(ភ្នំពេញ)៖ ផ្សារមូលបត្រកម្ពុជា (CSX) បានសម្រេចឯកភាពជាគោលការណ៍ លើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងលក់មូលបត្របំណុល (សញ្ញាបណ្ណបៃតង) ដល់ក្រុមហ៊ុនចំនួន២ រួមមានក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌៀខេសិន ម.ក និងក្រុមហ៊ុន ហ្គ្រីន សីស្ហែនណេប៊ល វេនណ័រ (ខេមបូឌា) ឯ.ក។ នេះបើតាមសេចក្ដីជូនដំណឹង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ។

ដើម្បីអាចចុះបញ្ជី និងជួញដូរជាផ្លូវការ នៅផ្សារមូលបត្រកម្ពុជា ក្រុមហ៊ុនទាំងពីរ ត្រូវតែទទួលបានការអនុញ្ញាតឱ្យបោះផ្សាយលក់មូលបត្រជាសាធារណៈ ពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) និងត្រូវបំពេញនូវលក្ខខណ្ឌផ្សេងៗមួយចំនួនទៀត ពាក់ព័ន្ធនឹងការចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា។

លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានថ្លែងថា នៅពេលក្រុមហ៊ុនទាំងពីរ បំពេញតាមលក្ខខណ្ឌតាមច្បាប់នឹងទទួលបានការអនុញ្ញាតឲ្យបោះផ្សាយលក់មូលបត្រ ពីនិយ័តករមូលបត្រកម្ពុជារួចរាល់ នោះក្រុមហ៊ុនទាំងពីរ អាចមកចុះបញ្ជីលក់មូលបត្រ នៅផ្សារមូលបត្របាន តាមការប៉ានស្មានអាចក្នុងអំឡុងខែមេសា និងឧសភាខាងមុខនេះ។

លោកបញ្ជាក់បន្ថែមថា បូកទាំងក្រុមហ៊ុនទាំងពីរខាងលើ ដើមឆ្នាំ២០២៣នេះ ផ្សារមូលបត្រកម្ពុជាទទួលបានក្រុមហ៊ុនចំនួន៣ហើយ ដែលបោះជំហានចូលផ្សារមូលបត្រ នេះជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ការខំប្រឹងប្រែង បន្ដអភិវឌ្ឍន៍លើវិស័យមូលបត្រ ឲ្យកាន់តែមានប្រយោជន៍ សម្រាប់ម្ចាស់អាជីវកម្ម និងសម្រាប់សេដ្ឋកិច្ចជាតិកម្ពុជា។

លោក ហុង សុហួរ បានបញ្ជាក់បន្ថែមថា នៅសប្ដាហ៍ខាងមុខនេះផ្សារមូលបត្រកម្ពុជា នឹងពិនិត្យលទ្ធភាពស្នើសុំចុះបញ្ជី របស់ក្រុមហ៊ុនធំមួយទៀតផងដែរ៕