(ហ្សាការតា)៖ រដ្ឋមន្ត្រីជាន់ខ្ពស់គណៈរដ្ឋមន្ត្រីឥណ្ឌូណេស៊ីលោក Luhut Pandjaitan បានឱ្យដឹងនៅថ្ងៃចន្ទថា ឥណ្ឌូណេស៊ីនឹងផ្តល់ការលើកទឹកចិត្តសម្រាប់ការជំរុញការលក់រថយន្តអគ្គិសនី (EV) ចាប់ពីថ្ងៃទី២០ ខែមីនាតទៅ ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីពន្លឿនការប្រើប្រាស់យានយន្តអគ្គិសនី និងទាក់ទាញការវិនិយោគពីក្រុមហ៊ុនធំៗដូចជាក្រុមហ៊ុន Tesla ជាដើម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលោក Agus Gumiwang Kartasasmita ក៏បានឱ្យដឹងផងដែរថា កម្មវិធីលើកទឹកចិត្តនេះនឹងគ្របដណ្តប់លើការលក់ម៉ូតូអគ្គិសនីចំនួន ២សែនគ្រឿង និងរថយន្តអគ្គិសនីចំនួន ៣៥ ៩០០គ្រឿង។ លោកបានបន្ថែមថា កម្មវិធីនេះក៏នឹងគ្របដណ្តប់លើម៉ូតូចំនួន ៥ម៉ឺនគ្រឿងដែលបំប្លែងពីម៉ូតូម៉ាស៊ីនចំហេះប្រេងឥន្ធនៈ (combustion engine) ទៅជាម៉ូតូអគ្គិសនីផងដែរ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា រដ្ឋមន្ត្រីទាំងពីរដែលបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទ មិនបានបង្ហាញពីថវិកាដែលបានកំណត់សម្រាប់កម្មវិធីលើកទឹកចិត្តនេះទេ ប៉ុន្តែបាននិយាយថា ទឹកប្រាក់ចំនួន ៧លានរូពៀ (៤៥៧,៨២ដុល្លារ) នឹងត្រូវផ្តល់ទៅឱ្យក្រុមហ៊ុនផលិត និងអ្នកលក់រាយសម្រាប់ម៉ូតូថ្មីនីមួយៗដែលបានលក់ចេញ និងសម្រាប់ម៉ូតូនីមួយៗដែលបានប្តូរទៅជាម៉ូតូអគ្គិសនី។

ប្រទេសឥណ្ឌូណេស៊ីមានបំណងអភិវឌ្ឍរោងចក្រផលិតរថយន្តអគ្គិសនីក្នុងស្រុក ដើម្បីទាញយកអត្ថប្រយោជន៍ពីកំណប់រ៉ែនីកែលដ៏ច្រើនរបស់ខ្លួន ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតអាគុយ។

ដោយមិនបញ្ចេញឈ្មោះក្រុមហ៊ុន លោក Luhut បានថ្លែងថា៖ «យើងកំពុងបញ្ចប់ការចរចាជាមួយក្រុមហ៊ុនផលិតរថយន្តពិភពលោកធំៗចំនួនពីរ។ យើងសង្ឃឹមថា គោលការណ៍ថ្មីនេះនឹងធ្វើឱ្យតួនាទីរបស់យើងកាន់តែរឹងមាំជាងមុន»។ លោកបានបន្ថែមថា៖ «ប្រសិនបើយើងមិនផ្តល់ការលើកទឹកចិត្តទេនោះ ពួកគេនឹងមិនមករកយើងទេ»

នៅពេលសួរអំពីការពិភាក្សាជាមួយក្រុមហ៊ុន Tesla លោក Luhut បាននិយាយថា លោកគ្រោងនឹងពិភាក្សាជាមួយក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិកមួយនេះនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ក្រុមមន្ត្រីឥណ្ឌណេស៊ីបាននិងកំពុងព្យាយាមទាក់ទាញការវិនិយោគពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនានាដូចជាក្រុមហ៊ុន Tesla និងក្រុមហ៊ុន BYD Auto របស់ចិនជាដើម។ ក្រុមហ៊ុន LG និងក្រុមហ៊ុន Hyundai របស់កូរ៉េខាងត្បូងបានចាប់ផ្តើមសាងសង់រោងចក្រដើម្បីផលិតអាគុយ និងរថយន្តអគ្គិសនីនៅក្នុងប្រទេសដែលស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕