(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី«កាតព្វកិច្ចពន្ធលើប្រាក់ ចំណូលប្រចាំឆ្នាំ ការបំពេញទម្រង់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ការស៊ើបអង្កេតបទល្មើសពន្ធដារ និងការប្រឆាំងការសម្អាតប្រាក់» ដើម្បីផ្សព្វផ្សាយ និងក្រើនរំលឹកឱ្យសហគ្រាសទាំងអស់ប្រកាស និងបង់ពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំ២០២២ ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។

សិក្ខាសាលានេះ បានរៀបចំឡើងក្រោមអធិបតីភាពលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដោយមានវត្តមានចូលរួមរបស់ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ មន្រ្តីនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ លោក ឆាយ ហុង ព្រះរាជអាជ្ញារង សាលា ដំបូងរាជធានីភ្នំពេញ លោក ផាន់ ពិជ័យវិបុល ប្រធាននាយកដ្ឋាននីតិកម្មនិងបណ្តុះបណ្តាលនៃអង្គភាព ស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ព្រមទាំងវត្តមានចូលរួមរបស់លោកឧកញ៉ា សុខ ពិសិដ្ឋ សហប្រធានក្រុមការងារអគ្គនាយកដ្ឋានពន្ធដារ និងវិស័យឯកជន តំណាងសហគ្រាស ភ្នាក់ងារ សេវាកម្មពន្ធដារ ចូលរួមផ្ទាល់ប្រមាណជាង ១១០០នាក់ ព្រមទាំងផ្សាយផ្ទាល់តាមរយៈ Facebook Live របស់ អគ្គនាយកដ្ឋានពន្ធដារ ដោយមានអ្នកចូលទស្សនាប្រមាណជាង ១០០០នាក់ ផងដែរ។

ថ្លែងក្នុងសិក្ខាសាលានេះ លោក គង់ វិបុល បានបង្ហាញថា ទោះបីជាសេដ្ឋកិច្ចកម្ពុជាមិនទាន់មានភាពប្រាកដប្រជា ជាពិសេសនៅក្នុងបរិការណ៍នៃការទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ-១៩ វិបត្តិនៃសង្គ្រាមរុស្សី-អ៊ុយក្រែន ភាពមិនប្រាកដប្រជានៃកត្តាភូមិសាស្ត្រនយោបាយ សម្ពាធអតិផរណា និងភាពតានតឹងនៃស្ថានភាព នយោបាយសកល យ៉ាងណាក្តី ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានសម្រាប់រយៈពេល ១២ខែ ឆ្នាំ២០២២ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារមានចំនួន ១៣ ៩៩៣,២០ ប៊ីលានរៀល (ប្រមាណជា ៣ ៤៥៥,១១ លានដុល្លារអាមេរិក) ស្មើនឹង ១២២,៥៤% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងសម្រាប់ឆ្នាំ២០២២ បើធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថាកើនឡើង ចំនួន ២ ៧០២,៧៣ ប៊ីលានរៀល (ប្រមាណជា ៦៦៧,៣៤ លានដុល្លារអាមេរិក) ស្មើនឹង ២៣,៩៦% ។

លោកបញ្ជាក់ថា លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធល្អប្រសើរនេះ គឺអាស្រ័យដោយការ ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការយកឈ្នះលើវិបត្តិជំងឺកូវីដ-១៩ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឡើងវិញ ព្រមទាំងការយកចិត្តទុកដាក់និងដឹកនាំចង្អុលបង្ហាញដ៏ឈ្លាសវៃរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជា ប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការដឹកនាំរៀបចំនិងសម្រេចបាននូវក្របខ័ណ្ឌជា យុទ្ធសាស្ត្រនានា ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងដាក់ផែនការយ៉ាងមុតស្រួចលើការអនុវត្តកំណែទម្រង់ សំខាន់ៗ និងវិធានការជាយុទ្ធសាស្ត្រនាពេលកន្លងមក ដែលបានជំរុញនិងលើកកម្ពស់អនុលោមភាពសារពើពន្ធនិង ធានាបាននូវការ ប្រកួតប្រជែងដោយស្មើភាព។

ក្នុងឱកាសនោះដែរ លោកបានក្រើនរំលឹកឱ្យសហគ្រាសទាំងអស់ប្រកាស និងបង់ពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំ២០២២ ឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ និងឱ្យបានទាន់ពេលវេលា ដោយកុំរង់ចាំដល់ថ្ងៃផុតកំណត់ចុងក្រោយ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ចៀសវាងនូវបញ្ហានានាជាយថាហេតុ ហើយអគ្គនាយកដ្ឋានពន្ធដារនឹងមិន ពន្យារកាលបរិច្ឆេទកំណត់នេះឡើយ។

លោកបានកត់សម្គាល់ឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អនុលោមភាពសារពើពន្ធមានការកើនឡើងគួឱ្យកត់សម្គាល់ ក៏ប៉ុន្តែនៅតែមានសហគ្រាសធំៗមួយចំនួននៅតែប្រកាសខាតច្រើនឆ្នាំ ព្យាយាមបន្តគេចវេះពន្ធ ហើយទន្ទឹមនឹងគ្នានេះក៏មានរូបភាពនៃការគេចវេះពន្ធនិងបទល្មើសពន្ធដារបានកើតឡើងក្នុងទម្រង់ថ្មីៗ ក៏ប៉ុន្តែ អគ្គនាយកដ្ឋានពន្ធដារបន្តស្រាវជ្រាវ និងចាត់វិធានការដើម្បីទប់ស្កាត់៕