(បាត់ដំបង)៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបើសាខាថ្មីរបស់ខ្លួនមួយទៀត នៅខេត្តបាត់ដំបង ដើម្បីសម្រួលដល់បងប្អូនប្រជាកសិករ ឲ្យកាន់តែងាយស្រួលជាងមុន ក្នុងការទទួលបានឥណទានមានការប្រាក់ទាប។

បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបញ្ជាក់ថា ការបើកសាខាថ្មីនេះ មិនត្រឹមតែផ្តល់សេវាជូនបងប្អូនកសិកម្មនៅខេត្តបាត់ដំបងប៉ុណ្ណោះទេ ថែមទាំងអាចឲ្យកសិករនៅ ខេត្តបន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ និងសៀមរាប មកទទួលសេវានៅទីនេះផងដែរ។

តាមការបញ្ជាក់របស់លោកបណ្ឌិត សម្រាប់ខេត្តបាត់ដំបង ARDB បានផ្តល់ឥណទានជិត ៣០ភាគរយនៃឥណទានសរុប ដោយជួយដល់កសិករ លើការងារដាំដុះស្រូវ ឃ្លាំងម៉ាស៉ីនកិនស្រូវ ឡរសម្ងួតស្រូវ ការកែច្នៃផលិតផលកសិកម្ម ផ្នែកចិញ្ចឹមសត្វ វារីវប្បកម្ម និង សហគ្រាសខ្នាតតូច និងមធ្យមជាដើម។

បណ្ឌិត កៅ ថាច បានបន្តទៀតថា ដោយទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាអាណាព្យាបាល ធនាគារ ARDB បានពង្រីកបណ្តាញប្រតិបត្តិការជាការិយាល័យចល័តចំនួន១៥ នៅតាមបណ្តាខេត្ត ដើម្បីផ្តល់សេវាធនាគារជូនប្រជាកសិករ សហគមន៍កសិកម្ម រោងម៉ាស៊ីនកិនស្រូវ សហគ្រាសធុនតូចនិងមធ្យម ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។

លោក​បន្តថា ក្នុងគោលបំណងផ្តល់សេវាធនាគារពេញលេញតាមបណ្តាខេត្ត ដែលមានសក្កានុពល ធនាគារ ARDB បានសម្រេចបង្កើតសាខាខេត្តបាត់ដំបងនេះ ដើម្បីផ្តល់សេវាធនាគារឱ្យកាន់តែទូលំទូលាយ និងផ្តល់ភាពងាយស្រួលដល់អតិថិជន ដូចជា ការផ្តល់ឥណទាន, ការធ្វើប្រតិបត្តិការដក-ដាក់ប្រាក់បញ្ញើ, ការធ្វើប្រតិបត្តិការផ្ទេរបា្រក់, ការធ្វើប្រតិបត្តិការទូទាត់សងប្រាក់ និងប្រតិបត្តិការធនាគារផ្សេងៗទៀត។ លើសពីនេះ ដើម្បីពង្រីកវិសាលភាពការទូទាត់អន្តរធនាគារ ធនាគារ ARDB បានទទួលការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ចូលជាសមាជិកប្រព័ន្ធបាគង ដែលមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន ៤៦ ជាសមាជិក។

បណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្តែងការគាំទ្រ និងអបអរសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនំា ព្រមទំាងបុគ្គលិកទំាងអស់របស់ធនាគារ ARDB ក្នុងការពង្រីកវិសាលភាពប្រតិបត្តិការរបស់ធនាគារនៅតាមបណ្តាខេត្ត-ក្រុង និងទីជនបទ។

លោកបណ្ឌិត បានសំណូមពរដល់បងប្អូនប្រជាកសិករ សហគមន៍កសិកម្ម ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ម្ចាស់សហគ្រាសផលិត និងកែច្នៃផលិតផលកសិកម្ម បន្តចូលរួមគាំទ្រ និងប្រើប្រាស់សេវាធនាគារ ARDB សំដៅពង្រីកមូលដ្ឋានអាជីវកម្មរបស់ខ្លួន ដើម្បីចូលរួមស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

សូមជម្រាបថា ធនាគារ ARDB ជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៨ ជាធនាគារឯកទេស ដោយធ្វើប្រតិបត្តិការចម្បងផ្តោតលើការផ្តល់ឥណទាន ដល់អតិថិនជន និងឥណទាន បោះដុំដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីផ្តល់ឥណទានបន្តជូនប្រជាកសិករ និងសហគមន៍កសិកម្ម។

បន្ទាប់មកនៅឆ្នាំ២០១៩ ដោយទទួលបានសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាល ធនាគារ ARDB បានប្រែក្លាយពីធនាគារឯកទេស ទៅជាធនាគារពាណិជ្ជ ដើម្បីធ្វើប្រតិបត្តិការសេវាធនាគារពេញលេញជូនអតិថិជន។ ក្នុងរយៈពេល២៥ឆ្នាំនេះ ធនាគារ ARDB បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសវិស័យស្រូវអង្ករ តាមរយៈការជំរុញឱ្យមានស្ថិរភាពខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងទីផ្សារ និងការលើកទឹកចិត្តឱ្យកសិករផលិតកសិផល ដើម្បីឆ្លើយតបតម្រូវការក្នុងស្រុក កាត់បន្ថយការនាំចូល និងលើកកម្ពស់ការនាំចេញ។

ធនាគារ ARDB បានអនុវត្តកម្មវិធីហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ជាទុនបង្វិល និងទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឃ្លំាងស្តុក ឡសម្ងួតស្រូវ និងការកែច្នៃ នៅតំបន់ខេត្តបាត់ដំបង កំពង់ធំ ព្រៃវែង និងតាកែវ ដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរួមចំណែកគាំទ្រដល់ការនាំចេញអង្ករបាន ១លានតោនក្នុងមួយឆ្នាំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងរក្សាស្ថិរភាពថ្លៃស្រូវ៕