Pte Ltd, លោក ធី ហ៊ន់ មន្រ្តីជាន់ខ្ពស់នៃស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC, លោក ហៀង ចាន់ នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន Prelim, លោក ជា កុកហុង ប្រធានលេខាធិការដ្ឋាន មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព និងបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ។

កិច្ចប្រជុំលើកទី១៤នេះ ក្នុងគោលបំណងអនុម័តផែនការសកម្មភាពឆ្នាំ ២០២៣ របស់សហគ្រិនខ្មែរ និងកំណត់ទិសដៅយុទ្ធសាស្រ្តបន្ថែម សម្រាប់ឆ្នាំ ២០២៣ ដើម្បីបន្តបេសកកម្មចូលរួមកសាងប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពកម្ពុជាឱ្យមានភាពរស់រវើក។

ជាលទ្ធផល, អង្គប្រជុំបានសម្រេចអនុម័តផែនការសកម្មភាពឆ្នាំ ២០២៣ របស់សហគ្រិនខ្មែរ ដោយបានធ្វើការវាយតម្លៃខ្ពស់ចំពោះការខិតខំ អនុវត្តកម្មវិធីគោលទាំង០៤ រួមមាន កម្មវិធីកសាងសមត្ថភាពសហគ្រិន កម្មវិធីផ្សព្វផ្សាយវប្បធម៌សហគ្រិនភាព កម្មវិធីបង្កើតបណ្តាញទំនាក់ទំនងធុរកិច្ច កម្មវិធីទីផ្សារ និងវិនិយោគ ដែលទទួលបានវឌ្ឍនភាពការងារល្អប្រសើរ និងសមិទ្ធផលជាផ្លែផ្កា។

ទន្ទឹមនេះ ក្រុមប្រឹក្សាបរធនបាលក៏បានផ្ដល់គោលការណ៍ណែនាំបន្ថែម ដល់ក្រុមការងារក្នុងការអនុវត្តកម្មវិធី និងសកម្មភាពរបស់ខ្លួន តាមរយៈអភិក្រម ០២ ថ្នាក់ (two-tiered approach) រួមមាន ១) អភិក្រមទូទៅ៖ អនុវត្តកម្មវិធីដែលមានស្រាប់ និងមានតម្រូវការខ្ពស់ ដើម្បីបន្តគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និង ២) អភិក្រមយុទ្ធសាស្រ្ត៖ អនុវត្តកម្មវិធីបន្ថែម ដែលមានចរិតលក្ខណៈយុទ្ធសាស្រ្តអាទិភាព និងមានគោលដៅធានាបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ ដោយផ្តោតលើការបង្កើតគុណតម្លៃបន្ថែមលើ ផលិតផល, សហគ្រាស និងទីតាំងភូមិសាស្រ្ត ជាក់លាក់ណាមួយ នៅក្នុងវិស័យអាទិភាព។
ទន្ទឹមនឹងនេះ សហគ្រិនខ្មែរនឹងសិក្សាលទ្ធភាព ក្នុងការរៀបចំកម្មវិធីដើម្បីជួយគាំទ្រ ដល់ធុរកិច្ចក្រៅប្រព័ន្ធ និងធុរកិច្ចដែលមានសក្តានុពល ក្នុងគោលបំណងផ្សារភ្ជាប់ទីផ្សារនាំចេញផលិតផលក្នុងស្រុក, បង្កើនការផ្គត់ផ្គង់វត្ថុធាតុដើម សម្រាប់ផលិតកម្មក្នុងស្រុក និងកាត់បន្ថយការនាំចូលជាដើម៕