(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសសហគ្រាសចំនួន១០ ដែលបានបង់ពន្ធច្រើនជាងគេក្នុងឆ្នាំ២០២២ និងទទួលបានអនុលោមភាពសារពើពន្ធប្រភេទមាស ដោយទទួលបានលិខិតសរសើរចុះហត្ថលេខាដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លិខិតសរសើរនេះ ត្រូវបានប្រគល់ដោយ គង់ វិបុល នៅសិក្ខាសាលាផ្សព្វផ្សាយស្តីពី «កាតព្វកិច្ចពន្ធលើប្រាក់ ចំណូលប្រចាំឆ្នាំ ការបំពេញទម្រង់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ការស៊ើបអង្កេតបទល្មើសពន្ធដារ និងការប្រឆាំងការសម្អាតប្រាក់» នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ។

ក្រុមហ៊ុនទាំង១០ រួមមាន៖ ១.ក្រុមហ៊ុន HEINEKEN (CAMBODIA) CO., LTD , ២.ADVANCED BANK OF ASIA LIMITED , ៣.ACLEDA BANK PLC , ៤.ក្រុមហ៊ុន PRASAC MICROFINANCE INSTITUTION PLC , ៥.ក្រុមហ៊ុន SMART AXIATA CO., LTD , ៦.ក្រុមហ៊ុន VIETTEL (CAMBODIA) PTE., LTD, ៧.CANADIA BANK PLC , ៨. ក្រុមហ៊ុន CAMBREW LTD , ៩.ក្រុមហ៊ុន ELECTRICITE DU CAMBODGE និង១០. SATHAPANA BANK PLC។

គូសបញ្ជាក់ផងដែរថា លិខិតសរសើរលើកទឹកចិត្តជូនសហគ្រាសសម្រាប់ឆ្នាំ២០២២ នឹងផ្តល់ ជូនសហគ្រាសចំនួន ២០០ ដែលត្រូវទទួលវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទមាស និងបានបង់ពន្ធច្រើនជាងគេក្នុងឆ្នាំទៅតាមលំដាប់ ដោយក្នុងនោះពីលេខរៀងទី១ ដល់ទី ៥០ ចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន និងលេខរៀងទី៥១ ដល់២០០ ចុះហត្ថលេខាដោយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ការផ្តល់ជូនលិខិតសរសើរពីប្រមុខថ្នាក់ដឹកនាំនេះ គឺបានសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ការពង្រឹងវប្បធម៌បង់ពន្ធនិងការលើកទឹកចិត្តដល់អ្នកជាប់ពន្ធ ដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏ សំខាន់ និងជាដៃគូដ៏ចម្បងរបស់រាជរដ្ឋាភិបាល៕