(បាងកក)៖ ក្រសួងសុខភាពសាធារណៈថៃបានឱ្យដឹងថា ប្រទេសថៃបានចំណាយប្រាក់សរុបចំនួន ៤៤៤ពាន់លានបាត (១២,៨ពាន់លានដុល្លារ) លើសុខភាពសាធារណៈក្នុងអំឡុងពេល ៣ឆ្នាំនៃការរាតត្បាតជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់ការរីករាលដាល និងចាក់វ៉ាក់សាំងជូនប្រជាជន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួងសុខភាពសាធារណៈថៃកាលពីថ្ងៃអាទិត្យថា ការចំណាយលើការធ្វើតេស្ត និងព្យាបាលជំងឺកូវីដសម្រាប់ប្រជាពលរដ្ឋមានចំនួនច្រើនជាងពាក់កណ្តាលនៃការចំណាយសរុបដែលមានចំនួន ២៦០ពាន់លានបាត (ប្រហែល ៧,៥២ពាន់លានដុល្លារ)។ ដោយដកស្រង់ការសិក្សាផ្ទៃក្នុង ក្រសួងបានឱ្យដឹងថា ការចំណាយលើលទ្ធកម្ម និងចែកចាយវ៉ាក់សាំងត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៧៨ពាន់លានបាត (ប្រហែល ២,២៥ពាន់លានដុល្លារ)។

រដ្ឋាភិបាលថៃបានចំណាយលើការព្យាបាល និងការចាក់វ៉ាក់សាំងសម្រាប់ប្រជាពលរដ្ឋទាំងអស់នៅចន្លោះឆ្នាំ២០២០ និង២០២២ ដោយថវិកាភាគច្រើនបានមកពីថវិកាប្រចាំឆ្នាំ។ ប្រទេសដែលមានសេដ្ឋកិច្ចធំទីពីរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះក៏បានខ្ចីប្រាក់ចំនួន ១,៥ពាន់ពាន់លានបាត (ប្រហែលជាង ៤៣ពាន់លានដុល្លារ) ផងដែរ ដើម្បីជំរុញសេដ្ឋកិច្ច និងមួយផ្នែកគ្របដណ្តប់លើថ្លៃសេវាសុខភាពសាធារណៈសង្គ្រោះបន្ទាន់។

ប្រទេសថៃដែលជាប្រទេសដំបូងគេនៅក្រៅពីប្រទេសចិនដែលបានរាយការណ៍អំពីករណីកើតជំងឺកូវីដ បានទទួលជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលជំងឺនេះក្នុងដំណាក់កាលដំបូងជាមួយនឹងការបិទខ្ទប់ទូទាំងប្រទេស និងបិទព្រំដែនរបស់ខ្លួន មុនពេលរលកនៃការឆ្លងបានវាយលុកប្រទេសក្នុងអំឡុងពេលនៃការផ្ទុះឡើងជំងឺកូវីដប្រភេទដែលតា និងអូមីក្រុង។

ប្រទេសថៃបានរាយការណ៍ថាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤,៧លាននាក់ និងមានអ្នកស្លាប់ចំនួន ៣៣ ៩១១នាក់គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ។ នេះបើយោងតាមអង្គការសុខភាពពិភពលោក។

ក្រសួងសុខភាពសាធារណៈថៃបានឱ្យដឹងថា រដ្ឋាភិបាលក៏បានចំណាយប្រាក់ចំនួន ៥៧,៥ពាន់លានបាតសម្រាប់ជាប្រាក់ជួយដល់ជនរងគ្រោះ និងជាប្រាក់លើកទឹកចិត្តដល់បុគ្គលិកពេទ្យក្នុងរយៈពេលបីឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕