(ភ្នំពេញ)៖ ច្បាប់ពន្ធដារថ្មី ដែលរំពឹងថានឹងផ្តល់ការលើកទឹកចិត្ត និងទាក់ទាញវិនិយោគថ្មីៗមកកាន់កម្ពុជានោះ ត្រូវបានលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកពន្ធដារអះអាងថា អាចនឹងត្រូវអនុម័ត និងដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ ប្រហែលជា ២ឬ៣ខែខាងមុខនេះ។

លោក គង់ វិបុល បានថ្លែងថា ច្បាប់ស្ដីពីសារពើពន្ធថ្មីនេះបានបញ្ចប់ការពិភាក្សាគ្នាជាបន្តបន្ទាប់ ជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធ ពិសេសជាមួយក្រសួងយុត្តិធម៌ ដើម្បីធ្វើយ៉ាងណាឲ្យច្បាប់នេះ មានសង្គតិភាពទៅនឹងច្បាប់ដទៃទៀត។

លោកបញ្ជាក់ថា បន្ទាប់ពីបានឯកភាពស្រុះស្រួលគ្នាជាមួយក្រសួងយុត្តិធម៌ហើយ បច្ចុប្បន្នច្បាប់នេះបានចេញពីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ទៅគណៈរដ្ឋមន្រ្ដី ដើម្បីសុំការអនុញ្ញាតពីសម្ដេចតេជោ ហ៊ុន សែន ដាក់ប្រជុំនៅគណៈរដ្ឋមន្រ្ដី បន្ទាប់ពីនេះនឹងដាក់បញ្ជូនទៅកាន់រដ្ឋសភាពិភាក្សា និងសម្រេចអនុម័តបាន។

លោក គង់ វិបុល បានបញ្ជាក់បន្ថែមថា «ច្បាប់នេះអាចនឹងចេញបានក្នុងរយៈពេលឆាប់ៗខាងមុខនេះ តាមការប្ដេជ្ញាចិត្តរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ច្បាប់នេះអាចនឹងចេញមុននីតិកាលទី៧ ពោលអាចអំឡុងពេលប្រមាណ ២-៣ខែខាងមុខ»

លោករដ្ឋមន្ត្រីបន្តថា «ច្បាប់ពន្ធដារថ្មីនេះ ធ្វើឲ្យស្របជាមួយច្បាប់វិនិយោគថ្មី ដែលមានការផ្តល់ការលើកទឹកចិត្តជាហូរហែ ព្រោះច្បាប់វិនិយោគចេញហើយ តែច្បាប់ពន្ធដារមិនទាន់អនុញ្ញាតឲ្យលើកទឹកចិត្ត ក៏អត់ទៅរួចដែរ ដូច្នេះទើបយើងធ្វើយ៉ាងណាឲ្យស៉ីគ្នាជាមួយច្បាប់ពាក់ព័ន្ធដទៃទៀត ដូចជាច្បាប់ព្រហ្មទណ្ឌជាដើម»

ច្បាប់ពន្ធដារ (ចាស់) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៧មកម្ល៉េះ ដូច្នេះដើម្បីឆ្លងតបនឹងការវិវត្តនៃសេដ្ឋកិច្ច ទាមទារឲ្យមានការធ្វើវិសោធនកម្មច្បាប់នេះជាថ្មី៕