(ប៉េកាំង)៖ ប្រទេសចិនបានផ្តល់ការធានាថា ខ្លួននឹងគាំទ្រដល់ការរៀបចំបំណុលឡើងវិញ របស់ប្រទេសស្រីលង្កា ដែលអាចជម្រុះចោលឧបសគ្គធំបំផុត សម្រាប់ស្រីលង្កា ក្នុងការទទួលបានថវិកាសង្គ្រោះ ២.៩ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ សម្ដីលោកប្រធានាធីបតីស្រីលង្កា Ranil Wickremesinghe ខណៈថ្លែងទៅកាន់សភាជាតិកាលពីថ្ងៃអង្គារថា ប្រទេសស្រីលង្ការំពឹងថា នឹងទទួលបានការអនុម័តលើថវិកាសង្គ្រោះ ពីក្រុមប្រឹក្សាភិបាលរបស់មូលនិធិ IMF ក្នុងរយៈពេលពី ៣ ទៅ ៤សប្តាហ៍ខាងមុខ បន្ទាប់ពីប្រទេសចិន ដែលជាម្ចាស់បំណុលទ្វេភាគីដ៏ធំបំផុតរបស់ខ្លួន បានផ្តល់ការគាំទ្រជាលាយលក្ខណ៍អក្សរ សម្រាប់ការរៀបចំបំណុលឡើងវិញ តាមរយៈធនាគារនាំចេញ-នាំចូលនៃប្រទេសចិន (Export-Import Bank of China) កាលពីថ្ងៃទី៦ ខែមីនា ។

លោកប្រធានាធិបតីបាននិយាយថា អាជ្ញាធរនានាបានចុះហត្ថលេខាលើលិខិតបង្ហាញឆន្ទៈសម្រាប់កម្ចីពីមូលនិធិ IMF កាលពីថ្ងៃចន្ទ។

ប្រាក់រូពីស្រីលង្កាបានឡើងថ្លៃ ៤% ធៀបនឹងប្រាក់ដុល្លារ ខណៈដែលភាគហ៊ុនបានកើនឡើង ២% បន្ទាប់ពីទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ប្រទេសចិនបានផ្តល់ការធានារបស់ខ្លួនដល់ស្រីលង្កា។

លោកប្រធានាធិបតីបានបន្ថែមថា ប្រទេសដែលក្ស័យធននេះរំពឹងថានឹងមានមូលនិធិថ្មីៗពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារពិភពលោក (WB) បន្ទាប់ពីទទួលបានប្រាក់កម្ចីពី IMF ។

ការគាំទ្ររបស់ប្រទេសចិន បានបញ្ចប់ការគាំទ្រដែលស្រីលង្កាត្រូវការពីប្រទេសម្ចាស់បំណុល សម្រាប់ការបើកផ្លូវឱ្យក្រុមប្រឹក្សាភិបាលរបស់មូលនិធិ IMF អនុម័តប្រាក់កម្ចីដែលត្រូវបានយល់ព្រម ដោយក្រុមការងារថ្នាក់បុគ្គលិករបស់មូលនិធិនេះកាលពីខែកញ្ញា។

កិច្ចពិភាក្សាស្តីពីថវិកាសង្គ្រោះនេះ បានអូសបន្លាយពេលអស់ជាច្រើនខែ ខណៈដែលទីក្រុងប៉េកាំងទាមទារ ឱ្យស្ថាប័នពហុភាគីនានា ដូចជាធនាគារពិភពលោកចូលរួមក្នុងការរៀបចំបំណុលឡើងវិញ សម្រាប់ប្រទេសជំពាក់បំណុល ដែលបង្កើនភាពតានតឹងជាមួយសហរដ្ឋអាមេរិក។

ថវិកាសង្គ្រោះនេះនឹងត្រួសត្រាយផ្លូវ សម្រាប់ការផ្តល់មូលនិធិបន្ថែមទៀតសម្រាប់ស្រីលង្កា និងកំណត់ការរៀបចំបំណុលឡើងវិញ សម្រាប់ប្រទេសដែលក្ស័យធននេះ ឱ្យស្ថិតលើផ្លូវប្រកបដោយកាន់តែមានស្ថិរភាព ចាប់តាំងពីក្ស័យធនកាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕